(កំពង់ចាម)៖ នៅរសៀលថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ដែលត្រូវនឹងថ្ងៃទី៣ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម រួមទាំងមន្ត្រីរាជការជាច្រើនទៀត បានប្រារព្ធពិធីស្រង់ព្រះ នៅទីធ្លាមុខសាលាខេត្តកំពង់ចាម ។
បើតាមចាស់ព្រឹទ្ធាចារ្យ បានតំណាលតៗគ្នាថា ពិធីស្រង់ព្រះ គឺមានតាំងពីបរមបុរាណ ហើយតែងប្រារព្ធនៅក្នុងថ្ងៃបង្ហើយគឺជាថ្ងៃឡើងស័ក ប៉ុន្តែសម្រាប់បច្ចុប្បន្ននេះគឺនៅតាមទីវត្តអារាម មានការរៀបចំដាក់ជូនប្រជាពលរដ្ឋ ក៏ដូចជាពុទ្ធបរិស័ទ តាំងពីថ្ងៃដំបូង ដោយប្រជាពលរដ្ឋខ្លះគឺជាប់ភារៈកិច្ចឬទៅកម្សាន្តនៅតំបន់ណាផ្សេង។ ប៉ុន្តែពីដើមឡើយ ពិធីនេះគឺតែងរៀបចំឡើងនៅក្នុងថ្ងៃចុងបញ្ចប់ ដើម្បីឱ្យជួបជុំពុទ្ធបរិស័ទទាំងអស់ ធ្វើពិធីស្រោចស្រព សុគន្ធវារីថ្វាយព្រះអង្គ សុំសេចក្ដីសុខ សេចក្ដីចម្រើន ត្រជាក់ត្រជុំ។
ប៉ុន្តែសម្រាប់នៅក្នុងពិធីទាំងអស់ គឺព្រះសង្ឃតែងតែណែនាំទៅដល់ ពុទ្ធបរិស័ទទាំងឡាយ ឱ្យស្រង់ព្រះនៅវត្តរួចរាល់ហើយនោះ គឺត្រូវទៅស្រង់ព្រះនៅផ្ទះផង ដើម្បីឱ្យបានត្រជាក់ត្រជំទាំងអស់គ្នា ព្រោះព្រះនៅវត្ត បានត្រជាក់ត្រជំហើយ ដូច្នេះនៅពេលទៅផ្ទះវិញ យើងត្រូវស្រង់ព្រះរស់នៅផ្ទះ គឺឪពុក ម្ដាយនោះឯង៕