(ភ្នំពេញ)៖ ៥០ឆ្នាំមុននេះ សង្គ្រាមស៊ីវិល ដែលជាដើមចមនៃទង្វើរដ្ឋប្រហារថ្ងៃទី១៨ ខែមីនា បានរុញ ច្រានប្រទេសកម្ពុជា ឱ្យធ្លាក់ចូលក្នុងរបបកាប់សម្លាប់ខ្មែរក្រហម។ Fresh Exclusive រាយការណ៍អំពីប្រវត្តិ ដែលនាំឱ្យមានថ្ងៃ១៧ ខែមេសា ឆ្នាំ១៩៧៥ និងវិនាសកម្មលើជីវិតរបស់ពលរដ្ឋខ្មែរ ជាង៣លាននាក់ក្រោមការគ្រប់គ្រងរយៈពេល៣ឆ្នាំ ៨ខែនិង២០ថ្ងៃ នៃរបបកាប់សម្លាប់មនុស្សនេះ៖
ថ្ងៃទី១៧ មេសា គឺជាទិវាដ៏សែនក្តុកក្តួល និងដែលបានដក់ជាប់ក្នុងបេះដូងនៃប្រជាជនកម្ពុជាគ្រប់ៗរូប ដើម្បីការចងចាំទុកថា សង្គមជាតិខ្មែរកាលពី៥០ឆ្នាំមុននេះ ត្រូវបានធ្លាក់ចូលក្នុងរណ្តៅនរកអវចី ដោយសារតែអំពើកាប់សម្លាប់រង្គាលនៃរបបកម្ពុជាប្រជាធិបតេយ្យ ដែលគេស្គាល់ថាជារបបដឹកនាំខ្មែរក្រហម។
នៅម៉ោង៩ព្រឹកនាថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ក្រុងភ្នំពេញត្រូវបានរំដោះ។ ពលរដ្ឋនានា បាននាំគ្នាចេញមកក្រៅផ្ទះ ដើម្បីអបអរសាទរទិវាជ័យជម្នះ ពីព្រោះម្នាក់ៗគិតថា ការរំដោះក្រុង ភ្នំពេញ គឺជាការបិទបញ្ចប់នូវសង្គ្រាមរយៈពេលជាង៥ឆ្នាំ រវាងក្រុមទាហានអតីតរបបសាធារណរដ្ឋខ្មែរ លោក លន់ នល់ ប្រឆាំងនឹងក្រុមយុទ្ធជនតស៊ូខ្មែរក្រហម។ ប៉ុន្តែថ្ងៃនោះ មិនមែនជាថ្ងៃនៃសន្តិភាពឡើយ…អ្វីៗ ដែលរំពឹងទុក បានធ្វើដំណើរខុសពីការស្មានទាំងអស់។
*មានផ្ទះ គ្មានមនុស្សនៅ មានផ្លូវ គ្មានមនុស្សដើរ
ក្រោយថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥, ផ្លូវដែលធ្លាប់តែអ៊ូអរ, សាលារៀនដែលធ្លាប់តែមានសិស្ស, អារាមដែលធ្លាប់តែមានអ្នកបួស និងជាកន្លែងដែលធ្លាប់តែឮសម្លេងសូត្រធម៌ដ៏រងំនោះ បានក្លាយជាទីរហោដ្ឋាន នៅពេលដែលប្រជាជនទាំងឡាយ ត្រូវបានគេជម្លៀសចេញមកកាន់ជនបទ។ ការគ្រប់គ្រងរយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ គឺជារយៈពេលដ៏សែនមហាឈឺចាប់ និងមហាវិនាសកម្មជាទីបំផុត ដែលមិនធ្លាប់កើតមានក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជាឡើយ។
