(កំពង់ធំ)៖ រដ្ឋបាលខេត្តកំពង់ធំ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥ បានរៀបចំធ្វើពិធីបួងសួងសុំសេចក្តីសុខសប្បាយ ក្នុងពេលដំណើរការព្រឹត្តិការណ៍សង្ក្រាន្តកំពង់ធំ ២០២៥ ក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
ពិធីបួងសួងនេះបានប្រារព្ធឡើងក្រោមអធិបតីភាពលោក ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្ត លោក នួន ផារ័ត្ន អភិបាលខេត្ត ព្រមទាំងមន្ត្រីរាជការជុំវិញខេត្ត ការរៀបចំសង្ក្រាន្ដនេះ ក្នុងគោលបំណងផ្តល់ឱកាសឱ្យប្រជាពលរដ្ឋខ្មែរទូទៅ បានចូលរួមសប្បាយ និងអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ក្រោមដំបូលសន្តិភាព។
លោក នួន ផារ័ត្ន បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះស្មារតីលះបង់របស់បងប្អូនទាំងអស់គ្នា ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចដោយមិនខ្លាចនឿយហត់ ក្រោមម្លប់ដ៏ត្រជាក់ត្រជុំនៃសន្តិភាព ដែលយើងទាំងអស់គ្នាបានខិតខំកសាង និងថែរក្សាអស់រយៈពេលជាយូរមកហើយនេះ។
លោកបន្តថា ការលះបង់របស់បងប្អូនពិតជាមានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់សេចក្តីសុខ សុភមង្គល និងការអភិវឌ្ឍន៍រីកចម្រើនរបស់ខេត្តកំពង់ធំ ក៏ដូចជាប្រទេសជាតិទាំងមូល។ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់រាជរដ្ឋាភិបាល និងស្មារតីសាមគ្គីភាពដ៏រឹងមាំរបស់កងកម្លាំងទាំងអស់ ព្រមទាំងប្រជាពលរដ្ឋរបស់យើងនឹងបន្តរីកចម្រើន និងអភិវឌ្ឍន៍ទៅមុខឥតឈប់ឈរ។
ទីកន្លែងប្រារព្ធពិធីបួងសួងសុំសេចក្តីសុខមានមានចំនួន ០៦ទីតាំងរួមមានទីតាំងទី១៖ លោកតាឥ, ទី២៖ លោកតាក្រហម.ក (រង្វង់មូលលោកតាក្រហម ក) ទី៣. ភ្នំសន្ទុក ទី៤.លោកតាអាចារ្យលាក់ ទី៥.ដាវដែកកំពង់ស្វាយ និងទី៦. ប្រាសាទយាយព័ន្ធ (ក្នុងបរិវេណប្រាសាទសំបូរព្រៃគុក) ។
សូមបញ្ជាក់ថា នៅក្នុងព្រឹត្តិការណ៍សង្ក្រាន្តកំពង់ធំនេះ នឹងមានកម្មវិធីសប្បាយជាច្រើន ដែលមានបង្ហាញផែនទស្សនីយភាពសិល្បៈ និងល្បែងប្រជាប្រិយខ្មែរ នៅទីតាំងផ្ទះបារាំង សួនស្ទឹងសែន និងឆ្នេរខ្សាច់ ចាប់ពីម៉ោង ៩:០០ព្រឹកតទៅ៕