(បាត់ដំបង)៖ លោក សឿម ប៊ុនរិទ្ធ អភិបាលរងខេត្ត តំណាងលោក សុខ លូ អភិបាលខេត្តបាត់ដំបង នារសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥ បានទទួលជួបជាមួយអ្នកសារព័ត៌មាន នៅក្នុងសាលប្រជុំសាលខេត្ត ដើម្បីចូលរួមអបអរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នាពេលខាងមុខ។

ក្នុងជំនួបនេះ មានអ្នកសារព័ត៌មាន បានចូលរួមប្រមាណ១៨០នាក់ ដែលជាអ្នកចុះយកព័ត៌មានមកពីតាមបណ្ដាអង្គភាពសារព័ត៌មាននានា លោកបានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអ្នកសារព័ត៌មាន ដែលបានសរសេរព័ត៌មានពិត មិនបំភ្លៃ សរសេរព័ត៌មានដែលជាប្រភេទព័ត៌មានអប់រំ មានការផ្សព្វផ្សាយជ្រួតជ្រាបដល់ប្រជាពលរដ្ឋ ព័ត៌មានថ្នាក់ដឹកនាំក្នុងខេត្ត ដែលបានបង្កើតសមិទ្ធផលនានា ទាំងហេដ្ឋារចនាសម្ព័ន្ធមានការអភិវឌ្ឍ លើគ្រប់វិស័យក្នុងខេត្ត។

លោកបានបន្តថា អ្នកសារព័ត៌មាន ជាកញ្ចក់ឆ្លុះបញ្ចាំងនៅក្នុងសង្គម សូមឲ្យផ្សព្វផ្សាយគោរពតាមក្រមសីលធម៌ វិជ្ជាជីវៈ អ្នកសារព័ត៌មាន សូមកុំផ្សព្វផ្សាយព័ត៌មានបែបហិង្សា ព័ត៌មានមិនពិត បំភ្លើស បំភ្លៃ ព័ត៌មានដែលបញ្ឆេះកំហឹងដល់ប្រជាពលរដ្ឋធ្វើឲ្យមានភាពវឹកវរនៅក្នុងសង្គម បើមានការផ្សាយនូវព័ត៌មានមិនពិតអាច និងត្រូវលុបអាជ្ញាប័ណ្ណ ឬប្រឈមមុខចំពោះមុខច្បាប់ជាដើម។

លោកក៏បានសង្កត់ធ្ងន់ថា កន្លងមកមានអ្នកសារព័ត៌មាន មួយចំនួនតូចធ្វើឲ្យខូចដល់អ្នកសារព័ត៌មានល្អជាច្រើនទៀត ដូចពាក្យ ១ឃ្លា ពោលថា ត្រី ១កន្ត្រក ស្អុយ១ ស្អុយទាំងអស់ ដូច្នេះចូរកុំប្រព្រឹត្តខុសវិជ្ជាជីវៈអ្នកសារព័ត៌មាន ដូចជាចុះទារលុយគេមិនបានផ្សាយបង្កាច់បង្ខូចគេ។ កុំកាងប្រជាពលរដ្ឋដែលទៅរំលោភបំពានដីព្រៃលិចទឹកតំបន់៣ ដែលរដ្ឋបានហាមឃាត់ ដីតំបន់អភិរក្សជម្រកសត្វព្រៃភ្នំសំកុស និងមិនត្រូវផ្សព្វផ្សាយលើកទឹកចិត្តឲ្យប្រជាពលរដ្ឋទៅជីកគាស់កកាយប្រឡាយមេបញ្ជូនទឹក នេះជាករណីបំផ្លាញទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ មុននិងផ្សាយអ្វីមួយ បើមិនច្បាស់លាស់ អាចធ្វើឲ្យប៉ះពាស់ដល់សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ សិទ្ធិសេរីភាពបុគ្គល ជាពិសេសធ្វើឲ្យបាត់បង់កិត្តិយស និងប៉ះពាល់មុខមាត់ខេត្តបាត់ដំបង។

លោកអភិបាលរង ក៏បានសំណូមពរដល់អ្នកសារព័ត៌មាន សូមជួយផ្សព្វផ្សាយពីសមិទ្ធផលនានារបស់រដ្ឋបាលខេត្តដែលសម្រេចបានផ្សព្វផ្សាយពីតំបន់ទេសចរណ៍ នៅក្នុងខេត្តបាត់ដំបង ឲ្យបានទូលំទូលាយ និងមានការផ្សព្វផ្សាយពីការរៀបចំសង្ក្រាន្តក្នុងក្រុងបាត់ដំបង ដែលបានរៀបចំឡើងយ៉ាងយកចិត្តទុកដាក់ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និង អន្តរជាតិ មកលេងកម្សាន្តឲ្យបានច្រើនកុះករ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃជាតិខ្មែរខាងមុខនេះផងដែរ៕