(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្ដាប់ បានថ្លែងថានៅថ្ងៃដ៏ក្ខត្តឫក្សនេះ, បើយើងពោលអំពីព្រះរាជពិធីបួងសួងរំលឹកដឹងគុណ និងកតញូដល់បុព្វការីជន ដើម្បីចម្រើនសេចក្ដីសុខជូនជាតិ មាតុភូមិ និងប្រជាជាតិខ្មែរ ក្រោមព្រះរាជាធិបតីភាពជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុមនី ព្រះមហាក្សត្រនៃកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ ពីមុខក្ដាបែននៃប្រាង្គប្រាសាទអង្គរ ក្នុងថ្ងៃទទួលទេវតាបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ដោយមានការអមដង្ហែរពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានឧត្ដមប្រឹក្សាព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា, សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ព្រមទាំងនាហ្មឺនមន្រ្ដី, អ្នកឧកញ៉ា, ឧកញ៉ា, មន្រ្ដីអ្នកមុខ អ្នកការជាតិ និងអន្ដរជាតិយ៉ាងច្រើនកុះករ ដ៏អធិកអធម ដោយម្នាក់ៗបញ្ចេញនូវភាពស្វាហាប់ រស់រវើក ទឹកមុខញញឹមយ៉ាងស្រស់បំព្រង ដូចសាធារណៈមតិជាតិនិងអន្ដរជាតិឃើញនេះ។

ចំពោះប្រទេសដែលមានអរិយធម៌ ដ៏ឧត្ដុង្គឧត្ដមខ្ពង់ខ្ពស់ ប្រពៃណីនៃការគោរពដឹងគុណ និងកតញូដល់បុព្វការីជនខ្លួនមានសារៈសំខាន់ខ្លាំងណាស់ ការគោរពដល់បុព្វការីជនខ្លួនមាន មាតាបិតា, ញាតិមិត្ដជិតឆ្ងាយ, អ្នកប្រាជ្ញកវី, យុទ្ធជនពលីជីវិតក្នុងសមរភូមិដើម្បីជាតិ មាតុភូមិ គឺនាំមកនូវ "សន្ដិភាពនិងយសសិរី " ដល់ព្រះនគរទាំងមូល ព្រោះសន្ដិភាព ជាស្នួលនៃការអភិវឌ្ឍជាតិ និងមាតុភូមិ ដែលជាប្រពៃណីដ៏ល្អផូរផង់របស់ខ្មែរយើងតាំងពីបុរាណរៀងមក ពិសេសសម័យចក្រភពអង្គរដ៏រុងរឿងនៃយើង។

លោក រ័ត្ន សណ្ដាប់ បន្ដថា ស្ថិតក្នុងន័យនេះ ព្រះរាជពិធីបួងសួងដើម្បី​សុំពរជ័យ សិរីមង្គលពីបុព្វការីជនដល់ព្រះនគរ គឺជាប្រពៃណីព្រះរាជបវេណីចងភ្ជាប់រវាងអតីតៈ បច្ចុប្ប្នន្ន និងអនាគត គឹរវាងភពព្រលឹងវិញ្ញាណ (អ្នកស្លាប់)និងភពមនុស្ស (អ្នករស់) ហើយភពមនុស្ស (អ្នករស់) ត្រូវមានកាតព្វកិច្ចរំលឹកធ្វើបុណ្យដល់ភពព្រលឹងវិញ្ញាណ (អ្នកស្លាប់) ឲ្យទៅតាមគន្លងធម៌ ធ្វើឲ្យសង្គមមានតុល្យភាព ព្រោះសម័យបុរាណមួយ តែងគោរពសម័យបុរាណ" មួយទៀតបន្តបន្ទាប់ដ៏រស់រវើក។

បើពោលឲ្យចំ ព្រះរាជពិធីបួងសួងរំលឹកដឹងគុណ ដល់បុព្វការីជន គឺជាធម៌កតញូ បុរាណហៅថា "ស្រុកកតញូ" បង្ហាញអំពីប្រពៃណីខ្មែរ គឺជាជនជាតិមានភាពស្មោះត្រង់ គោរពដឹងគុណ និងកតញូដល់បុព្វការីជនខ្លួនយ៉ាងប្រពៃបំផុត ជាក់ស្ដែងសិលាចារឹកប្រាសាទបន្ទាយឆ្មារ K.569 បានរៀបរាប់ទៅដល់ឈ្មោះស្រុក ថា " ក្ឫតជ្ញបុរ " ជាឈ្មោះរាជធានី, ស្រុករបស់អ្នកដឹងគុណ និងកតញូ ដោយសង្គមចងចាំនិងរក្សាតម្លៃមនុស្សជានិច្ច។ ដូច្នេះចំពោះព្រះរាជពិធីបួងសួងរំលឹកដឹងគុណនិងសុំពរជ័យពីបុព្វការីជននេះទៀតសោត គឺជាការបណ្ដុះនូវស្មារតីស្រទ្បាញ់ជាតិ មាតុភូមិ និងប្រជាជាតិពីជំនាន់មួយ ទៅជំនាន់មួយ ដើម្បីកុំឲ្យភ្លេចជាតិខ្លួន៕