(ភ្នំពេញ)៖ ចំណងមិត្តភាពរវាងសាធារណរដ្ឋប្រជាមានិតចិន និងព្រះរាជាណាចក្រកម្ពុជា ប្រៀបបាននឹងទន្លេដ៏វែងមួយ ដែលហូរកាត់លំហពេលវេលា នាំនូវសមាហរណកម្ម និងការដកពិសោធន៍ពីគ្នាទៅវិញទៅមក នៃអរិយធម៌រាប់ពាន់ឆ្នាំ។ ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតជាផ្លូវការនៅឆ្នាំ១៩៥៨មក តាំងពីដើមដល់ចប់ ប្រទេសទាំងពីរបានប្រកាន់ខ្ជាប់អាកប្បកិរិយា «មិត្តភក្តិដែកថែប» ប្រកៀកស្មាររួមដំណើរ ឆ្លងកាត់ព្យុះភ្លៀងប្រវត្តិសាស្រ្តាជាមួយគ្នា សរសេរតាក់តែងទំព័រដ៏អស្ចារ្យ ដែលរៀបរាប់អំពីទំនុកចិត្តទៅវិញទៅមកផ្នែកនយោបាយ គោលនយោបាយឈ្នះឈ្នះ ផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ភាពជិតស្និទ្ធដូចបងប្អូនរវាងប្រជាជន និងប្រជាជន។

* មូលដ្ឋានគ្រឹះ នៃមិត្តភាពដែលមានប្រវត្តិសាស្ត្រដ៏យូរអង្វែង

ការផ្លាស់ប្តូរទំនាក់ទំនងរវាងចិននិងកម្ពុជា អាចចាប់ផ្តើមតាំងពីផ្លូវសូត្រសមុទ្រនៅសតវត្សទី១ នៃគ្រឹស្តសករាជ គឺសម័យនគរទាំងបី លោក Zhu Ying បានកត់ត្រានៅក្នុង «កំណត់ត្រាព្រឹត្ដការណ៍ក្រៅប្រទេសសម័យហ្វូណន» អំពីដំណាក់កាលដំបូង នៃការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសទាំងពីរ។ ក្នុងឱកាស នៃសន្និសីទទីក្រុងបានឌុង (Bandung) នៅប្រទេសឥណ្ឌូណេស៊ី នាឆ្នាំ១៩៥៥ លោក ជូ អេងឡាយ នាយករដ្ឋមន្ត្រីចិន បានចាប់ព្រះហស្តព្រះបរមរតនកោដ្ឋ ព្រះកុរណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ដែលជាការបើកសករាជថ្មី នៃទំនាក់ទំនងចិន-កម្ពុជាក្នុងសម័យទំនើប។

ក្នុងដំណាក់កាលដំបូង នៃការបង្កើតទំនាក់ទំនងការទូត កម្ពុជាបានគាំទ្រយ៉ាងមុតមាំចំពោះចិន ឱ្យទទួលបានអាសនៈស្របច្បាប់ឡើងវិញ នៅអង្គការសហប្រជាជាតិ បើទោះបីជាមានសម្ពាធពីខាងក្រៅក៏ដោយ ខណៈដែលប្រទេសចិនបានជួយក្នុងការសាងសង់ផ្លូវជាតិបួនគន្លងខ្សែទីមួយ និងរោងចក្រផលិតអគ្គិសនីដើរដោយឥន្ទនៈហ្វូស៊ីល (Fossil Fuel) ទីមួយដល់ប្រទេសកម្ពុជា ក្នុងអំឡុងពេលដ៏លំបាករបស់ខ្លួន ដែលជាមូលដ្ឋានគ្រឹះនៃមិត្តភាពដ៏រឹងមាំ។ នៅទសវត្សរ៍១៩៧០ នៅពេលដែលព្រះបរមរតនកោដ្ឋ ព្រះកុរណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ដឹកនាំការតស៊ូរំដោះប្រទេសជាតិនៅក្នុងប្រទេសចិន។ ប្រទេសចិន បានផ្តល់ឱ្យ «ព្រះបរមរតនកោដ្ឋ» នូវការគាំទ្រផ្នែកនយោបាយ និងផ្នែកសម្ភារៈ ដែលជាការសរសេររឿងនិទានដ៏អស្ចារ្យអំពីប្រវត្តិសាស្ត្រ នៃចលនាកុម្មុយនិស្តអន្តរជាតិ។

