(ពោធិ៍សាត់)៖ ក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានស្រុកបាកាន សហការជាមួយ រដ្ឋបាលស្រុកបាកាន ដឹកនាំដោយ លោកបណ្ឌិត ទី នរិន្ទ រដ្ឋលេខាធិការប្រចាំការ ក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានស្រុកបាកាន នាថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ បានរៀបចំកម្មវិធីសង្ក្រាន្តវត្តបាកាន យ៉ាងអធិកអធម ដោយមានភ្ញៀវទេសចរ និងប្រជាពលរដ្ឋចូលរួម រាប់ម៉ឺននាក់ ដើម្បីអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពស.២៥៦៨ គស.២០២៥។
ពិធីនេះត្រូវបានធ្វើឡើង នៅបរិវេណវត្តបាកាន ដែលស្ថិតក្នុងភូមិអូររំចេក ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ ដោយបានការចូលរួមពី អ្នកតំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល ក្រុមការងារចុះជួយឃុំ អាជ្ញាធរស្រុក ឃុំ យុវជន និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
លោកបណ្ឌិត ទី ថានី អ្នកតំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ និងអនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានស្រុកបាកាន បានឱ្យដឹងថា ព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំនេះ យើងបានរៀបចំជាច្រើនកន្លែង តាមបណ្តាវិទ្យាល័យ វត្តអារាមទូទាំងស្រុក ហើយសម្រាប់វត្តបាកាននេះទៀតសោធ គឺជាព្រឹត្តិការណ៍ដ៏ធំមួយ ដោយមានរៀបចំកម្មវិធីកម្សាន្តសប្បាយ និងកម្មវិធីប្រឡងប្រណាំងជាច្រើន ដូចជាទាញព្រ័ត្រ, លោតបាវ, ឡើងសសរខ្លាញ់, រាំចង្វាក់តាលុង និងរាំវង់ធំទេវតា ដែលមានវត្តមានយុវជនគ្រប់ប្រព័ន្ធ ចូលរួមរាំប្រហែល ១,៥០០នាក់ និងល្បីរន្ធឺជាថ្មីម្តងទៀត។ លោកបណ្ឌិតបន្តថា ឆ្នាំមុនយើងក៏បានរៀបកម្មវិធីដែរ ដោយផ្ទុះការគាំទ្រ និងល្បីរន្ទឺ ជាមួយនឹងវត្តមានយុវជន៥០០នាក់ រាំចង្វាក់តាលុង ក្នុងកម្មវិធីសង្ក្រាន្តវត្តបាកាន ២០២៤។
លោក ទី ថានី បន្ថែមថា ការរៀបចំសង្ក្រាន្តវត្តបាកានឆ្នាំ២០២៥នេះ បានទទួលការគាំទ្រ ពីសំណាក់ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ ព្រមទាំងរដ្ឋបាលខេត្ត រដ្ឋបាលស្រុក ដោយខិតខំធ្វើយ៉ាងណាបង្កលក្ខណៈសប្បាយៗ ជូនពុកម៉ែបងប្អូនប្រជាពលរដ្ឋ ជាពិសេសភ្ញៀវទេសចរជាតិ-អន្តរជាតិ ចូលមកទស្សនាកម្សាន្ត។
លោកបណ្ឌិត បានគូសបញ្ជាក់ថា ទោះបីជាយ៉ាងណាក៏ដោយ រាល់កម្មវិធីកម្សាន្តសប្បាយ ឬជួបជុំផ្សេងៗ អាចដំណើរការទៅបាន ដោយគ្មានភាពភ័យខ្លាច គឺដោយសារប្រទេសជាតិមានសុខសន្តិភាព ក្រោមម្លប់ដឹកនាំ របស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានព្រឹទ្ធសភានៃកម្ពុជា និងបន្តវេនដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ជាមួយគ្នានោះ លោកសូមយកឱ្យកាសនេះ ស្នើដល់គណៈបញ្ជាការឯកភាពស្រុក ឃុំ ត្រូវពង្រឹងកិច្ចការងារ ការពារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ ជូនពុកម៉ែបងប្អូនប្រជាពលរដ្ឋ ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ និងត្រៀមកម្លាំងអន្តរាគមន៍ បង្ការ បង្ក្រាប និងទប់ស្កាត់ ក្មេងទំនើង ដែលអុកឡុកក្នុងភូមិសាស្ត្រទទួលខុសត្រូវរបស់ខ្លួន។
គួររំលឹកថា វត្តបាកានជាវត្តមួយ ដែលស្ថិតនៅប៉ែកបច្ចឹមនៃខេត្តពោធិ៍សាត់ បើចេញដំណើរពីពោធិ៍សាត់ទៅ មានចម្ងាយប្រហែល១៩គីឡូម៉ែត្រ។ ពីអតីតកាល វត្តនេះគេហៅថាវត្តបានការ ហេតុដែលគេហៅបែបនេះ មកពីប្រជាជន តែងបន់ស្រន់ពេលណា តែងទទួលបានជោគជ័យពេលនោះ។ វត្តនេះមានព្រះវិហារមួយ ដែលមានព្រះពុទ្ធរូបបែរមុខទៅទិសខាងលិច ហើយមានប្រាសាទតូចមួយនៅខាងកើតព្រះវិហារ ប្រាសាទនេះសង់ពីថ្មបាយក្រៀមលាយឡំដោយថ្មភួក។
វត្តបាកាន គឺជាវត្តល្បីមួយ ដែលមានប្រជាប្រិយបំផុត ទោះបីក្នុងកម្មវិធីណាក៏ដោយ ក៏បងប្អូនប្រជាពលរដ្ឋ តែងតែមកចូលរួមបន់ស្រន់ លេងកម្សាន្ត ដោយសារតែពួកគាត់មានជំនឿ និងមានទំនៀមទម្លាប់ពីដូនតាមក។ ដូច្នេះហើយទើប ក្នុងពិធីសង្ក្រាន្តវត្តបាកាន ឆ្នាំ២០២៥នេះ មានភ្ញៀវទេសចរ និងប្រជាពលរដ្ឋរាប់ម៉ឺនរាប់សែននាក់ បានមកចូលរួមអបអរសាទរ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ដែលរៀបចំដោយ ក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានស្រុកបាកាន និងរដ្ឋបាលស្រុកបាកាន៕