(កំពង់ធំ)៖ សាលារៀនមួយខ្នង ស្ថិតនៅក្នុងតំបន់ស្នងអន ភូមិស្រែព្រីង ឃុំសុចិត្រ ស្រុកសណ្តាន់ ខេត្តកំពង់ធំ បានត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥។

សាលារៀនមួយខ្នងនេះមានបន្ទប់សិក្សាចំនួន៣ បន្ទប់ទីចាត់ការ១ បន្ទប់ស្នាក់នៅសម្រាប់គ្រូ១ បន្ទប់ទឹកនិងបង្គន់អនាម័យចំនួន៥ ត្រូវបានសាងសង់ដោយក្រុមហ៊ុន ជាំងស៊ា ម៉ាញនីង (Jiangxia Mining Energy Development Co., Ltd "JX Mining") ដែលជាក្រុមហ៊ុនធ្វើអាជីវកម្មរ៉ែមាស នៅខេត្តកំពង់ធំ។

សមិទ្ធផលថ្មីនេះលេចចេញជារូបរាងបន្ទាប់ពីមានការស្នើសុំពីសហគមន៍ និងការយកចិត្តទុកដាក់របស់ក្រុមហ៊ុនចំពោះសហគមន៍មូលដ្ឋាន ដើម្បីជំនួសអគារសាលារៀនមានស្រាប់សាងសង់ពីឈើដែលមានសភាពចាស់ ទ្រុឌទ្រម តូចចង្អៀត គ្មានអគ្គិសនី គ្មានកង្ហារ ដែលបង្កផលវិបាកដល់សិស្សានុសិស្សសិក្សារៀនសូត្រទាំងរដូវក្ដៅ និងវស្សា។

អគារសាលារៀនថ្មីនេះ សាងសង់ពីថ្ម មានភាពរឹងមាំ ទូលាយជាងមុន ដែលអាចផ្ទុកសិស្សរហូតដល់ជាង១២០នាក់ ព្រមទាំងមានភ្ជាប់បណ្ដាញអគ្គិសនី និងដំឡើងកង្ហារ ដើម្បីផ្ដល់ផាសុកភាពដល់សិស្សសិក្សារៀនសូត្រ។ ក្រៅពីនេះក្រុមហ៊ុនក៏បានរៀបចំឱ្យមានកូនបណ្ណាល័យមួយដែលមានសៀវភៅរៀន និងអានប្រមាណជាង៤០០ក្បាល សម្រាប់សិស្សអាន។ ចំណែកឯ ក្នុងទីធ្លាសាលារៀនវិញក៏មានរៀបចំនូវកន្លែងគោរពទង់ជាតិ តារាងបាល់ទះ និងកន្លែងក្មេងលេងផងដែរ ដែលជាការផ្សារភ្ជាប់ការសិក្សាជាមួយនឹងសកម្មភាពកីឡាដើម្បីឱ្យមានសុខភាពរឹងមាំ។

ក្នុងពេលសម្ពោធដាក់អោយប្រើប្រាស់សាលាបឋមសិក្សាស្នងអននេះ លោកអុឹង ឌីប៉ូឡា អគ្គនាយកធនធានរ៉ែបានលើកឡើងថាសន្តិភាព ស្ថិរភាពនយោបាយ និងចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាលអាណត្តិមុននិងអាណត្តិថ្មីនេះ បានជំរុញឱ្យមានការអភិវឌ្ឍន៍ តំបន់ដាច់ស្រយ៉ាលបានខិតកៀកទីប្រជុំជន តាមរយៈផ្លូវ ភ្លើង សាលារៀន និងការអភិវឌ្ឍន៏ផ្សេងៗ ដូចជាករណីក្រុម ជាំងស៊ា ម៉ាញនីង បានបង្កើតការងារក្នុងតំបន់ដោយប្រើពលកម្មប្រមាណ ៤១៩នាក់ ក្នុងនោះបុគ្គលិកកម្មករជនជាតិខ្មែរប្រមាណ៣៣០នាក់ ដែលទទួលប្រាក់ខែចាប់ពីជាង ៣០០ដុល្លា ទៅជាង ២,០០០ដុល្លាអាមេរិកក្នុង ១ខែ។ ក្រៅពីការបង្កើតការងារ និងជម្រុញសេដ្ឋកិច្ចក្នុងតំបន់ ក្រុមហ៊ុនមានកាតព្វកិច្ចបង់ពន្ធ សួយសារ និងកាតព្វកិច្ចហិរញ្ញវត្ថុផ្សេងទៀតដូចមូលនិធិរ៉ែទ្រទ្រង់កិច្ចអភិវឌ្ឍសហគមន៍មូលដ្ឋាន។

លោកអុឹង ឌីប៉ូឡា បានបន្តទៀតថា តាមរយៈការជួយកសាងសាលារៀនមួយខ្នងដែលមាន៥បន្ទប់នេះដែលជាការចំណាយបន្ថែមរបស់ក្រុមហ៊ុន ក្រុមហ៊ុន ជាំងស៊ា ម៉ាញនីង បានមើលឃើញថា គឺជាការវិនិយោគមួយដ៏សំខាន់សម្រាប់អនាគតរបស់សហគមន៍ដោយជឿជាក់ថា កុមារនឹងទទួលបាននូវការអប់រំដែលមានគុណភាព ហើយក្រុមហ៊ុនពិតជាមានក្ដីសោមនស្សរីករាយនៅក្នុងការចូលរួមកសាងសមិទ្ធផលដ៏មានតម្លៃនេះ។

តាមការលើកឡើងរបស់លោកអគ្គនាយក,លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានដាក់ជាទិសដៅ និងយុទ្ធសាស្ត្រក្នុងកាអភិវឌ្ឍន៍វិស័យរ៉ែដោយការទទួលខុសត្រូវខ្ពស់ចំពោះសេដ្ឋកិច្ច សង្គម និងបរិស្ថាន ដោយក្នុងនោះគឺការប្រមូលចំណូលរ៉ែដោយប្រសិទ្ធិភាពនិងតម្លាភាព សុវត្តិភាពដល់កម្មករនយោជិតរ៉ែដែលជ្រកកោនក្រោមពាពាក្យស្លោកថាព្រឹកចេញទៅធ្វើការ ល្ងាចត្រលប់មកវិញជួបជុំគ្រួសារ និងការយកចិត្តទុកដាក់ខ្ពស់ចំពោះសហគមន៍មូលដ្ឋានដែលមានការដ្ឋានរ៉ែ។

គួរជម្រាបថា ពិធីសម្ពោធសាលារៀន និងសមិទ្ធផលនានាខាងលើនេះ ប្រព្រឹត្ដទៅក្រោមអធិបតីភាពលោកលោក អុឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ លោក អ៊ុន បុត្ត អភិបាលរងខេត្តកំពង់ធំ តំណាងលោក នួន ផារ័ត្ន អភិបាលខេត្ត និងមានការចូលរួមពីលោកប្រធានមន្ទីររ៉ែ ប្រធានមន្ទីរបរិស្ថាន មន្ដ្រីអាជ្ញាធរមូលដ្ឋានជាច្រើនរូប តំណាងក្រុមហ៊ុន ជាំងស៊ា ម៉ាញនីង និងប្រជាពលរដ្ឋព្រមទាំងសិស្សានុសិស្សក្នុងតំបន់។ ចំពោះថវិកាសម្រាប់ការសាងសង់សាលានេះគឺចំណាយអស់ប្រមាណជាង ២០ម៉ឺនដុល្លារអាមេរិក៕