(ព្រៃវែង)៖ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥ មានបងប្អូនមកចូលរួមទស្សនា និងលេងកម្សាន្ត នៅទីតាំងតំបន់ត្រជាក់ចិត្ត នៃព្រឹត្តិការណ៍សង្ក្រាន្តព្រៃវែង មានបងប្អូនប្រជាពលរដ្ឋចូលរួមប្រមាណជិត៨០ម៉ឺននាក់។ នេះបើតាមរបាយការណ៍របស់អភិបាលខេត្តព្រៃវែង លោក សួន សុម៉ាលីន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ។

លោកអភិបាលខេត្ត បានបញ្ជាក់ថា ការរៀបចំសង្ក្រាន្តព្រៃវែង ឆ្នាំ២០២៥ មានការគាំទ្រ និងសាទរ ពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ហើយព្រឹត្តិការណ៍នេះ បានប្រព្រឹត្តទៅប្រកបដោយបរិយាកាស​សប្បាយរីករាយ សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អប្រសើរ មិនមានបាតុភាពណាមួយកេីតឡេីងគួរឱ្យកត់សំគាល់ឡេីយ។

សូមបញ្ជាក់ជូនថា រដ្ឋបាលខេត្ត បានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត រៀបចំព្រឹត្តិការណ៍សង្ក្រាន្តព្រៃវែង ឆ្នាំ២០២៥ រយៈពេល៥ថ្ងៃ ដោយមានរៀបចំការប្រគុំតន្ត្រីខ្នាតយក្ស និងប្រដាល់គុនខ្មែរ នៅសួនសម្តេចក្រឡាហោម ឆាកតន្ត្រី EDM ដោយមាន DJ និងតារាល្បីៗនៅតំបន់ត្រជាក់ចិត្ត និងឆាកតន្ត្រី ចំនួន០៣ផ្សេងទៀត ដែលរៀបចំដោយអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំក្រសួងមហាផ្ទៃ ការលេងល្បែងប្រជាប្រិយ ការប្រកួតអុកចត្រង្គ និងការឡើងសសរខ្លាញ់យករង្វាន់ នៅក្នុងបរិវេណសាលាបឋមសិក្សាព្រៃវែងក្រុង ការប្រកួតបាល់ទះក្នុងភក់ នៅមុខសាលាខេត្ត ការបង្ហោះគោម និងបាញ់កាំជ្រួច នៅទីតាំងចុងប៉ម ការសម្តែងក្បាច់គុនយុទ្ធក្រមខម នៅសួនតេជោសន្តិភាព ការប្រឡងចម្រៀង ប្រឡងស្រីស្រស់ប្រុសស្អាត និងបវរកញ្ញាវ័យចំណាស់ ជាពិសេសក្នុងយប់ថ្ងៃទី១៥នេះ នឹងមានការសម្តែងទស្សនីយភាពល្ខោនយីកេខ្នាតធំ "រឿងតេជោជ្រែកដី" នៅដីឡូត៍ខាងមុខសាខាកាកបាទក្រហមខេត្តផងដែរ៕