(ភ្នំពេញ)៖ គិតត្រឹមថ្ងៃសៅរ៍ ទី១២ ខែមេសា ឆ្នាំ២០២៥ ក្រោមការណែនាំពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ «សង្រ្កាន្តវត្តភ្នំ» ដើម្បីអបអរសាទរទេវតាឆ្នាំថ្មី ព្រះនាម «គោរាគទេវី» ជាបុត្រីទី២ របស់កបិលមហាព្រហ្ម ត្រូវបានក្រុមការងារជំនាញរដ្ឋបាលរាជធានីភ្នំពេញ, មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ, មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានរៀបចំរួចស្ទើរតែរាល់ហើយ ពោលគឺការងារធំៗ ត្រូវបានក្រុមការងារអនុវត្តបញ្ចប់១០០% អ្វី ដែលនៅសេសសល់នោះ គឺការងារកែច្នៃតិចតូចប៉ុណ្ណោះ គ្មានអ្វីជាដុំកំភួនទេ ដើម្បីទទួលឱ្យបងប្អូនប្រជាពលរដ្ឋ មកចូលរួមលេងកម្សាន្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខាងមុខនេះ។

នេះបើតាមការឱ្យដឹងពីលោកស្រី ដោ សម្ផស្ស នាយិការងរដ្ឋបាល និងជាអ្នកនាំពាក្យសាលារាជធានីភ្នំពេញ នាថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥នេះ។ សង្ក្រាន្តឆ្នាំថ្មីនេះ មានផ្ទាំងទស្សនីយភាពជាច្រើនប្លែកៗពីគ្នា ដែលរួមបញ្ចូលដោយរចនាបថខ្មែរដ៏ស្រស់ស្អាត ត្រូវបានរៀបចំរួចរាល់ សម្រាប់ទទួលទេវតាឆ្នាំថ្មី ឆ្នាំម្សាញ់ ដែលនឹងឈានចូលមកដល់នារយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។

សង្ក្រាន្តវត្តភ្នំ ឆ្នាំ២០២៥ ឆ្នាំម្សាញ់ ព.ស ២៥៦៩ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំកម្មវិធីឱ្យបានអធឹកអធមនៅរមណីយដ្ឋានប្រវត្កិសាស្ត្រវត្តភ្នំ ចំនួន៣ថ្ងៃ ត្រូវនឹងថ្ងៃទី១៤, ១៥ និងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ បន្ថែមពីនេះ សម្រាប់ផ្លូវថ្មើរជើង ឬ Walk Street វិញ ក៏បានរៀបចំមុនថ្ងៃចូលឆ្នាំ២ថ្ងៃ ហើយថែម៣ថ្ងៃ ក្នុងថ្ងៃចូលឆ្នាំ ឡើងដល់ ៥ថ្ងៃ សម្រាប់បម្រើជូនប្រជាពលរដ្ឋ និងទេសចរជាតិ-អន្តរជាតិ កម្សាន្តសប្បាយ។

សង្ក្រាន្តឆ្នាំថ្មីនេះ មានផ្ទាំងទស្សនីយភាពជាច្រើនប្លែកៗពីគ្នាដែលរួមបញ្ចូលដោយរចនាបថខ្មែរដ៏ស្រស់ស្អាត ត្រូវបានរៀបចំរួចរាល់ សម្រាប់ទទួលទេវតាឆ្នាំថ្មី ឆ្នាំម្សាញ់ ដែលនឹងឈានចូលមកដល់ នារយៈពេលប៉ុន្មានថ្ងៃខាងមុខនេះទៀតផង៕