(បាត់ដំបង)៖ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបវេល ដឹកនាំដោយលោក នាង ចន្ទថារ៉ា អភិបាលស្រុក និង ជាប្រធានគណៈកម្មាធិការអនុសាខា ព្រមទាំងសហការី នៅរសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សប្បុរសជនតាមរយៈអនុសាខាកាកបាទក្រហមកម្ពុជា ស្រុក ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ ចំនួន ៥គ្រួសារ នៅភូមិបឹងទឹម ភូមិស្វាយស ឃុំតាប៉ុន ស្រុកសង្កែ ដែលបានរងគ្រោះកាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥កន្លងទៅ។

ថ្លែងក្នុងឱកាសសំណេះសំណាលនេះដែរលោក នាង ចន្ទថារ៉ា បានពាំនាំប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់លោក សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ជាពិសេសសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងបានសម្ដែងនូវការសោកស្ដាយចំពោះការខូចខាតផ្ទះសំបែង ទ្រព្យសម្បត្តិ របស់បងប្អូន ដែលនេះជាគ្រោះមហន្តរាយបង្កដោយធម្មជាតិ គ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ។ លោកប្រធានអនុសាខាបានបន្តទៀតថាជានិច្ចកាលសម្តេចតែងតែយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខរបស់បងប្អូន ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះគ្រប់រូប ដោយមិនប្រកាន់ វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។ ពោលគឺទីណាមានការលំបាកទីនោះមានកាកបាទក្រហមកម្ពុជា។

សូមបញ្ជាក់ថា គ្រួសារនីមួយៗទទួលបានអំណោយរួមមាន៖ អង្ករ ២០គីឡូ ត្រីខ១យួរ ទឹកត្រីទឹកស៊ីអីវ១យួរផងដែរ៕