* ក្របខណ្ឌនៃ «កិច្ចសហប្រតិបត្តិការត្បូងពេជ្រ» ដោយផ្តោតលើវិស័យអាទិភាពចំនួន៦ ក្នុងយុគសម័យថ្មី

ចូលដល់សតវត្សទី២១ ទំនាក់ទំនងចិន-កម្ពុជា សម្រេចបានការអភិវឌ្ឍបែបលោតផ្លោះ។ នាឆ្នាំ២០១៩ ភាគីទាំងពីរ បានចុះហត្ថលេខាលើផែនការសកម្មភាពស្តីពីការកសាងសហគមន៍វាសនារួម ចាប់ផ្តើមនាំមុខដោយការកសាងក្របខណ្ឌនៃ «កិច្ចសហប្រតិបត្តិការត្បូងពេជ្រ» ដោយផ្តោតលើវិស័យអាទិភាពចំនួន៦ រួមមាន៖ នយោបាយ, សមត្ថភាពផលិតកម្ម, កសិកម្ម ,ថាមពល, សន្តិសុខ និងការផ្លាស់ប្តូរប្រជាជននិងប្រជាជន។

សម្រាប់វិស័យនយោបាយ ថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជា-ចិន តែងតែមានទំនាក់ទំនងគ្នាទៅវិញទៅមកជាញឹកញាប់ហើយ «កិច្ចព្រមព្រៀងរយៈពេលបីឆ្នាំ» រវាងលោក ស៊ី ជីនពីង ប្រធានាធិបតីចិន និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភាកម្ពុជាបច្ចុប្បន្ន បានក្លាយជាគំរូសម្រាប់ការផ្លាស់ប្តូរទំនាក់ទំនងអន្តរជាតិ។ ប្រឈមមុខនឹងបញ្ហាប្រឈមអន្តរជាតិ ដូចជាបញ្ហាសមុទ្រចិនខាងត្បូង តាំងពីដើមដល់ចប់ កម្ពុជាបានប្រកាន់ខ្ជាប់នូវ «គោលការណ៍ចិនតែមួយ» និងបង្ហាញពីកម្រិតខ្ពស់ នៃការជឿទុកចិត្តគ្នាទៅវិញទៅមកជាយុទ្ធសាស្ត្រ។

សម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ក្នុងនាមជាគម្រោងលំដាប់កំពូល (Flagship) នៃគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានកាត់បន្ថយរយៈពេលធ្វើដំណើរពីភ្នំពេញទៅក្រុងព្រះសីហនុពី ៥ម៉ោងមកត្រឹម ២ម៉ោង ដោយជំរុញការអភិវឌ្ឍច្រករបៀងសេដ្ឋកិច្ចតាមបណ្តោយផ្លូវ។ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានទាក់ទាញសហគ្រាសចំនួន១៧៥ ឱ្យមកវិនិយោគ ដោយបង្កើតឱកាសការងាររាប់ម៉ឺនកន្លែង ព្រមទាំងត្រូវបានប្រសិទ្ធនាមជា «ក្បាលម៉ាស៊ីនថ្មី នៃសេដ្ឋកិច្ចកម្ពុជា»។ បន្ទាប់ពីការធ្វើវិសិដ្ឋកម្ម (Upgrade) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនៅឆ្នាំ២០២៤ ទំហំនៃការផ្លាស់ប្តូរពាណិជ្ជកម្មទ្វេភាគីរវាងចិន-កម្ពុជា បានកើនលើសពី ១៦ពាន់លានដុល្លារអាមេរិក ហើយប្រទេសចិននៅតែជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់កម្ពុជា សម្រាប់រយៈពេល១២ឆ្នាំជាប់ៗគ្នា។