ប្រជាជនកម្ពុជាច្រើនលាននាក់ បានស្លាប់ និងបែកបាក់ព្រាស់ប្រាស់ក្រុមគ្រួសារ ដោយសារតែអំពើធ្វើទុក្ខបុកម្នេញរបស់អង្គការស្លៀកខោអាវខ្មៅ ដែលបង្កើតឱ្យមានកំហឹងចងគំនុំគ្នារវាងពលរដ្ឋអ្នកមូលដ្ឋានជាមួយនឹងពលរដ្ឋអ្នកជម្លៀសមកពីបណ្តា ក្រុងតាមខេត្ត និងរដ្ឋធានី ក្រោមកំហឹងសងសឹករបស់ក្រុមធ្វើបដិវត្ត ដោយក្រសែភ្នែករបស់អ្នកមូលដ្ឋាន ត្រូវបានសម្លឹងមើលមកកាន់ពលរដ្ឋអ្នកជម្លៀសទាំងអស់ គឺសុទ្ធតែជាសត្រូវបដិវត្តន៍របស់ពួកគេ។
ការចងគំនុំរបស់ពលរដ្ឋក្នុងមូលដ្ឋានចំពោះអតីតរបបសាធារណរដ្ឋខ្មែរ ដែលពួកគេបាន ចោទថាមានបាតដៃកខ្វក់ ដោយសារឃុបឃិតជាមួយនឹងសហរដ្ឋអាមេរិក ដែលបានទម្លាក់គ្រាប់បែកដាក់មកលើប្រជាជនតាមតំបន់ជនបទក្នុងសម័យសង្គ្រាម បណ្តាលឱ្យមានមនុស្សស្លាប់និងរបួសនោះ បាននាំឱ្យអ្នកជម្លៀសទាំងឡាយដែលគេបានដាក់ឈ្មោះថា «អ្នក១៧មេសា» នោះ គឺសុទ្ធតែជាមនុស្សដែលពាក់ព័ន្ធនឹងពួកចក្រពត្តិនិយមអាមេរិក។
ការចងគំនុំនេះហើយ បាននាំឱ្យអ្នកធ្លាប់ធ្វើការតាមបណ្តាក្រសួង មន្ទីរនានា ក្នុងអតីតរបបសាធារណរដ្ឋខ្មែរ ជាស៊ីវិលក្តី, ជាកងកម្លាំងប្រដាប់អាវុធក្តី ដូចជាទាហាន, ប៉េអឹម, ប៉ូលីស ជាដើម គឺជាមុខព្រួញដែលអង្គការស្លៀកខោអាវខ្មៅត្រូវកម្ទេចចោល។ ពូជពង្សនៃប្រជាជាតិខ្មែរទាំងមូល បានធ្លាក់ចូលទៅក្នុងសុបិន្តអាក្រក់នៃការឈឺចាប់ និងមហាវិនាសកម្ម ដែលមិនធ្លាប់កើតមានក្នុងប្រវត្តិសាស្ត្ររបស់ពិភពលោកឡើយ។
អភិបាលខេត្តតាកែវ លោក វ៉ី សំណាង ដែលមានក្រុមគ្រួសាររបស់លោករងគ្រោះក្នុងរបបវាលពិឃាតនោះ បានថ្លែងប្រៀបធៀបថា ក្នុងសម័យអ៊ីត្លែ័រ ការសម្លាប់មនុស្សបានផ្តោតគោលដៅទៅលើជនបរទេស ប៉ុន្តែអ្វីដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រនោះ គឺរបបខ្មែរ ក្រហមប៉ុលពត