(ពោធិ៍សាត់)៖ នាថ្ងៃទី១៣-១៦ ខែមេសា ឆ្នាំ២០២៥ មានប្រជាពលរដ្ឋជាច្រើនម៉ឺននាក់ បាននាំគ្នាសម្រុកទៅដើរលេងកម្សាន្ត នៅតាមរមណីយដ្ឋានានាក្នុងខេត្តពោធិ៍សាត់ ជាពិសេសទៅលេងបាញ់ទឹក លាបម្ស៉ៅ នៅសង្ក្រាន្ដពោធិ៍សាត់ ក្រោមកិច្ចការពារសន្ដិសុខ និងសណ្ដាប់ធ្នាប់បានយ៉ាងល្អប្រសើរ ពីសំណាក់អាជ្ញាធរ និងសមត្ថកិច្ច។

សូមជម្រាបជូនថា ក្នុងឱកាសអបអរសាទរពិធីចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពស.២៥៦៨ រដ្ឋបាលខេត្តពោធិ៍សាត់ បានរៀបចំព្រឹត្តិការណ៍ «សង្ក្រាន្តពោធិ៍សាត់ ២០២៥» ចំនួន៤ទីតាំងគឺ៖ ទី១-នៅលើបុរីវប្បធម៌កោះសំពៅមាស, ទី២-ទីធ្លាខាងមុខសាលាខេត្ត, ទី៣-សួន១៤មករា និងទី៤-ពហុកីឡាដ្ឋានខេត្ត ដែលមានរយៈពេល៤ថ្ងៃ គិតចាប់ពីថ្ងៃទី១៣-១៦ ខែមេសា ឆ្នាំ២០២៥។

ចំពោះសង្ក្រាន្តតាមបណ្តាស្រុកផ្សេងទៀត ក៏ត្រូវបានក្រុមការងាររាជរដ្ឋាភិបាល សហការជាមួយរដ្ឋបាលស្រុក រៀបចំឱ្យមាននៅតាមបណ្តាវត្តអារាម និងវិទ្យាល័យ ដើម្បីបង្កលក្ខណៈសប្បាយរីករាយ អធិកអធម ជូនពុកម៉ែបងប្អូនប្រជាពលរដ្ឋ ជាពិសេសភ្ញៀវទេសចរជាតិ-អន្តរជាតិ ចូលមកទស្សនាកម្សាន្ត ក្រោមម្លប់សន្តិភាព របស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានព្រឹទ្ធសភានៃកម្ពុជា និងបន្តវេនដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា៕