(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានផ្ញើសារលិខិតថ្លែងអំណរគុណចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលបានផ្ញើសារលិខិតជូនពរសម្តេច នៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩។

សម្តេចប្រធានរដ្ឋសភា សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសន្តានចិត្តដ៏ប្រពៃថ្លៃថ្លា ជាមួយនឹងការយកចិត្តទុកដាក់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ដែលតែងតែលើកទឹកចិត្ត និងគាំទ្រដល់សម្តេច។ កាយវិការនេះគឺជាការផ្តល់នូវមហាកិត្តិយសយ៉ាងធំធេង ធ្វើឱ្យសម្តេចមានកម្លាំងចិត្តកាន់តែមោះមុតក្នុងបេសកកម្មដឹកនាំរដ្ឋសភាដ៏ឧត្តុង្គឧត្តម ដើម្បីជាឧត្តមប្រយោជន៍ ក្នុងការកសាងសុខសន្តិភាព ឯកភាពជាតិ ស្ថិរភាពនយោបាយ ពង្រឹងនីតិរដ្ឋ និងការអភិវឌ្ឍជូនជាតិមាតុភូមិ និងប្រជាជនកម្ពុជា។

សម្តេចសូមលើកហត្ថបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា ជាពិសេស ទេវតាឆ្នាំថ្មី ឆ្នាំម្សាញ់ ព្រះនាម «គោរាគទេវី» សូមជួយ ប្រោះព្រំសព្ទសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរគ្រប់ប្រការជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារជាទីស្រលាញ់ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