(សៀមរាប)៖ ខេត្តសៀមរាប ដែលជាខេត្តរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត រយៈពេល០៣ថ្ងៃដោយចាប់ផ្តើមពីថ្ងៃ១៤ ១៥ និង១៦ ខែខែមេសា ឆ្នាំ២០២៥។ ថ្ងៃទី១ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរប្រមាណជិត ៨០ម៉ឺននាក់ សម្រាប់ថ្ងៃទី១៤ ខែមេសានេះ។

យោងតាមរបាយការណ៍មន្ទីរទេសចរណ៍ខេត្តសៀមរាប បានឲ្យដឹងថា ថ្ងៃទី១ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តខេត្តសៀមរាប មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត ចូលមកលេងកម្សាន្តចំនួនប្រមាណ ៧៩៤,៥៣០នាក់ ខណៈភ្ញៀវទេសចរបរទេសមានចំនួន ៤,៥៣៧នាក់ផងដែរ។

សូមបញ្ជាក់ថា ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត បានទៅដើរលេងនៅព្រឹត្តិការណ៍អង្គរសង្ក្រាន្តក្នុងតំបន់អង្គរ សួនច្បារព្រះរាជដំណាក់ តំបន់មាត់ស្ទឹង និងតំបន់ផាប់ស្ត្រីត ចំនួនប្រមាណ ៧៦០,០០០នាក់ តំបន់ភ្នំគូលែន ចំនួនប្រមាណ ៤,៥០០នាក់ តំបន់បឹងទន្លេសាប ចំនួនប្រមាណ ៦,៥០០នាក់ បារាយណ៍ទឹកថ្លា ចំនួនប្រមាណ ៤,០០០នាក់ និងតំបន់សហគមន៍ និងរមណីយដ្ឋានផ្សេងៗចំនួនទៀតប្រមាណ ១៥,០០០នាក់ផងដែរ៕