បានផ្តោតការសម្លាប់លើប្រជាជនខ្មែរគ្នាឯង៖ «ពួកណាស៊ីសហ៊ីត្លែ គឺជាឧក្រិដ្ឋជនហើយ ប៉ុន្តែគាត់សម្លាប់ជាតិសាសន៍ដទៃ។ វាផ្ទុយពីអាពត អានេះ សម្លាប់ជាតិសាសន៍ឯង ដែលគ្មាន២នៅលើលោកនេះឡើយ។ វាអត់មានប្រទេសណា ធ្វើវាលពិឃាតដូចកម្ពុជានេះឡើយ។ ដូចប្រសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលតែងមានប្រសាសន៍ថា វាពិបាកនៅពេលដែលយើង ទៅដាស់មនុស្សដែល អត់ដេកលក់ ដើម្បីឱ្យគេភ្ញាក់ គឺមិនងាយដាស់ឱ្យភ្ញាក់ទេ…ហើយគេក៏មិនងាយទៅប្រាប់អ្នក ភ្នែកភ្លឺ ដែលធ្វើងងឹតនោះ ឱ្យគេភ្លឺបានដែរ» មិនងាយទេរឿងហ្នឹង»។
*សន្យា៣ថ្ងៃ ក្លាយជាជាង៣ឆ្នាំ
នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥នោះ ក្រុមទាហានស្លៀកខោអាវខ្មៅ ដៃកាន់កាំភ្លើងបានប្រាប់ប្រជាជននៅក្នុងក្រុងភ្នំពេញ ត្រូវនាំគ្នាចាកចេញរយៈពេល៣ថ្ងៃពីផ្ទះសិន ដើម្បីបង្កាការទម្លាក់គ្រាប់បែកពីយន្តហោះសហរដ្ឋអាមេរិក។ គ្មានពលរដ្ឋណាម្នាក់ហ៊ានប្រឆាំងនឹងបទបញ្ជារបស់អង្គការស្លៀកខោអាវខ្មៅក្នុងពេលនោះឡើយ…ហើយតើអ្នកណាទៅ ដែលដឹងថាការស្នើដោយបង្ខំឱ្យចាកចេញតែរយៈ៣ថ្ងៃនោះ មានរយៈពេលវែងរហូតដល់ ៣ឆ្នាំ ៨ខែ និង២០ថ្ងៃនោះ?
ក្រុមទាហានខ្មែរក្រហម បានប្រាប់ពលរដ្ឋក្នុងក្រុងនាពេលនោះទៀតថា សូមឱ្យធ្វើដំណើរទៅកាន់ស្រុកកំណើតរបស់ពួកគេ ដែលនៅតាមខេត្ត និងតាមទីជនបទសិន។ ការណែនាំរបស់ក្រុមខ្មែរក្រហមនេះ គឺជាបំណងស្វែងរកមនុស្សនៃគោលដៅសំខាន់ដែលពួកគេត្រូវកម្ទេច ដោយសារពួកគេដឹងថាប្រវត្តិរូបរបស់អ្នកជម្លៀសពីបណ្តាក្រុងទាំងអស់ពេលទៅកាន់ទីជនបទនៃស្រុកកំណើតរបស់ខ្លួននោះ នឹងមិនអាចបិទបាំងភ្នែករបស់អង្គការបានឡើយ។
