(កំពង់ចាម)៖ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥ ដែលជាថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីយ៍ជាតិខ្មែរ មានប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិយ៉ាងច្រើនកុះករ បាននាំគ្នាសម្រុកមកលេងកម្សាន្តនៅ «សង្ក្រាន្តកំពង់ចាម ឆ្នាំ២០២៥» និងតំបន់ទេសចរណ៍នានា ទូទាំងខេត្តកំពង់ចាម។

អភិបាលរងខេត្តកំពង់ចាម លោក ស្រី សុភ័ក្រ្ត បានឱ្យដឹងថា ថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំថ្មី សម្រាប់ខេត្តកំពង់ចាម មានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មកលេងកំសាន្តសរុបចំនួន ២,៣៦១,០៨៣ នាក់ ក្នុងនោះភ្ញៀវទេសចរណ៍បរទេសចំនួន ១៤១ នាក់។

អភិបាលរងខេត្តបានបញ្ជាក់ថា សម្រាប់ព្រឹត្តិការណ៍នេះ មានការរៀបចំរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់បានយ៉ាងល្អប្រសើរ ពីសំណាក់កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ចាម ដឹកនាំដោយលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ដើម្បីធ្វើយ៉ាងណាបង្កបរិយាកាសកក់ក្ដៅជូនប្រជាពលរដ្ឋកម្សាន្ដសប្បាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ក្រោមម្លប់នៃសុខសន្ដិភាព៕