* ការអនុវត្តដ៏រស់រវើក នៃការផ្សាភ្ជាប់បេះដូងប្រជាជននិងប្រជាជន

ការផ្លាស់ប្តូរប្រជាជននិងប្រជាជន បានក្លាយជា «ស្ពានផ្សាភ្ជាប់បេះដូង» នៃមិត្តភាព។ ក្នុងអំឡុងឆ្នាំ២០២៤ ជា «ឆ្នាំផ្លាស់ប្តូរប្រជាជននិងប្រជាជនចិន-កម្ពុជា» បានប្រារព្ធរួមគ្នានូវព្រឹត្តិការណ៍ «ពិព័រណ៍វប្បធម៌ទេសចរណ៍ និងការសម្តែងក្បាច់គុនសៅលីញនិងគុនល្បុក្កតោ» និងការរួមគ្នាតាំងពិព័រណ៌ប៉ាក់ចិន និងគ្រឿងប្រាក់ខ្មែរ។ នៅក្នុងព្រឹត្តិការណ៍ពិធីបិទ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជនកម្ពុជា-ចិន២០២៤» ដែលប្រព្រឹត្តទៅនៅទីក្រុងចឹងចូវ ខេត្តហឺណាន ប្រទេសចិន សិល្បករមកពីប្រទេសទាំងពីរ បានសម្តែងរួមគ្នាបង្កើតឡើងវិញនូវទិដ្ឋភាពដ៏រុងរឿង នៃការសន្ទនាជាមួយអរិយធម៌ «ផ្លូវសូត្រសមុទ្រ»។ ចំណែកឯកិច្ចសហប្រតិបត្តិការទេសចរណ៍ ក៏ទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ផងដែរនៅឆ្នាំ២០២៤ ចំនួនភ្ញៀវទេសចរចិនមកទស្សនានៅកម្ពុជាបានកើនឡើង៣៥% ធៀបនឹងឆ្នាំ២០២៣។ បន្ទាប់ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ សមត្ថភាពទទួលអ្នកដំណើរតាមផ្លូវអាកាសប្រចាំឆ្នាំ ត្រូវបានកើនឡើងដល់រាប់លាននាក់ ដែលពិតជាសម្រេចបាននូវសេចក្ដីប្រាថ្នា «បេះដូងទាំងពីររត់រកគ្នា»

ចំពោះកិច្ចសហប្រតិបត្តិការផ្នែកសុខាភិបាល បានបង្ហាញពីសេចក្ដីស្រឡាញ់ដ៏ធំធេង និងការទទួលខុសត្រូវខ្ពស់។ ប្រទេសចិន បានជួយសាងសង់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ និងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ។ ក្នុងអំឡុងពេលនៃការជំងឺរាតត្បាត វ៉ាក់សាំងជាង ៣០លានដូសត្រូវបានផ្តល់ជូនដល់ប្រទេសកម្ពុជា ហើយកុមារកម្ពុជា៨០នាក់ ដែលមានជំងឺបេះដូងពីកំណើតបានទទួលការវះកាត់ដោយឥតគិតថ្លៃនៅប្រទេសចិន ដែលជាការសរសេររឿងនិទានដ៏អស្ចារ្យអំពី «សេចក្តីស្រលាញ់គ្មានព្រំដែនកំណត់» ។ នៅឆ្នាំ២០២៥ ការប្រារព្ធពិធីសម្ពោធសមិទ្ធផលទំនើបកម្មមូលដ្ឋានសមុទ្ររាម និងមជ្ឈមណ្ឌលភស្តុភារ និងហ្វឹកហ្វឺនរួមគ្នាកម្ពុជា ចិន-ផែរាម បានក្លាយជាមជ្ឈមណ្ឌលដ៏សំខាន់សម្រាប់ការប្រឆាំងភេរវកម្ម និងជំនួយសង្គ្រោះគ្រោះមហន្តរាយក្នុងតំបន់ ហើយក៏ជាការបញ្ជាក់ម្តងទៀតអំពី «មិត្តភាពដែកថែប មិនផ្តាច់មុខ No exclusivity»

