(កំពង់ធំ)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញពិនិត្យវឌ្ឍនការងារសាងសង់ស្ពានដែកបេឡេមួយកន្លែង មានប្រវែង ៣៦ ម៉ែត្រ ទទឹង ៤,២ម៉ែត្រ និងការស្ថាបនាផ្លូវល្បាយក្រួសតភ្ជាប់ក្បាលស្ពានទាំងសងខាងស្ពាន ប្រវែង ៥០០ ម៉ែត្រ ដែលតភ្ជាប់ពីភូមិទឹកអណ្ដូង ឃុំតាំងក្រសៅ ទៅភូមិជាំបឹង ឃុំស្រើង ស្រុកប្រាសាទសំបូរ។
នាឱកាសនោះ លោករដ្ឋមន្ដ្រី បានអញ្ជើញជួបសំណេះសំណាល ដោយបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ សេចក្តីស្រលាញ់ និងពរសព្វសាធុការពីសំណាក់សម្តេចតេជោ ហ៊ុន សែន មគ្គុទេសក៍ឯកនយោបាយឈ្នះឈ្នះ បិតាស្ថាបនិកសន្តិភាព និងជាប្រធានព្រឹទ្ធសភា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ព្រមទាំងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេច ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលរស់នៅក្នុងមូលដ្ឋានផងដែរ។
លោករដ្ឋមន្ដ្រី បានជម្រាបជូនប្រជាពលរដ្ឋ អំពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការថែរក្សាសុខសន្ដិភាពឱ្យបានគង់វង្ស ព្រមទាំងអភិវឌ្ឍប្រទេសជាតិ ឱ្យមានការរីកចម្រើន ដោយបានកសាងនូវសមិទ្ធផលថ្មីៗជាបន្ដបន្ទាប់ ជាពិសេសការយកចិត្តទុកដាក់លើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវភាពរស់នៅរបស់ប្រជាជននៅតំបន់ជនបទ។
ជាមួយគ្នានោះដែរ ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ក៏បានសម្ដែងនូវរសចក្តីសោមនស្សរីករាយ ថ្លែងអំណរគុណសម្តេចធិបតីដែលបានផ្តល់ស្ពានដែកបេឡេសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ និងសូមផ្តល់ការជឿជាក់លើការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបន្តវេនពីសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ។
ប្រជាពលរដ្ឋឃុំតាំងក្រសៅ និងឃុំស្រើងបានចាត់ទុកស្ពាននេះ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំជាកាដូរដ៏វិសេសវិសាល ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនេះ៕