(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញលោកស្រី ព្រមទាំងក្រុមគ្រួសារ និងមន្រ្តីរាជការក្រោម ឱវាទសាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃពុធ ទី១៦ ខែមេសា ឆ្នាំ២០២៥ ដែលជាថ្ងៃទីបី ជាថ្ងៃវារៈឡើងស័ក នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ បានអញ្ជើញចូលរួមស្រង់ព្រះជាមួយប្រជាពលរដ្ឋយ៉ាងច្រើនកុះករ នៅរម្មណីដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ ដែលជាទីកន្លែងប្រារព្ធពិធីសង្ក្រាន្តវត្តភ្នំ ដែលរៀបចំ ដោយរដ្ឋបាលរាជធានីភ្នំពេញ។
ព្រះពុទ្ធរូប ដែលបានយកមករៀបចំធ្វើពិធីស្រង់ព្រះ នៅសង្រ្កាន្តវត្តភ្នំនេះ ត្រូវបានដង្ហែរចេញពីវត្តឧណ្ណាលោម ក្រោមការដង្ហែរដោយផ្ទាល់ ពីសម្តេចព្រះមហាអរិយវង្ស យ៉ត សេងយៀក ព្រះចៅអធិការវត្តឧណ្ណាលោម និមន្តអមដំណើរដោយព្រះសង្ឃ យាយជីតាជី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី ព្រមទាំងក្រុមគ្រួសារ មន្រ្តីរាជការក្រោមឱវាទសាលរាជធានីភ្នំពេញ និងប្រជាពលរដ្ឋពុទ្ធបរិស័យចូលរួម យ៉ាងច្រើនកុះករ។
ពិធីស្រង់ព្រះ នៅក្នុងព្រឹត្តិការណ៍សង្រ្កាន្តវត្តភ្នំ បានប្រព្រឹត្តិទៅយ៉ាងអធឹកអធម តាមកន្លងប្រពៃណី សាសនា ប្រកបដោយស្នាមញញឹម ភាពស្និតស្នាល និងសប្បាយរីករាយ ក្រោមម្លប់នៃសុខសន្តិភាព។
ពិធីស្រង់ព្រះ ត្រូវបានចាត់ទុកជាពិធីដ៏សប្បាយរីករាយមួយនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ដោយសារតែមនុស្សម្នា បានជួបជុំគ្នាស្រង់ព្រះនៅឯទីវត្តអារាម ឬស្រង់ព្រះរស់ ដែលជាអ្នកមានគុណ ចាស់ព្រឹទ្ធាចារ្យ នៅតាមគេហដ្ឋាន ឬនៅក្នុងភូមិជាដើម។
ពិធីស្រង់ព្រះនេះ មានអត្ថន័យយ៉ាងជ្រាលជ្រៅណាស់ ចំពោះប្រជាពលរដ្ឋខ្មែរ ដែលតែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ នៅថ្ងៃទី៣នៃពីធីបុណ្យចូលឆ្នាំ ដើម្បីបង្ហាញពីភាពត្រជាក់ត្រជុំ និងសេចក្តីសុខចម្រើនក្នុងក្រុមគ្រួសារ និងសម្តែងការដឹងគុណ ការតបស្នងសងគុណចំពោះអ្នកមានគុណ ដោយលាងជម្រះនូវបាបកម្មទាំងឡាយដែលបានប្រព្រឹត្តិកាលពីឆ្នាំចាស់ ហើយទទួលយកមកវិញនៅពរជ័យសិរីសួស្តីក្នុងឆ្នាំថ្មី ។
សូមបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំព្រឹត្តិការណ៍ «សង្ក្រាន្ដវត្តភ្នំ ឆ្នាំ២០២៥» ដើម្បីអបអរឆ្នាំថ្មី ឆ្នាំម្សាញ់ នៅរមណីយដ្ឋានប្រវត្តិសាស្ដ្រវត្តភ្នំ មានរយៈពេល៣ថ្ងៃពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ មេសា ដោយឡែកតំបន់ Walk Street មាត់ទន្លរមានរយពពេល៥ថ្ងៃ ចាប់ពីថ្ងៃសៅរ៍ទី១២ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ដោយបានរៀបចំកម្មវិធីសាសនា និងកម្មវិធីសប្បាយៗជាច្រើនផ្សេងទៀត ដើម្បីបង្កលក្ខណៈឱ្យប្រជាពលរដ្ឋអាចលេងកម្សាន្ដសប្បាយទទួលអំណរសាទរឆ្នាំថ្មីយ៉ាងសប្បាយរីករាយ៕