(ព្រះវិហារ)៖ នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥ ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានចាត់លោក ជា សារ៉ន រដ្ឋលេខាធិការទីស្ដីការគណៈ រដ្ឋមន្រ្តី ជាតំណាងចុះសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលធំអន្តរាគមន៍ លេខ៣ នៅទីបញ្ជាការ កងពលធំអន្តរាគមន៍លេខ៣ ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក្នុងឱកាសបុណ្យចូល ឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ដែលនឹងឈានចូលមកដល់នាពេលខាងមុខ ដោយមាន ការអញ្ជើញចូលរួមអមដំណើរពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃទីស្តីការគណៈរដ្ឋមន្រ្តី។

បន្ទាប់ពីការធ្វើរបាយការណ៍ស្វាគមន៍របស់ឧត្តមសេនីយ៍ឯក ស្រី ឌឹកមេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការ កងពលធំអន្តរាគមន៍លេខ៣ លោក ជា សារ៉ន ប្រធានប្រតិភូ បានពាំនាំនូវបណ្តាំផ្ញើសាកសួរសុខទុក្ខនិងសេចក្តី នឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ព្រមទាំងការសួរសុខទុក្ខ ពីសំណាក់ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដែលតែងបានគិតគូរជានិច្ចពីសុខទុក្ខ និងជីវភាពរស់នៅរបស់កងទ័ព និងក្រុមគ្រួសារកងទ័ពទាំងអស់ ជាពិសេសកងពលធំអន្តរាគមន៍លេខ៣ ដែលបាននិងកំពុងបំពេញភារកិច្ច ការពារមាតុភូមិ បូរណភាពទឹកដី អធិបតេយ្យជាតិ យ៉ាងរឹងមាំនៅក្នុងតំបន់ប្រាសាទព្រះវិហារយើងនេះ និងការធានាសន្តិសុខបានសុខក្សេមក្សាន្តជូនប្រជាពលរដ្ឋ។

លោក ជា សារ៉ន បានគូសបញ្ជាក់អំពីវីរភាពដ៏មោះមុត វិសេសវិសាល និងឧត្តុង្គឧត្តមប្រកបដោយគតិបណ្ឌិត ដ៏ខ្ពង់ខ្ពស់បំផុតមិនអាចកាត់ថ្លៃបានរបស់សម្តេចតេជោ ហ៊ុន សែន ជាពិសេសនយោបាយឈ្នះ-ឈ្នះ ដែលបាន នាំមកនូវសន្តិភាព ឯកភាពជាតិពេញលេញ និងការអភិវឌ្ឍន៍គ្រប់វិស័យ ព្រមទាំងការបន្តដឹកនាំប្រកបដោយចក្ខុ វិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ចជាតិ ដើម្បីឈានឆ្ពោះ ទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

ប្រធានប្រតិភូបានថ្លែងការកោតសរសើរ និងសម្ដែងនូវសេចក្ដីគោរពរាប់អានដ៏ស្មោះស្ម័គ្រ ចំពោះវីរភាព ដ៏ឧត្តុង្គឧត្តមរបស់កងទ័ពជួរមុខដែលកំពុងបំពេញភារកិច្ចការពារជាតិ ជាពិសេសនាយទាហាន នាយ ទាហានរង និងពលទាហានទាំងអស់ នៃកងពលធំអន្តរាគមន៍លេខ៣ ដែលជាសម្ព័ន្ធមេត្រីភាពរបស់ទីស្តីការគណៈរដ្ឋ មន្រ្តី។

លោកបានបន្តថា ការចុះមកជួបបងប្អូនយោធិនក្នុង ពេលនេះ គឺក្នុងស្មារតីគោរព ស្រលាញ់ ផ្តល់ការគាំទ្រ ស្មារតីផ្សារភ្ជាប់រវាងសមរភូមិក្រោមជាមួយនឹងសមរភូមិមុខនៅក្នុងក្របខ័ណ្ឌនៃសម្ព័ន្ធមេត្រីភាពនិងលើកទឹកចិត្តដល់កងទ័ពដែលកំពុងឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែន ក្នុងបុព្វហេតុការការពារអធិបតេយ្យភាព បូរណភាពទឹកដី និងសន្តិសុខរបស់ប្រទេសជាតិទាំងមូល ព្រមទាំងការចូលរួមកសាងតំបន់ព្រំដែនជាព្រំដែនសន្តិភាព សហប្រតិបត្តិការនិងការអភិវឌ្ឍន៍។

ក្នុងឱកាសនេះផងដែរ លោក ជា សារ៉ន បានជូនពរសូមឱ្យទេវតាឆ្នាំថ្មីជួយបីបាច់ថែរក្សានាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលធំអន្តរាគមន៍លេខ៣ទាំងអស់ ឱ្យទទួលបានសេចក្ដីសុខ សុភមង្គល សេចក្ដីចម្រើន កម្លាំងខ្លាំងក្លាបញ្ញាឈ្លាសវៃ និងសម្រេចគ្រប់ភារកិច្ច។

ជាមួយគ្នានេះ គណៈប្រតិភូក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត នូវគ្រឿងឧបភោគបរិភោគ រួមមាន អង្ករ១,០០០គីឡូក្រាម ទឹកដោះគោខាប់១០កេស ស្ករស១០០គីឡូក្រាម មីជាតិ១ ០០០ កេស ត្រីខរូបស្រី៣នាក់ ៥០កេសធំ ឆៃពៅផ្អែម៥០០គីឡូក្រាម ទឹកត្រីរូបបង្កង២០០យួរ ទឹកស៊ីអ៊ីវរូបគោ២០០យួរ ទឹកក្រូចចម្រុះ១០០កេស សរុបជាថវិកាជាង ៥០លានរៀល ប្រគល់ជូននាយទាហាន នាយទាហានរង និងពលទាហាន ទាំងអស់ នៃកងពលធំអន្តរាគមន៍លេខ៣ ផងដែរ៕