(សៀមរាប)៖ រយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី១៣ និងទី១៤ ខែមេសា ឆ្នាំ២០២៥នេះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនសហការជាមួយនឹងក្រសួងទេសចរណ៍ ក្រសួងពាណិជ្ជកម្ម  គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តសៀមរាប រួមជាមួយនឹងវិស័យឯកជនបានសកម្មភាពផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀនក៏ដូចជាការទាញយក App NoDrug  មកប្រើប្រាស់ដើម្បីទទួលបានចំណេះដឹងពីការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន។

ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានឲ្យដឹងថាក្នុងរយៈពេល២ថ្ងៃនេះ មហាជនដែលចូលរួមទស្សនាខេត្តសៀមរាប ក៏ដូចជាចូលរួមព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ នេះគឺមានប្រជាពលរដ្ឋយ៉ាងច្រើនកុះករ និងសម្ដែងនូវចំណាប់អារម្មណ៍ខ្លាំងចំពោះការតាំងពីពណ៌របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនទាំងនៅតំបន់អង្គរក៏ដូចជា នៅមាត់ស្ទឹងសៀមរាប ពួកគាត់ឆ្លៀតពេលចូលស្វែងយល់ក៏ដូចជាទទួលយកនូវបទពិសោធន៍ថ្មីៗពាក់ព័ន្ធនឹងការងារគ្រឿងញៀនក៏ដូចជា App NoDrug ដែលជាប្រព័ន្ធបច្ចេកវិទ្យាក្នុងការផ្ដល់ចំណេះដឹងកាន់តែរហ័សនិងរាយការណ៍យកបញ្ហាគ្រឿងញៀនចេញពីសហគមន៍។

ក្នុងនាមថ្នាក់ដឹកនាំ ពិសេសលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងឱកាសនោះ លោក ឡោ សុវិជ្ជា មន្ត្រីជាន់ខ្ពស់តំណាងឱ្យក្រុមការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនក្រសួងទេសចរណ៍បានប្រាប់ឲ្យដឹងថា កម្ពុជាគឺជាគោលដៅទេសចរណ៍វបែបវប្បធម៌ បែបវប្បធម៌ប្រវត្តិសាស្ត្រ និងទេសចរណ៍ធម្មជាតិដោយគ្មានគ្រឿងញៀន។

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានមានប្រសាសន៍ ដោយពាំនាំនូវការថ្លែងអំណរគុណពីលោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដល់ក្រសួងទេសចរណ៍ ក្រសួងពាណិជ្ជកម្ម គណៈកម្មាធិការត្រួតគ្រឿងញៀនខេត្តសៀមរាប គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអិលអូអិលស៊ី ខេមបូឌា ក្រុមហ៊ុនទេសចរណ៍ឆាយផល ក្រុមហ៊ុនទឹកសុទ្ធហាយតិច ដែលបានផ្ដល់នូវកិច្ចសហការចូលរួមរៀបចំការតាំងពិពណ៌នេះទទួលបានការចាប់អារម្មណ៍ពីមហាជនទូទៅ ហើយការងារនេះអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនតែងធ្វើការសហការជាមួយដៃគូពាក់ព័ន្ធទាំងអស់សំដៅកៀងគរការចូលរួមធ្វើឲ្យសកម្មភាពប្រព្រឹត្តទៅជាលក្ខណៈពហុវិស័យ និងជាចលនាជាតិរួមមួយ៕