(ឧត្តរមានជ័យ)៖​ លោក មាន ចាន់យ៉ាដា អភិបាលខេត្ត​ឧត្តរមានជ័យ​ នៅរសៀលថ្ងៃទី១៦ ខែ មេសា ឆ្នាំ២០២៥ ដែលជាថ្ងៃទី៣ ថ្ងៃបញ្ចប់នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ បានបន្តដឹកនាំប្រជាពលរដ្ឋយ៉ាងច្រើនកុះករ លេងល្បែងប្រជាប្រិយ និងរាំលេងកម្សាន្តក្នុងតំបន់ត្រជាក់យ៉ាងសប្បាយរីករាយ។

សម្រាប់«សង្ក្រានឧត្តរ»ដែលរៀបចំដោយរដ្ឋបាលខេត្តឧត្តរមានជ័យ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្ភស័ក ព.ស២៥៦៩ គ.ស២០២៥នេះ ត្រូវបានគេកត់សម្គាល់ឃើញថាមានភាពអធិកអធមជាងឆ្នាំកន្លងទៅ ពិសេសដោយមានការដឹកនាំចូលរួមលេងកម្សាន្តពីលោក មាន ចាន់យ៉ាដា អភិបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំខេត្ត ជាមួយប្រជាពលរដ្ឋប្រកបដោយភាពស្និទស្នាល បានធ្វើឱ្យ«សង្ក្រានឧត្តរ»រយះពេល៣ថ្ងៃនេះ មានភាពណែនណាន់តាន់តាប់ប្រកបដោយភាពរីករាយមិនអាចបំភ្លេចបាន៕