(ភ្នំពេញ)៖ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥នេះ ដែលជាថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ យ៉ាងហោចណាស់មានភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង៤៨ម៉ឺននាក់ បានចូលរួមកម្សាន្តសប្បាយរីករាយ នៅក្នុងព្រឹត្តិការណ៍សង្រ្កាន្តវត្តភ្នំ និងតំបន់ Walk Street មាត់ទន្លេ។

អាជ្ញាធរបានឱ្យដឹងថា សម្រាប់ទីតាំងសង្ក្រាន្តវត្តភ្នំ មានប្រជាពលរដ្ឋ មកលេងកម្សាន្ត៤៣ម៉ឺននាក់ ខណៈតំបន់ Walk Street មានប្រមាណ៥ម៉ឺននាក់។ នេះបើយោងតាមលោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានប្រាប់បណ្តាញព័ត៌មាន Fresh News។

ក្រៅពីរៀបចំកម្មវិធីសប្បាយជូនប្រជាពលរដ្ឋ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ តែងតែដឹកនាំបើកកិច្ចប្រជុំជាប់ជាប្រចាំរៀបចំសណ្តាប់ធ្នាប់ និងថែរក្សាសុវត្ថិភាពជូនប្រជាពលរដ្ឋមកលេងកម្សាន្ត។

សូមជម្រាបថា ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ សាលារាជធានីភ្នំពេញ បានរៀបចំនូវព្រឹត្តិការណ៍សង្រ្កាន្តវត្តភ្នំ ដើម្បីភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានចូលរួមកំសាន្តសប្បាយរីករាយនាឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។

សាលារាជធានីភ្នំពេញបានរៀបចំលម្អ បង្ហាញពីសោភ័ណ្ឌភាពប្រពៃណីដ៏ស្រស់ស្អាត ធានាបាននូវសុវត្ថិភាព សន្តិសុខ ជូនដល់បងប្អូនប្រជាពលរដ្ឋមកទស្សនា និងកំសាន្តជាមួយល្បែងប្រជាប្រិយខ្មែរយ៉ាងសម្បូរបែបថែមទៀតផង៕