(ព្រះវិហារ)៖​ លោក អ៊ុក គឹមសាន អភិបាលរងខេត្តព្រះវិហារ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករវៀង នៅរសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥​នេះ បានអញ្ជើញចូលរួមបើកព្រឹត្តិការសង្ក្រាន្ដ នៅវត្តចន្ទនិមិត្ត ហៅវត្តរវៀង ស្ថិតក្នុងស្រុករវៀង ដើម្បីអបអរសាទរ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់​ សប្កស័ក ព.ស២៥៦៩ គ.ស២០២៥។

ថ្លែងក្នុងឱកាសនេះ លោក អ៊ុក គឹមសាន បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកពី ឧត្តមសេនីយ៍ ម៉ៅ សុផាន់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ និងលោក ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ប្រគេនព្រះសង្ឃ ជូនថ្នាក់ដឹកនាំ មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ដែលកំពង់មានវត្តមាននៅទីនេះ ក៏ដូចជាប្រជាពលរដ្ឋទូទាំងស្រុករវៀង ពិសេសក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំម្សាញ់ ២០២៥នេះ សូមជួបប្រទះតែសេចក្តីសុខ សុភមង្គល គ្រប់ក្រុមគ្រួសារ។​

លោក អ៊ុក គឹមសាន បានថ្លែងប្រគេនព្រះសង្ឃ និងជម្រាបជូនប្រជាពលរដ្ឋពីព្រឹត្តិការណ៍សង្ក្រាន្ដនៅទូទាំងប្រទេស ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី នាពេលដ៍ខ្លីខាងមុខនេះ គឺនៅគ្រប់រាជធានី ខេត្ត ក្រុង ស្រុក បានរៀបចំយ៉ាងអធិកអធមខ្លាំងណាស់ ដើម្បីបង្កការសប្បាយរីករាយជូនប្រជាពលរដ្ឋ។​ដោយឡែកនៅទីរួមខេត្តព្រះវិហារ ក៏ដូចជានៅស្រុករវៀង ក្រោមការណែនាំពីលោក គីម រិទ្ធី អភិបាលខេត្ត គឺបានរៀបចំតុបតែងយ៉ាងស្រស់ស្អាតស្អាត ត្រៀមទទួលទេវតាឆ្នាំថ្មី។​

លោក អ៊ុក គឹមសាន បានបញ្ជាក់ថា សង្រ្កាន្ដឆ្នាំថ្មី ដែលបានរៀបចំដើម្បីបង្កការសប្បាយរីករាយជូនប្រជាពលរដ្ឋ នាឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីនេះ គឺកើតឡើងដោយកត្តាសុខសន្តិភាព ក្រោមគោលនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី​នៃកម្ពុជា នឹងការបន្តមរតកដឹកនាំប្រទេសដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បច្ចុប្បន្នបានបន្តថែរក្សា ដឹកនាំប្រទេសឲ្យមានសុខសន្តិភាព ស្ថិរភាពពេញលេញ និងការអភិវឌ្ឍន៍រីកចម្រើនគ្រប់វិស័យជាបន្តទៀត។ លោកអំពាវនាវដល់ប្រជាពលរដ្ឋយើង ត្រូវចូលរួមថែរក្សាសុខសន្តិភាពនេះ ឲ្យនៅគង់វង្សយូរអង្វែង ដោយមិនត្រូវជឿតាមការញុះញង់របស់ក្រុមប្រឆាំងអគតិនោះទេ។​

ក្នុងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ​ទូទាំងស្រុករវៀង​ ខេត្តព្រះវិហារ លោក អ៊ុក គឹមសាន ក៏ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ ដែលបានឧបត្ថម្ភ និងផ្តល់ឲ្យមានការបាញ់កាំជ្រូចរយៈពេល៣ថ្ងៃ ដើម្បីអបអរសាទរ​ពិធីបុណ្យចូលឆ្នាំថ្មី ពោលចាប់ពីរាត្រីថ្ងៃទី១៤-១៥-១៦។​

ចំពោះរូបលោកផ្ទាល់ ក៏បានឧបត្ថម្ភថវិកាចំនួន៧,៨០០,០០០រៀល ដល់ក្រុមការងារសម្រាប់ចាត់ចែង រៀបចំ ក្នុងព្រឹត្តិការណ៍សង្ក្រាននៅស្រុករវៀងផងដែរ និងបានចូលរួមលេងកម្សាន្តល្បែងប្រជាប្រិយផ្សេងៗ​ ជាមួយមន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋយ៉ាងសប្បាយរីករាយ និងប្រកាសបើកព្រឹត្តិការណ៍សង្ក្រាន្ដចាប់ពីពេលនេះតទៅ៕