គោលដៅចម្បង ដែលពួកខ្មែរក្រហម ត្រូវកម្ទេចនោះគឺស្វែងរកអតីតទាហាន, អ្នករដ្ឋការ បញ្ញវ័ន្តជាអ្នកចេះដឹង ដូចជាសាស្ត្រាចារ្យ, គ្រូបង្រៀន និស្សិត និងមនុស្សណា ដែលមានកម្រិតវប្បធម៌ចេះដឹងខ្ពស់ ពីព្រោះក្នុងរបបដឹកនាំខ្មែរក្រហម អ្នកមានចំណេះដឹងមកពីបណ្តាក្រុង គឺជាមុខព្រួញសង្ស័យនៃក្រុមសើរើបដិវត្តន៍ ដែលអង្គការចាំបាច់ត្រូវយកទៅ រៀនសូត្រ ដោយមិនអាចលើកលែងបានឡើយ។ ពាក្យ «រៀនសូត្រ» ក្នុងសម័យនោះ គឺការនាំមនុស្សទៅដាក់គុក ដែលគេបានរៀបចំនៅតាមបណ្តាទីវត្តអារាម សាលារៀន ឬ បង្កើតសំណង់នៅទីដាច់ស្រយាលឆ្ងាយពីភូមិ ដើម្បីងាយស្រួលពួកគេអាចសម្លាប់ចោល ដោយមិនឱ្យដឹងឮដល់អ្នកភូមិផ្សេងៗឡើយ។
មានរឿងជាច្រើនណាស់ពាក់ព័ន្ធនឹងអំពើសម្លាប់រង្គាលនេះ។ ក្រុមអ្នកស្រាវជ្រាវបរទេសបានស្រាវជ្រាវរកឃើញរណ្តៅកប់សាកសពរួមមានចំនួន២ម៉ឺនកន្លែង ដែលមានសាកសពប្រមាណ១,៣៨៦,៧៣៤នាក់ ខណៈមន្ត្រីកាកបាទក្រហមអង្គការសហប្រជាជាតិ បានដាក់តួលេខមនុស្សស្លាប់ដោយសារការគ្មានអាហារទទួលទានចំនួន២លាន២សែននាក់។ ទោះជាយ៉ាងណាក៏ដោយ តួលេខក្រុមស្រាវជ្រាវបរទេសដែលបានរកឃើញនោះ ត្រូវគេជឿថានៅមិនទាន់បានសព្វគ្រប់នៅឡើយទេ ពីព្រោះចំនួនមនុស្សស្លាប់ ត្រូវកម្ពុជាខ្លួនឯងបានបញ្ជាក់ប្រាប់ពិភពលោកថា មានច្រើនដល់ជាងបីលាននាក់នៅក្នុងសម័យរបបដឹកនាំខ្មែរក្រហមនោះ។
*គុកក្រាំងតាចាន់ ក្នុងស្រុកត្រាំកក់ ខេត្តតាកែវសម្លាប់មនុស្ស ១ម៉ឺន៧ពាន់នាក់
Fresh Exclusive បានធ្វើដំណើរមកដល់អតីតមន្ទីរសន្តិសុខមួយកន្លែងស្ថិតក្នុងស្រុកត្រាំកក់ ខេត្តតាកែវ ឈ្មោះគុកក្រាំងតាចាន់ ដែលជាកន្លែងឃុំឃាំង និងជាទីសម្លាប់អ្នកទោសនានាទាំងឡាយ រួមទាំងពលរដ្ឋជម្លៀសមកពីក្រុងភ្នំពេញ និងសូម្បីតែតារាតួកុនលោក ណុប ណែម និងលោកស្រី គីម ណូវ៉ា ក៏ត្រូវបានគេសម្លាប់នៅទីនោះផងដែរ។
នេះគឺជាអតីតគុកក្រាំងតាចាន់ ដែលស្ថិតក្នុងស្រុកត្រាំកក់ ខេត្តតាកែវ។ ក្នុងសម័យខ្មែរក្រហម ទីនេះ គឺជាមន្ទីរឃុំឃាំងធ្វើទារុណកម្ម និងជាកន្លែងសម្លាប់មនុស្សដ៏ធំមួយ។ អតីតគុកក្រាំងតាចាន់ នាពេលនេះ គឺជាកន្លែងតម្កល់ឆ្អឹងរបស់ជនរងគ្រោះ ដែលគេដាក់ឈ្មោះថា «មណ្ឌលឧក្រិដ្ឋកម្ម ក្រាំងតាចាន់»។
