(ភ្នំពេញ)៖ សម្រាប់បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ២០២៥នេះ កំណើនប្រជាពលរដ្ឋ និងបងប្អូន កម្មករ កម្មការិនីរោងចក្រ មកទទួលសេវាកម្ម ដោយជិះរថយន្តក្រុងទៅលេងស្រុកកំណើត មានកំណើនច្រើនជាងបណ្ដាលឆ្នាំមុនៗ ខណៈដែលនៅឆ្នាំ២០២៤ មានប្រមាណជាង៧ម៉ឺននាក់ ហើយប្រជាពលរដ្ឋបានចំណេញពីការដឹកជញ្ជូន មិនគិតថ្លៃបានប្រមាណជាង១លាន២សែនដុល្លារអាមេរិក។
នេះបើតាមការបញ្ជាក់ឲ្យដឹងពី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងឱកាសដែលលោក និងលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជើញជូនដំណើរបងប្អូនប្រជាពលរដ្ឋ កម្មករកម្មការិនីឡើងជិះរថយន្តក្រុង ដោយមិនគិតថ្លៃ នៅទីលានប្រជាធិបតេយ្យ មុខឃ្លាំងសាំង ក្នុងខណ្ឌឬស្សីកែវ នាព្រឹកព្រលឹមថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥នេះ។
លោក ឃួង ស្រេង បានលើកឡើងថា នៅក្នុងឆ្នាំ២០២៥នេះ ប្រជាពលរដ្ឋក៏ដូចជាបងប្អូនកម្មករ កម្មការិនីរោងចក្រ ដែលជិះរថយន្តក្រុងទៅលេងស្រុកកំណើតជួបជុំបងប្អូន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំម្សាញ់២០២៥នេះ មានកំណើនកើនជាងឆ្នាំមុន។ ការកើនចំនួននេះ គឺដោយសារតែបងប្អូនប្រជាពលរដ្ឋ មានជំនឿជឿជាក់លើរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចបវរអធិបតី ហ៊ុន ម៉ាណែត ហើយម្យ៉ាងទៀត ការធ្វើដំណើរដោយរថយន្តក្រុងនេះ ពួកគាត់ទទួលបានសុវត្ថិភាពល្អ។
អភិបាលរាជធានីបានបន្តថា ក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អ្វីដែលជាការលំបាករបស់ប្រជាពលរដ្ឋ គឺជាការលំបាករបស់រាជរដ្ឋាភិបាល។ ដូច្នេះហើយទើបរាជរដ្ឋាភិបាល តែងយកចិត្តទុកដាក់ជាមួយបងប្អូនប្រជាពលរដ្ឋ។ ជាក់ស្ដែងជារៀងរាល់ឆ្នាំ រាជរដ្ឋាភិបាល តែងតែបង្កើតឲ្យមានសេវាកម្ម នៃការដឹកជញ្ជូនប្រជាពរដ្ឋ ទៅលេងស្រុកកំណើត ដោយមិនគិតថ្លៃ នៅក្នុងឱកាសបុណ្យជាតិធំៗម្តងៗ ដើម្បីជួយសម្រួលទៅដល់ជីវភាពរបសពួកគាត់។ ការងារនេះបើយើងមើលមួយភ្លែតគិតថាវាសាមញ្ញា ប៉ុន្តែវាមិនមែនសាមញ្ញពេកទេ រាជរដ្ឋាភិបាលបានគិតគូរពីជីវភាពប្រជាពលរដ្ឋខ្លាំងណាស់ សូម្បីតែមួយកាក់មួយមួយសេន របស់ប្រជាពលរដ្ឋក៏ដោយ។
សូមជម្រាបថា សម្រាប់បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំ២០២៥នេះ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំរថយន្តក្រុង ចំនួន៥៩៧គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ ដោយមិនបង់ប្រាក់ រយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ដើម្បីជួយសម្រួលដល់ការចំណាយរបស់ប្រជាពលរដ្ឋទាំងអស់ ក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ និងទៅកម្សាន្តសប្បាយ សង្ក្រាន្តឆ្នាំថ្មី នៅតាមបណ្តាខេត្តនានា ក្នុងឱកាសអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩៕