(ត្បូងឃ្មុំ)៖ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥ ដែលជាថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ មានភ្ញៀវទេសចរយ៉ាងច្រើនកុះករបាននាំគ្នាសម្រុកមកលេងកម្សាន្តនៅ «សង្ក្រាន្តត្បូងឃ្មុំ» និងតំបន់ទេសចរណ៍នានាទូទាំងខេត្តត្បូងឃ្មុំ សរុបប្រមាណ ១៥៨,៤៨០នាក់ ស្រី ៩៤,៨០៥នាក់ ភ្ញៀវអន្តរជាតិ៥នាក់ ស្រី២នាក់ បើប្រៀបធៀបឆ្នាំ២០២៤ មានភ្ញៀវសរុប ១៥០,៨៣០នាក់ មានការកើនឡើងចំនួន៥.០៧%។

បើយោងតាមរបាយការណ៍របស់ លោក អឿន រិទ្ធ ប្រធានមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំ ក្នុងនោះ តំបន់ទេសចរណ៍ទូទាំងខេត្ត រួមមាន៖

*តំបន់រដ្ឋបាលសាលាខេត្ត មានភ្ញៀវសរុបប្រមាណ ១៣០,២០០នាក់ ស្រី៧៨,១០០នាក់
*រមណីយដ្ឋាន ហ្លួងព្រះស្តេចកន មានភ្ញៀវសរុបប្រមាណ ១,១៥០នាក់ ស្រី៦៩០នាក់
*រមណីយដ្ឋាន ព្រះធាតុបាស្រី និងសួនទន្លេស្ងួតមានភ្ញៀវសរុបប្រមាណ ២៥,៨០០នាក់ ស្រី១៥,៤០០នាក់ ភ្ញៀវអន្តរជាតិ៥នាក់ ស្រី២នាក់
*រមណីយដ្ឋាន តាសែដូងក្រអូប មានភ្ញៀវសរុបប្រមាណ ៤០០នាក់ ស្រី១៦០នាក់
*រមណីយដ្ឋាន សួនកម្សាន្តធម្មជាតិទឹកហូអូរក្តូង មានភ្ញៀវសរុបប្រមាណ ៣៥០នាក់ ស្រី១៥០នាក់
*រមណីយដ្ឋាន ភូមិអភិវឌ្ឍន៍អន្លង់ជ្រៃ មានភ្ញៀវសរុបប្រមាណ ១៨០នាក់ ស្រី៩៥នាក់
*រមណីយដ្ឋាន ទឹកធ្លាក់ហោង មានភ្ញៀវសរុបប្រមាណ ៤០០នាក់ ស្រី២១០នាក់។

សូមជម្រាបថា ឆ្នាំនេះ ក្រោមការរៀបចំដឹកនាំដោយលោក ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ ព្រឹត្តការណ៍សង្រ្កាន្តត្បូងឃ្មុំ មានរៀបចំកម្មវិធីកំសាន្តសប្បាយៗ រួមមាន លេងល្បែងប្រជាប្រិយខ្មែរ រាំលេងចង្វាក់ប្រពៃណីខ្មែរចម្រុះ បាញ់ទឹកតំបន់ត្រជាក់ និងកម្មវិធីលេងកម្សាន្តសប្បាយៗជាច្រើនទៀត។ ជាពិសេស នាពេលយប់ក៏មានការប្រគំតន្រ្តីសម័យខ្នាតធំ ដែលមានតារាល្បី និងការបាញ់កាំជ្រួច អមជាមួយការតុបតែងភ្លើងលម្អនាពេលរាត្រី។

សម្រាប់ព្រឹត្តិការណ៍នេះ មានការរៀបចំរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ បានយ៉ាងល្អប្រសើរ ពីសំណាក់កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ ដើម្បីផ្តល់ជូនសុខសុវត្ថិភាព និងមានភាពកក់ក្ដៅ ជូនប្រជាពលរដ្ឋកម្សាន្ដសប្បាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ។

សូមបញ្ជាក់ថា បើគិតត្រឹមរយៈពេល២ថ្ងៃ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ខេត្តត្បូងឃ្មុំ ទទួលបានភ្ញៀវទេសចរណ៍សរុបជិត២៤ម៉ឺននាក់ ក្នុងនោះ ថ្ងៃទី១ មានចំនួន៧៨,៣៦៥នាក់ និងថ្ងៃទី២ មានចំនួន ១៥៨,៤៨០នាក់ផងដែរ៕