គុក ក្រាំងតាចាន់ ក្នុងភូមិភាគនិរតី កាលពីជំនាន់នោះ បានស្ថិតក្រោមការគ្រប់គ្រងរបស់ តាម៉ុក ដែលជាមេបញ្ជាការយោធារបស់ខ្មែរក្រហម។ យោងតាមឯកសារស្រាវជ្រាវជាបឋមរបស់សាលាក្ដីខ្មែរក្រហម មានអ្នកទោស ត្រូវបានសម្លាប់នៅទីនោះមានប្រមាណ ១ម៉ឺន៧ពាន់នាក់។ សាក្សីដែលរួចជីវិតពីការស្លាប់នៅក្នុងគុកនេះ បាននិយាយថា តារាភាពយន្តខ្មែរ គឺលោក ណុប ណែម និងលោកស្រី គីម ណូវ៉ា ក៏ត្រូវបានខ្មែរក្រហមយកមកសម្លាប់ចោល ក្នុងគុក ក្រាំងតាចាន់នេះផងដែរ។
នៅក្នុងអតីតបរិវេណសម្លាប់មនុស្សនេះ យើងឃើញមានចេតិយ ឬស្តូបពណ៌ស ដែលមានតម្កល់ឆ្អឹង និងលលាដ៍ក្បាលជនរងគ្រោះជាច្រើនគរលើគ្នា នៅក្នុងកញ្ចក់ដែលជាតឹកតាង បង្ហាញនូវអំពើឧក្រិដ្ឋរបស់ខ្មែរក្រហម ដែលសម្លាប់ពលរដ្ឋខ្លួនឯងក្នុងរបបនោះ ក្រោមការចោទប្រកាន់ថា ក្បត់នឹងអង្គការបដិវត្តន៍។
លលាដ៍ក្បាលនៃជនរងគ្រោះ ត្រូវគេរកឃើញមានចំនួនប្រមាណ១ម៉ឺន៤៥លាលាដ៍ ដែលត្រូវបានគេជីករកឃើញនៅជុំវិញអតីតគុកដែលធ្លាប់តែធំក្លិនទៅដោយសាកសពមនុស្សនេះ។ នៅទីនោះផងដែរ គេបានរកឃើញមានរណ្តៅកប់សាកសពរួមចំនួន២១រណ្តៅ ដែលស្ថិតនៅព័ទ្ធជុំវិញកន្លែងពិឃាត ដែលពីដើម គឺជាតំបន់ធ្លាប់តែព័ទ្ធជុំវិញដោយដើមឈើធំៗ ដែលជួយបិទបាំងអំពើធ្វើទារុណកម្ម និងកាប់សម្លាប់អ្នកទោសនៅទីនោះ។
សូមជំរាបថា អតីតគុកក្រាំងតាចាន់នេះ មានចម្ងាយប្រមាណជាង១០គីឡូម៉ែត្រពីទីរួមខេត្តតាកែវតែប៉ុណ្ណោះ។ គុកនេះ លាតសន្ធឹងលើផ្ទៃដីប្រមាណ១ហិកតា និងត្រូវបានក្រុមខ្មែរក្រហមសាងសង់ឡើងនៅឆ្នាំ១៩៧៣។ គុកនេះ មិនមែន សម្លាប់តែអ្នក ជម្លៀសប៉ុណ្ណោះទេ ប៉ុន្តែសូម្បីតែកម្មាភិបាលខ្មែរក្រហមខ្លួនឯង ហើយភាគច្រើនជាខ្មែរកម្ពុជាក្រោម ដែលពួកខ្មែរក្រហមចោទប្រកាន់ថា ជនក្បត់អង្គការបដិវត្ត ក៏ត្រូវបានគេយកមកសម្លាប់នៅទីនោះផងដែរ។
*តើអង្គការស្លៀកខោអាវខ្មៅ សម្លាប់មនុស្សដោយរបៀបណា?
