(ភ្នំពេញ)៖ នៅព្រលឹមស្រាងៗថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥ អគ្គលេខាធិការដ្ឋានអាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន និងគណ:កម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានីភ្នំពេញ រួមគ្នាផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀនដល់ប្រជាពលរដ្ឋទៅលេងស្រុកកំណើតនៅចំណតរថយន្តក្រុងរបស់រដ្ឋបាលរាជធានីភ្នំពេញរង្វង់មូលនាងមច្ឆា គល់ស្ពានជ្រោយចង្វារ និងឬស្សីកែវ។
ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា ទទួលបានការគាំទ្រពីនាយឧត្តមសេនីយ៍មាស វិរិទ្ធ អគ្គលេខាធិការ និងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ នេះអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានធ្វើកិច្ចសហការជាមួយនឹងគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានីភ្នំពេញ សហការផ្សព្វផ្សាយនៅក្នុងកម្មវិធីមួយចំនួនមានដូចជា១.ការផ្ញើសារអប់រំពីបញ្ហាគ្រឿងញៀនក្នុងពិធីប្រគំតន្ត្រី រាំកំសាន្ត ២.ការដាក់បញ្ចាំងផ្ទាំងរូបភាពជំរុញការប្រើប្រាស់ App NoDrug របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននៅលើផ្ទាំងបា៉ណូអេឡិចត្រូនិកនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញក៏ដូចជាសាខាតាមបណ្ដាខេត្ត ៣.ការដាក់តាំងបដាតាមទីតាំងសំខាន់ៗ ៤.បិទស្ទីកឃ័រ QR Code App NoDrug សម្រាប់បិទផ្សាយនៅលើរថយន្តក្រុងផ្ទាំង៦០០គ្រឿង ដែលជូនប្រជាពលរដ្ឋទៅលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំទាញយកនិងប្រើប្រាស់ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀន។
ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក លឹម តុងហួត បានបានស្នើសុំនិងផ្ដល់ស្ទីកឃ័រ QR Code App NoDrug: https://nodrugsnacd.com/download_kh សម្រាប់បិទផ្សាយនៅលើរថយន្តក្រុងផ្ទាំង៦០០គ្រឿងដែលនឹងជូនប្រជាពលរដ្ឋទៅលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំទាញយកនិងប្រើប្រាស់ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀន។
ក្នុងនាម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក លឹម តុងហួត បាននាំយកការថ្លែងអំណរគុណ និងកោតសរសើរពីរលោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនជូនដល់គណ:កម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានីភ្នំពេញដឹកនាំដោយលោក ឃួង ស្រេង ដែលតែងតែផ្តល់កិច្ចសហការល្អសម្របសម្រួលការផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀនរាជធានីភ្នំពេញ៕