(ពោធិ៍សាត់)៖ លោក អេង គន្ធា អគ្គនាយករងអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានឃុំអន្សាចំបក់ ស្រុកក្រគរ និងឃុំស្រែស្តុក ស្រុកកណ្តៀង នារសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៥នេះ បានបន្តរៀបចំកម្មវិធីសង្ក្រាន្តឆ្នាំថ្មី និងចាប់ឆ្នោតទទួលយករង្វាន់ ផ្តល់ជូនយុវជន យុវនារី ដែលមានអាយុចាប់ពី១៨ឆ្នាំ ដល់៣៥ឆ្នាំ ក្នុងឱកាសអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពស.២៥៦៨ គស.២០២៥។

ពិធីនេះ ត្រូវបានធ្វើឡើងនៅបរិវេណវត្តកោះរំដួល ស្ថិតក្នុងឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដោយបានការចូលរួមពី លោក លីវ សេងហ៊ីម អភិបាលនៃគណៈអភិបាលស្រុកក្រគរ អាជ្ញាធរឃុំ ប្អូនៗក្មួយៗយុវជន យុវនារី មកពីបណ្តាភូមិ ក្នុងឃុំអន្សាចំបក់យ៉ាងច្រើនកុះករ។

លោក អេង គន្ធា បានឱ្យដឹងថា ការជួបជុំគ្នានេះ មិនមែនជាលើកទីមួយនោះទេ ពោលគឺធ្វើឡើងនាអំឡុងពេលលោក កែវ រតនៈ ជាអតីតប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយស្រុកក្រគរ និងស្រុកកណ្តៀង ខណៈដែរបច្ចុប្បន្នលោកជារដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ និងបន្តដោយ លោកបណ្ឌិត ប្រាំង ជលសា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា អគ្គនាយកអគ្គិសនីកម្ពុជា និងជាប្រធានក្រុមរាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានស្រុកក្រគរ និងស្រុកកណ្តៀង។

លោកបានបញ្ជាក់ថា លោក កែវ រតនៈ ដែលជាកុលបុត្រប្រសូត្រចេញពីខេត្តពោធិ៍សាត់ លោកមានទស្សនវិស័យវែងឆ្ងាយ ម៉ត់ច៉ត់ និងគិតគូរយ៉ាងល្អិតល្អន់ ក្នុងការអភិវឌ្ឍន៍ និងបង្កើតការងារជាច្រើន ជូនប្រជាពលរដ្ឋ ជាពិសេសយុវជនបន្តវេន នៅក្នុងឃុំអន្សាចំបក់ ស្រុកក្រគរ ឱ្យមានការងារធ្វើនៅនឹងមូលដ្ឋាន មិនធ្វើចំណាកស្រុក។

លោកអគ្គនាយករងអគ្គិសនីកម្ពុជា បន្តថា ក្នុងឆ្នាំ២០២៥ថ្មីៗនេះ ក្រសួងធនធានទឹក និងឧតុនិយម ដោយបានការយកចិត្តទុកដាក់ ពីរាជរដ្ឋាភិបាល និងដោយបានការចូលរួមសហការ ពីអាជ្ញាធរដែនដី អង្គការជាតិ និងអន្តរជាតិ បានសម្រេចជួសជុល និងសាងសង់សំណង់សិល្បការ្យ នៃទំនប់អាងទឹកអ្នកតាធំ ក្នុងឃុំអន្សាចំបក់យើង ដើម្បីផ្តល់ជូនប្រជាពលរដ្ឋបានប្រើប្រាស់ជាប្រយោជន៍ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ និងស្រោចស្រពបន្ថែមលើផ្ទៃដីបង្កបង្កើនផលកសិកម្ម ជាពិសេសបានប្រែក្លាយតំបន់ននោះ ទៅជាតំបន់ទេសចរណ៍ដ៏ទាក់ទាញ សម្រាប់ឃុំយើងផងដែរ។