ក្រោមការគ្រប់គ្រងនៃរបបកម្ពុជាប្រជាធិបតេយ្យ អ្នកជម្លៀស «១៧មេសា» មួយចំនួនត្រូវបានគេសម្លាប់នៅតាមផ្លូវពេលជម្លៀសទៅកាន់ទីជនបទ។ អង្គការ ក្នុងការស្វែងរកមុខព្រួញដែលត្រូវកម្ទេចបានបោកបញ្ឆោតថា គេនឹងឱ្យមនុស្សជាច្រើន រួមទាំងអតីតអ្នករដ្ឋការក្នុងរបបសាធារណរដ្ឋខ្មែរ វិលត្រឡប់ទៅធ្វើការងារដូចដើមវិញ បើសិនជាសារភាពដោយត្រង់ថាតើធ្លាប់បានធ្វើអ្វីខ្លះ នៅក្នុងរបបសាធារណរដ្ឋខ្មែររបស់លោក លន់ នល់ នោះ។
មនុស្សជាច្រើនណាស់ ដែលបានជឿលើការបោកប្រាស់របស់អង្គការស្លៀកខោអាវខ្មៅនោះ។ ប៉ុន្តែក្រោយការសារភាពភ្លាម ពួកគេត្រូវបានអង្គការនាំយកចេញពីក្រុមគ្រួសារទៅបាត់តែម្តង។ បញ្ញវ័ន្តនានា ដូចជាសាស្ត្រាចារ្យ, គ្រូបង្រៀន, និស្សិត បើទោះបីជាមិនមែនអ្នករដ្ឋការ ឬ ជាកងកម្លាំងប្រដាប់អាវុធក្តី ក៏ត្រូវបានគេចាត់ទុកជាជនសង្ស័យប្រឆាំងបដិវត្តន៍ ឬចាត់ទុកថា ជាប្រភេទនៃក្រុមសើរើបដិវត្តន៍, ចំណែកអ្នកចេះដឹងខ្លះ ដែលហ៊ាននិយាយជ្រៅជ្រះអំពីនយោបាយជាតិ ឬអន្តរជាតិ ក៏ត្រូវបានគេចាត់ទុកជាពួកបម្រើចក្រពត្តិនិយម ឬចោទថាពួកគេជាគិញសម្ងាត់ឱ្យបរទេសសេអ៊ីអា (CIA) របស់អាមេរិក ឬគិញកាហ្សេបេ (KZB) របស់អតីតសហភាពសូវៀត ដែលសុទ្ធសឹងជាមុខព្រួញនៃក្រុមប្រឆាំងបដិវត្តន៍ និងជាមុខព្រួញដែលអង្គការបដិវត្តន៍ត្រូវកម្ទេចចោល។
អំពើធ្វើទុក្ខទារុណ និងការសម្លាប់រង្គាលក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ត្រូវបានសាក្សីរៀបរាប់ថា អំពីវិធីផ្សេងៗពីគ្នា ដោយខ្លះត្រូវបានគេសម្លាប់ដោយវាយនឹងវត្ថុរឹង ដូចជាត្បូងចប, ដោយគល់ឫស្សី, ដោយការធ្វើទារុណកម្ម យកបន្ទះឫស្សីរឹតដៃយ៉ាងសែនទារុណ អ្នកខ្លះត្រូវបានគេ ធ្វើទារុណកម្មដោយការដកក្រចកដៃនិងក្រចកជើង រីឯមនុស្សជាច្រើន ទៀតត្រូវបានគេធ្វើទារុណកម្មយកថង់កៅស៊ូស៊កពីលើឱ្យថប់ដង្ហើម, ខ្លះរងទារុណកម្មដោយការវាយដំ, ខ្លះត្រូវស្លាប់ដោយការបង្អត់អាហារ, ដោយការធ្លាក់ខ្លួនឈឺ គ្មានថ្នាំសង្កូវព្យាបាល ឬបើជាកុមារវិញ ត្រូវបានគេបោក ឬគ្រវែងផ្ទប់នឹងរបស់រឹងដូចជាជញ្ជាំងឬដើមត្នោត ឬបោះទៅលើឱ្យធ្លាក់ចុះ មកក្រោមដោយគ្រលាស់ចំពុះទង់កាំភ្លើង មុតចាក់សម្លាប់នោះជាដើម។ អ្នកទោសខ្លះ មុនពេលស្លាប់ត្រូវបានឈ្លបសន្តិសុខខ្មែរក្រហម ប្រាប់ឱ្យជីករណ្តៅដ៏ធំ និងក្រោយការជីក រណ្តៅនោះរួចមក ពួកគេត្រូវបានពួកសន្តិសុខបង្គាប់ឱ្យលុតជង្គង់ វាយពីក្រោយដោយស្វ័យកាំភ្លើង, ឬដោយវត្ថុរឹង និងច្រានពួកគេចូលក្នុង រណ្តៅកាយកប់តែម្តងទោះបីជាមាន មនុស្សខ្លះមិនទាន់បានផុតដង្ហើមក៏ដោយ។
