(សៀមរាប)៖ សម្តេចពិជ័យសេនា ទៀ បាញ់ នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ ទៀ បាញ់ ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥នេះ បានអញ្ជើញបិទបញ្ចប់ការងារវាស់វែងក្បាលដី ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន៣៨,៦៦៧ បណ្ណ ជូនប្រជាពលរដ្ឋក្នុងក្រុង.ស្រុកទាំង៦ នៅក្នុងភូមិសាស្រ្តខេត្តសៀមរាប។
ក្នុងកិច្ចស្វាគមន៍របស់លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានឲ្យដឹងថា ការចុះបញ្ជីដីធ្លីគឺជាការងារដ៏សំខាន់ សម្រាប់ធានាដល់ការអភិវឌ្ឍនូវសង្គមជាតិ សុវត្ថិភាពការកាន់កាប់ដីធ្លី និងរក្សានូវសណ្តាប់ធ្នាប់សង្គម ដូចដែលបាន កំណត់នៅចំណុចបញ្ចកោណទី៤ មុំទី៤ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ស្ថិតក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ប្រកបដោយ គតិបណ្ឌិតរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងការងារអាទិភាពចំនួនបី គឺ «ការចុះបញ្ជីដីធ្លីបង្ហើយ សេវាគាប់ចិត្ត និងបរិយាកាសគ្មានវិវាទ» ត្រូវបានកំណត់ដោយឧបនាយករដ្ឋមន្ត្រី។
លោកបានបន្តថា ការវាស់វែងដីធ្លីជាលក្ខណៈប្រព័ន្ធ ដែលមានសមាសភាពចូលរូមមាន ៣៦៧រូប ស្រី៨១នាក់ មន្ត្រីក្របខណ្ឌ ១០៤រូប កិច្ចសន្យា៣រូប មន្ត្រីស្ម័ត្រចិត្ត ២២៦រូប និងសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា៣៤រូប ដោយប្រើប្រាស់ម៉ាស៊ីនវាស់វាង៩៥គ្រឿង។
ចំពោះការវាស់វែងដីធ្លីនេះ ភូមិសាស្ត្រមួយចំនួនស្ថិតក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ការពារមួយចំនួន។ ក្នុងនោះបានប្រកាសតំបន់វិនិច្ឆ័យ ៨៥៥ភូមិ លើ៩១០ភូមិ និង៩២ឃុំសង្កាត់ ដោយវាស់វែងបាន៨៨៥,៤២៦ក្បាលដី និងប្រមូលទិន្និន័យ ចំនួន ៣១៧,១៩៦ក្បាលដី ធ្វើការផ្សព្វផ្សាយបាន១៩១ភូមិ ស្មើនឹង២០៩ពាន់ ៣១៣ក្បាលដី ចេញបណ្ណបាន ១៧៤,១៨៥បណ្ណ និងចែកបណ្ណបាន ១០៩,៧៧០បណ្ណ។
លោក ប្រាក់ សោភ័ណ បន្តថា ចំពោះបណ្ឌនៅសល់ចំនួន ៦៤,៤១៧បណ្ណ ត្រូវបន្តចែកជូន។ ចំពោះការដកចេញពីបញ្ជីបុរាណដ្ឋាន ព្រមទាំងឯកភាពចេញបណ្ណ បាន៤,៤២៣ក្បាលដី និងគ្រោងបន្តផ្តល់បណ្ណលើកទី២ចំនួន ២,១២០ក្បាលដី ព្រមទាំងរៀបចំផែនការប្រើប្រាស់ដីតំបន់រមណីយដ្ឋានអង្គរទាំង១១៤ភូមិ និង ធ្វើការកាត់ឆ្វៀលដីតំបន់២ និងតំបន់៣ បឹងទន្លេសាបទៀតផង។
សម្តេចពិជ័យសេនា ទៀ បាញ់ មានប្រសាសន៍ថា ការចុះបញ្ជីដីធ្លី គឺជាការបែងចែកដី ការលើកស្ទួយកំរិតជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋ និងការកាត់បន្ថយទំនាស់ដីធ្លី។ ២-ធានាសុវត្ថិភាព ក្នុងការកាន់កាប់ដីធ្លីរបស់ប្រជាពលរដ្ឋ។ ៣-ទទួលបាននូវសិទ្ធិស្របច្បាប់ ក្លាយជាម្ចាស់ដីពិតប្រាកដ ដែលត្រូវបានការពារដោយច្បាប់ និងធានាដោយរដ្ឋ ដែលអាចធ្វើការបង្កបង្កើនផល ឬប្រកបមុខរបរផ្សេងៗទៀត លើដីធ្លីរបស់ខ្លួនដោយគ្មានការព្រួយបារម្ភ។ ៤-អាចប្រើប្រាស់ប័ណ្ណកម្មសិទ្ធិដី ដើម្បីផលប្រយោជន៍ផ្សេងៗ ក្នុងការប្រកបមុខរបរ ឬអាជីវកម្មរបស់ខ្លួន។
សម្តេចពិជ័យសេនា បន្តថា ការចុះបញ្ជីដីធ្លីគឺជាការផ្តល់នូវសិទ្ធិ សុវត្ថិភាព ផ្លូវច្បាប់ក្នុងការកាន់កាប់អចលនទ្រព្យស្របច្បាប់ដល់ប្រជាពលរដ្ឋ ហើយការងារវាស់វែងចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋនេះ ត្រូវបានសម្ដេចតេជោ ហ៊ុន សែន រៀបចំធ្វើឡើងតាំពីឆ្នាំ១៩៨៥ រហូតដល់ឆ្នាំ១៩៨៩ ទើបមានការចេញប័ណ្ណផ្ដល់សិទ្ធិឯកជន លើអចលនទ្រព្យជូនប្រជាពលរដ្ឋ លើកទី១ ដូច្នេះពីឆ្នាំ១៩៨៩ រហូតដល់ឆ្នាំ២០២៩ខាងមុខនេះឲ្យបានរួចរាល់។
សម្តេចពិជ័យសេនា ក៏បានថ្លែងនូវការអរគុណចំពោះប្រជាពលរដ្ឋ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ មន្ទីរជំនាញ ជាពិសេសមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ដែលជាប្រតិបត្តិករផ្ទាល់ និងអង្គភាពពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងចូលរួមទាំងកម្លាំងកាយចិត្តយ៉ាងមមាញឹក និងមិនខ្លាចពីការនឿយហត់នៅក្នុងដំណើរការចុះបញ្ជីដីធ្លីលើគ្រប់នីតិវិធី និងគ្រប់ដំណាក់កាល ដើម្បីជម្រុញការងារចេញបណ្ណសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋទទួលបានជាផ្លែផ្កានាពេលនេះ។
សម្តេចពិជ័យសេនា បានបញ្ជាក់ថា ការចែកបណ្ណកម្មសិទ្ធិជូននាពេលនេះ គឺជាការរួមចំណែកយ៉ាងសំខាន់ក្នុងការដោះស្រាយ បញ្ហាទំនាស់ ដីធ្លីរវាងប្រជាពលរដ្ឋ និងប្រជាពលរដ្ឋ ក៏ដូចជារវាងប្រជាពលរដ្ឋ និងក្រុមហ៊ុនផ្សេងៗ ដែលកន្លងមកជួបបញ្ហាទាំងនេះ ដែលតែងតែធ្វើឲ្យមានការប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ៕