លោកក៏សូមឱ្យក្មួយៗទាំងអស់ ចូលរួមថែរក្សាសន្តិភាព និងគាំទ្រដល់ការដឹកនាំ​របស់​រាជរដ្ឋាភិបាល ដែលមានសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីមានឱកាស និងផ្តល់លទ្ធភាពដល់សម្តេចបន្តជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា ក៏ដូចជាឃុំអន្សាចំបក់យើង សំដៅបង្កើតសមិទ្ធផលថ្មីៗបន្ថែម​ទៀ​ត។ លោកសូមយកឱកាសនេះ ណែនាំបន្ថែមដល់កូនក្មួយទាំងអស់ ត្រូវក្លាហាន និងធ្វើការវាយបក ចំពោះជនប្រឆាំងមួយក្តាប់តូច ដែលក្រាញននាលទាមទារធ្វើជាកម្មសិទ្ធិតំបន់អន្ទង់អាំង ភ្នំ១៥០០ ព្រោះទីតាំងនោះត្រូវបានប្រជាពលរដ្ឋក្នុង និងក្រៅខេត្ត សំណូមពរយ៉ាងទទូច សុំឱ្យអភិរក្សជាតំបន់ឧទ្យានជាតិដូចពីមុន ដើម្បីបម្រើផលប្រយោជន៍សាធារណៈ និងដាំស្តារព្រៃឈើឡើងវិញ។

លោក អេង គន្ធា បានស្នើដល់គណៈបញ្ជាការឯកភាពស្រុក ឃុំ ត្រូវពង្រឹងកិច្ចការងារ ការពារសន្តិសុខ សុវត្ថិភាព​ និងសណ្ដាប់ធ្នាប់​សាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ និងត្រៀមកម្លាំងអន្តរាគមន៍ បង្ការ បង្ក្រាប និងទប់ស្កាត់ ក្មេងទំនើង ដែលអុកឡុកក្នុងភូមិសាស្ត្រ ឃុំអន្សាចំបក់ទាំងមូល។

ជាមួយគ្នានោះ លោកក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋក្នុង និងក្រៅខេត្ត ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ សូមចូលរួមទស្សនាកម្សាន្តនៅរមណីយដ្ឋាន «ភ្នំនាគស» ឱ្យបានច្រើនកុះករ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៥នេះ ព្រោះថារមណីយដ្ឋានភ្នំនាគស ឬល្អាងព្រះនាងរំសាយសក់ គឺជារមណីយដ្ឋានមួយ ក្នុងចំណោមរមណីយដ្ឋានជាច្រើនទៀត ក្នុងខេត្តពោធិ៍សាត់ ដែលមានទេសភាពស្រស់ត្រកាល ចម្លាក់ផ្ទាំងថ្ម គួរជាទីគយគន់ ជាពិសេសការចូលទស្សនាមិនគិតថ្លៃផងដែរ។

គួរជម្រាបជូនថា សម្រាប់សង្ក្រាន្តឃុំអន្សាចំបក់ ស្រុកក្រគរនាថ្ងៃនេះ មានការប្រគុំតន្ត្រីរំាលេងកម្សាន្ត ការវាយក្អម និងចាប់ឆ្នោតទទួលយករង្វាន់យ៉ាងច្រើនសន្ទឹកសន្ធាប់ រួមមាន៖ ម៉ូតូអគ្គិសនី, កង់អគ្គិសនី, ផ្ទាំងសូឡា, កង្ហារ, ឆ្នាំបាយ, ឆ្នាំងដាំទឹក, ចង្ក្រានហ្គាស, ធុងទឹកកក, ទូរស័ព្ទ, នាឡិកា, ក្រណាត់ហូល... ដើម្បីចូលរួម​អបអរ​សា​ទរ​ និងបង្កើ​ន​ភាពសប្បាយរីករាយ ឱ្យកាន់តែ​មានភាពអធិកអធម​ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពស.២៥៦៨ គស.២០២៥៕