(សៀមរាប)៖ រយៈពេល២ថ្ងៃ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត គឺនៅថ្ងៃទី១៤ និង១៥ ខែមេសា ឆ្នាំ២០២៥ ខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិបានជិត ២លាននាក់។
តាមរបាយការណ៍មន្ទីរទេសចរណ៍ខេត្តសៀមរាប បានឲ្យដឹងថា រយៈពេល២ថ្ងៃ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរបានប្រមាណ ១ ៩៤៨ ៨០០នាក់ ខណៈភ្ញៀវទេសចរបរទេសមានប្រមាណ ៨ ៨០០នាក់។
ភ្ញៀវទេសចរដែលមកកម្សាន្តនៅក្នុងខេត្តសៀមរាប ភាគច្រើន នៅព្រឹត្តិការណ៍អង្គរសង្ក្រាន្តក្នុងតំបន់អង្គរ សួនច្បារព្រះរាជដំណាក់ តំបន់មាត់ស្ទឹង និងតំបន់ផាប់ស្ត្រីត ដែលមាមចំនួនប្រមាណ ១ ៨៦៩ ០០០នាក់, តំបន់ភ្នំគូលែន ចំនួនប្រមាណ ១០ ៧០០នាក់, តំបន់បឹងទន្លេសាប មានចំនួនប្រមាណ ១៣ ៨០០នាក់, បារាយណ៍ទឹកថ្លា ចំនួនប្រមាណ ៨ ៥០០នាក់ និងតំបន់សហគមន៍ និងរមណីយដ្ឋានផ្សេងៗចំនួនទៀតប្រមាណ៣៨ ០០០នាក់៕