(ព្រះវិហារ)៖ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារ ដោយមានការចូលរួមពីលោក ចិន ខន្តី អភិបាលស្រុកជាំក្សាន្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនទៀត បានអញ្ជើញចុះពិនិត្យផ្ទះបងប្អូនប្រជាពលរដ្ឋ ដែលជួបគ្រោះធម្មជាតិដោយខ្យល់កន្ត្រាក់ និងផ្គររន្ទះ បណ្ដាលឱ្យខូចខាតផ្ទះទាំងស្រុង និងធ្ងនធ្ង ចំនួន៣៦ខ្នងផ្ទះ និងពលរដ្ឋម្នាក់ស្លាប់ដោយសាររន្ទះបាញ់ ស្ថិតនៅឃុំជាំក្សាន្ត និង ឃុំរំដោះស្រែ ស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ។
នៅក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានសម្ដែងនូវការចូលរួមសោកស្ដាយយ៉ាងខ្លាំងជាមួយបងប្អូនប្រជាពលរដ្ឋ យើង ចំពោះការខូចខាត និងការបាត់បង់លំនៅដ្ឋានរបស់បងប្អូន ដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់ ផ្គររន្ទះ កាលពីល្ងាចថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥នេះ។
ដើម្បីចូលរួមសម្រាលនូវការលំបាករបស់បងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយខ្យល់កន្ត្រាក់បណ្តាលឱ្យខូចខាតផ្ទះសំបែង លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បាននាំនូវអំណោយដ៍ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត មានសម្ភារៈ ថវិកា មកចែកជូនបងប្អូនតាមខ្នងផ្ទះទាំង៣៦គ្រួសារ ដែលក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ ០១បេ មី ០១កេស ទឹកត្រី ០១យួរ ទឹកសុីអុីវ ០១យួរ ,ត្រីខ ០១យួរ និងថវិកាចំនួន ៤០,០០០រៀល, ក្នុងនោះបានឧបត្ថម្ភមួយគ្រួសារ ដែលរងការខូចខាតផ្ទះធ្ងន់ធ្ងរ នូវថវិកាចំនួន ៤០០,០០០រៀល ព្រមទាំងបានចូលរួមបុណ្យសពប្រជាពលរដ្ឋម្នាក់ ដែលស្លាប់ដោយរន្ទះបាញ់រួមមាន៖ អង្ករ ០២បេ, មី ០២កេស, ទឹកត្រី ០២យួរ, ទឹកសុីអុីវ ០២យួរ, ត្រីខ ០២យួរ និងបច្ច័យចំនួន ៤០០,០០០រៀលផងដែរ៕