(កំពង់ធំ)៖ លោក ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ និងលោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការរចនាសម្ព័ន្ធរដ្ឋបាលខេត្តកំពង់ធំ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩។ ពិធីនេះធ្វើឡើងនៅសាលប្រជុំសាលាខេត្ត នាព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៥។

លោក នួន ផារ័ត្ន បានលើកឡើងថា តាមរយៈការបំពេញការងារដ៏នឿយហត់របស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ធ្វើឱ្យខេត្តកំពង់ធំទទួលបាននូវសមិទ្ធផលថ្មីជាច្រើននិងកំពុងកែប្រែនូវមុខមាត់ថ្មីថែមទៀត។

ទន្ទឹមនឹងនោះ លោកបានធ្វើការណែនាំមួយចំនួននិងផ្តាំផ្ញើដល់មន្ត្រីរាជការរដ្ឋបាលសាលាខេត្តទាំងអស់ ត្រូវបន្តបំពេញនូវភារកិច្ចស្នូលរបស់ខ្លួន និងមានការសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានល្អ ព្រមទាំងបម្រើនូវសេវាសាធារណៈ ជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។

លោកបានលើកឡើងនូវផែនការមេមួយចំនួនដែលរដ្ឋបាលខេត្តគ្រោងនឹងអភិវឌ្ឍន៍ខេត្តកំពង់ធំក្នុងនោះមានការពង្រីកនូវហេដ្ឋារចនាសម្ព័ន្ធមួយចំនួនក្នុងក្រុងស្ទឹងសែន បង្កើតបុរីរដ្ឋបាលខេត្ត បង្កើតសួនកសិឧស្សហកម្ម វារីវប្បកម្ម ទំនប់ស្ទាក់ទឹកដងកាំបិត ទំនប់ស្ទាក់ទឹកកំពង់គោ ដើម្បីលើកកម្ពស់សេដ្ឋកិច្ចនៅក្នុងខេត្ត ប្រជាពលរដ្ឋមានការងារធ្វើ មានជីវភាពល្អប្រសើរ។

លោកបន្តថា ក្រៅពីការងារអភិវឌ្ឍន៍ រដ្ឋបាលខេត្តក៏បានរៀបចំបំពាក់ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព ដើម្បីចូលរួមលើកកម្ពស់សន្តិសុខ សុវត្ថិភាព ជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងក្រុងស្ទឹងសែន ជាពិសេសនៅក្នុងឱកាសសង្ក្រាន្តកំពង់ធំខាងមុខផងដែរ។

លោក នួន ផារ័ត្ន បានបញ្ជាក់ថា ក្រោមការចង្អុលបង្ហាញរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងក្រោមការគាំទ្រពីឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋបាលខេត្តកំពង់ធំ បានចាប់ផ្តើមដឹកនាំអនុវត្តជាជំហានៗ ជាមួយការប្រមូលកៀរគរកម្លាំងសរុប និងមធ្យោបាយសរុបពីគ្រប់មជ្ឈដ្ឋាននូវ «យុទ្ធនាការបំពាក់បង្គោលភ្លើងសូឡា នៅតាមដងផ្លូវជាតិលេខ៦» នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ពីព្រំប្រទល់ខេត្តកំពង់ចាម រហូតដល់ព្រំប្រទល់ខេត្តសៀមរាប ប្រវែងសរុប ១៤៤គីឡូម៉េត្រ ឱ្យបានរួចរាល់ទាំងស្រុង នៅត្រឹមដំណាច់ឆ្នាំ២០២៦ ខាងមុខ។ គម្រោងដ៏ធំនេះ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់ធានាភាពងាយស្រួលក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋនៅពេលមេឃងងឹត និងចំពោះបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវជាតិលេខ៦ ព្រមទាំងដើម្បីពង្រឹងការងារសន្តិសុខផងដែរ៕