ហេតុដូច្នេះហើយ អំពើសម្លាប់រង្គាលក្នុងរបបខ្មែរក្រហមរយៈពេល ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ដែលស្មើនឹង១, ៣៦១ថ្ងៃនោះ មានមនុស្សស្លាប់ដល់ច្រើនលាននាក់គួរឱ្យសង្វេគ ដោយសាកសពអ្នករងគ្រោះ ត្រូវបានគេរកឃើញកប់ក្នុងរណ្តៅសាកសពរួមតាមទីជនបទនានាទាំងនៅតាមខេត្ត និងជាយក្រុងភ្នំពេញ ដូចជានៅតំបន់វាលពិឃាតបឹងជើងឯកជាដើម។ តំបន់ជើងឯក គឺជាទីវាលពិឃាតសម្លាប់អ្នកទោស ដែលត្រូវបានគេដឹកមកពីគុកទួលស្លែង។
Fresh Exclusive បានជួបជាមួយបុរសម្នាក់ឈ្មោះ នង ចាន់ផល អាយុ៥៤ឆ្នាំ ដែលលោក បានរំលឹកព្រឹត្តិការណ៍ដ៏ឈឺចាប់មួយក្នុងអតីតកាល ដែលលោកត្រូវបានគេនាំខ្លួនមកជាមួយម្តាយដាក់នៅក្នុងគុកទួលស្លែង។ លោកបានថ្លែងរំលឹកក្នុងហេតុការណ៍ដ៏ឈឺចាប់មូយក្នុង ពេលដែលក្រុមសន្តិសុខខ្មែរក្រហម បានវាយតប់ដាក់លើម្តាយលោក បណ្តាលឱ្យហូរឈាមខ្ទាតប្រឡាក់មកលើអាវរបស់លោក និងពួកខ្មែរក្រហមបានចាប់ទាញរូបលោក ដែលពេលនោះទើបមានអាយុ៨ឆ្នាំ ចេញពីទ្រូងម្តាយ ដែលកំពុងឱបនិងយំទួញសោកគួរឱ្យសង្វេក៖ «ព្រឹកឡើង គេចាក់សោរបំបែក និងស្រែកថាក្មេងៗទាំងអស់ចុះទៅនៅខាងក្រោម…ម្តាយខ្ញុំ ពេលនោះស្រាប់តែស្ទុះមកឱបខ្ញុំ ហើយខ្សឹបដាក់ត្រចៀកថា កូនអើយ ទោះមានរឿងអ្វីក៏ ដោយកុំរត់ចោលប្អូនឱ្យសោះ…ត្រូវមើលប្អួនណាកូន។ ពេលគាត់ប្រាប់ហើយ គាត់ក៏យំនិងញ័រខ្លួន នៅពេលដែលពួកវាបានបំបែកខ្ញុំចេញពីម្តាយយកមកដាក់នៅក្រោមក្បែរចង្ក្រាន្តបាយ»។
អតីតកុមារ នង ចាន់ផល បានរំលឹកថា ថ្ងៃដែលក្រុមខ្មែរក្រហម ទាញអ្នកម្តាយឈ្មោះ «មុំ យ៉ូវ» មិនឱ្យឱបរូបលោកនោះ គឺជាថ្ងៃទី៥ ខែមករា ឆ្នាំ១៩៧៩ ពីរថ្ងៃមុនពេលដែលមានកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិ សហការជាមួយកងទ័ពស្ម័គ្រចិត្តវៀតណាម ចូលមកជួយរំដោះ ប្រទេសចេញរួចផុតពីរបបប៉ុលពត។
