(ភ្នំពេញ)៖ ក្រោយព្រឹត្តិការណ៍ «សង្រ្កាន្តវត្តភ្នំ ឆ្នាំ២០២៥» បានប្រកាសបើកជាផ្លូវការហើយនោះ ដោយថ្ងៃទី២នៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិជិត៨០ម៉ឺននាក់ បានមកកំសាន្ត «សង្ក្រាន្ដវត្តភ្នំ» និងតំបន់ក្បែរៗនោះរួមមាន Walk Street យ៉ាងច្រើនកុះករ ក្រោមកិច្ចការពារសន្តិសុខ និងសណ្តាប់ធ្នាប់យ៉ាងល្អប្រសើរ ពីសំណាក់អាជ្ញាធរ និងសមត្ថកិច្ច។

នេះបើតាមការបញ្ជាក់ពី លោក កើត ឆែ អភិបាលរងសាលារាជធានីភ្នំពេញ មកកាន់បណ្ដាញព័ត៌មាន Fresh News នៅព្រលប់ថ្ងៃនេះ។

«សង្ក្រាន្ដវត្តភ្នំ» បានបើកជាផ្លូវការនៅព្រឹកព្រលឹមថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ ដោយលោក ឃួង ស្រេង អភិបាលសាលារាជធានីភ្នំពេញ និងភរិយា ព្រមជាមួយថ្នាក់ដឹកនាំ នៃសាលារាជធានីភ្នំពេញជាច្រើនរូបថែមទៀត ប្រកបដោយភាពសប្បាយរីករាយ។

សូមជម្រាបថា រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំព្រឹត្តិការណ៍ «សង្ក្រាន្ដវត្តភ្នំ ឆ្នាំ២០២៥» ដើម្បីអបអរឆ្នាំថ្មី ឆ្នាំម្សាញ់ នៅរមណីយដ្ឋានប្រវត្តិសាស្ដ្រវត្តភ្នំ និងតំបន់ Walk Street ចំនួន៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥។ «សង្ក្រាន្ដវត្តភ្នំ ឆ្នាំ២០២៥» ក៏មានរៀបចំកម្មវិធីសាសនា និងកម្មវិធីសប្បាយៗជាច្រើនផ្សេងទៀត ដើម្បីបង្កលក្ខណៈឱ្យប្រជាពលរដ្ឋអាចលេងកម្សាន្ដសប្បាយទទួលអំណរសាទរឆ្នាំថ្មីផងដែរ៕