* ចក្ខុវិស័យនាពេលអនាគត នៃសហគមន៍វាសនារួម

ឈរនៅចំណុចគន្លឹះប្រវត្តិសាស្ត្រ នៃខួបលើកទី៦៧ នៃការបង្កើតទំនាក់ទំនងការទូត កិច្ចសហប្រតិបត្តិការរវាងចិន-កម្ពុជា កំពុងឈានទៅរកវិមាត្រ (Dimension) កាន់តែខ្ពស់។ ស្ពានឆ្លងទន្លេមេគង្គខេត្តក្រចេះ ដែលសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន-ថ្នល់ចិន (CRBC) តភ្ជាប់សរសៃឈាមដឹកជញ្ជូនភាគខាងកើត និងខាងលិច។ បណ្តាញប្រព័ន្ធ 5G របស់ក្រុមហ៊ុន Huawei គ្របដណ្តប់៨០% នៃចំនួនប្រជាជន ហើយស្ថានីយ៍វារីអគ្គិសនីស្ទឹងឬស្សីជ្រុំរបស់ក្រុមហ៊ុនចិន China Huadian Corporation បានផ្គត់ផ្គង់ថាមពលអគ្គីសនីជាង ១០ពាន់លានគីឡូវ៉ាត់ម៉ោង កិច្ចសហប្រតិបត្តិការថាមពលបៃតង ជួយឱ្យកម្ពុជាសម្រេចបាន «ចក្ខុវិស័យឆ្នាំ២០៥០»។ នៅក្នុងវេទិកាពិសេសស្តីពី «មិត្តភាពដែកថែបកម្ពុជា-ចិន ក្នុងយុគសម័យថ្មី៖ កិច្ចសហប្រតិបត្តិការឈ្នះឈ្នះ និងវិបុលភាពរួម» សហគ្រាសចិនបានសន្យាថា នឹងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ដូចជាសេដ្ឋកិច្ចឌីជីថល និងកសិកម្មឆ្លាតវៃ។ល។ គម្រោងផ្ទុកថាមពល 1GWh របស់ក្រុមហ៊ុន Huawei និងមជ្ឈមណ្ឌលបណ្តុះបណ្តាលធនធានមនុស្សក្នុងតំបន់ត្រូវបានបើកដំណើរការ ដែលជាការចាក់បញ្ចូលសន្ទុះកម្លាំងជំរុញថ្មីទៅក្នុងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។

ចាប់ផ្តើមពីចម្លាក់ពាន់ឆ្នាំនៅតាមជញ្ជាំងប្រាសាទអង្គរវត្ត រហូតដល់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដែលជាឆ្អឹងខ្នងដែកថែប ចាប់ផ្តើមពីប្រាជ្ញា នៃឱសថបុរាណ រហូតដល់ស្ថានីយមូលដ្ឋានប្រព័ន្ធ 5G ដែលជាជីពចរឌីជីថល ចំណងមិត្តភាពចិន-កម្ពុជា តែងតែឈរលើគោលការណ៍ «ការពិគ្រោះយោបល់រួមគ្នា ការកសាងរួមគ្នា និងការចែករំលែក»។ ដូចជាប្រសាសន៍របស់លោក ស៊ី ជីនពីង ប្រធានាធិបតីចិន៖ «មិនថាស្ថានភាពអន្តរជាតិផ្លាស់ប្តូរយ៉ាងណានោះទេ តាំងពីដើមដល់ចប់ ប្រទេសចិន គឺជាមិត្តដ៏គួរឱ្យទុកចិត្តបំផុតរបស់ប្រទេសកម្ពុជា»។ នាវាយក្សដឹកមិត្តភាពពាន់ឆ្នាំនេះ ប្រាកដជានឹងចេញដំណើរឆ្ពោះទៅកាន់ថ្ងៃស្អែកដ៏ត្រចះត្រចង់ ក្នុងដំណើរនៃជោគវាសនារួម៕