លោក នង ចាន់ផល និងប្អូនប្រុសអាយុ៦ឆ្នាំ ឈ្មោះ នង ចាន់លី បានធ្វើដំណើរមកជាមួយម្តាយ ដែលក្រុមខ្មែរក្រហមបាននាំខ្លួនពីភូមិត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មកកាន់មន្ទីរ ឃុំឃាំងស-២១ ដែលគេស្គាល់ថាជាគុក «ទួលស្លែង»។ មុនការនាំម្តាយរបស់លោកមកគុកទួលស្លែង, ក្រុមខ្មែរក្រហម បានចាប់ឳពុកលោកឈ្មោះ នង ឈិន នាដើមខែកញ្ញា ឆ្នាំ១៩៧៤រួចមកហើយ។ លោក នង ឈិន គឺជាអតីតកម្មាភិបាលមួយរូបរបស់ខ្មែរក្រហម ដែលទទួលខុសត្រូវក្នុងរោងចក្រអារឈើ ធ្វើកំណល់រទេះភ្លើង នៅក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
គុកទួលស្លែង ដែលទទួលខុសត្រូវដោយឈ្មោះ កាំង ហ្គិចអ៊ាវ ហៅឌុច គឺជាកន្លែងឃុំឃាំង សួរចម្លើយ និងធ្វើទារុណកម្ម មុននឹងបញ្ជូនយកមកសម្លាប់នៅទីវាលពិឃាតព្រៃស ជាយរាជធានីភ្នំពេញ។ ឌុច ដែលជាប្រធានគុកទួលស្លែង ក្នុងពេលដែលមានសវនាការកាត់ទោសរបស់អង្គជំនុំជំរះ វិសាមញ្ញក្នុងតុលាការកម្ពុជា បានសារភាពនូវកំហុសទទួលខុសត្រូវលើការបាត់បង់ជីវិត មនុស្សជាងមួយម៉ឺននាក់នៅក្នុងគុកទួលស្លែង ដែលត្រូវបានយកមកសម្លាប់នៅវាលពិឃាត បឹងជើងឯក ក្នុងនោះក៏រួមមានជនបរទេសស្បែកស ជាច្រើននាក់ផងដែរ។
ក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ អ្នកទោសរួចពីស្លាប់ចំនួន១២នាក់ក្នុងគុកទួលស្លែង ត្រូវបានជួយសង្គ្រោះដោយកម្លាំងកងទ័ពរំដោះ…និងកងកម្លាំងរណសិរ្សសាមគ្គីសង្គ្រោះជាតិនាពេលនោះ ក៏បានរកឃើញកុមារ នង ចាន់ផល និងក្មេងតូចៗចំនួន៤នាក់ទៀតនៅក្នុងគុក ទួលស្លែងដោយសារតែពួកគេ បាននាំគ្នាលាក់ខ្លួន ក្នុងគំនរខោអាវសាកសព ដែលប្រឡាក់ដោយឈាមនិងខ្ទុះ ខណៈពួកខ្មែរក្រហម បានប្រមែប្រមូលគ្នីគ្នារត់គេចខ្លួនចេញពីគុកទួលស្លែង មុនពេលកងទ័ពរំដោះធ្វើដំណើរចូលមកដល់ក្រុងភ្នំពេញ។
Fresh Exclusive បានធ្វើដំណើរមកដល់អតីតវាលពិឃាតសម្លាប់មនុស្សបឹងជើងឯកជាយរាជ ធានីភ្នំពេញ។
«នេះគឺជាបឹងជើងឯក នៃទីតាំងប្រវត្តិសាស្ត្រដែលជាតឹកតាងពិតប្រាកដនៃទីកន្លែងសម្លាប់រង្គាលក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដែលគេស្គាល់ថាជារបបដឹកនាំខ្មែរក្រហមក្នុងសម័យគ្រប់គ្រង ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ចាប់ពីខែមេសា ឆ្នាំ១៩៧៥ ដល់ដើមឆ្នាំ១៩៧៩។ វាលពិឃាតបឹងជើងឯកនេះ គឺជាកន្លែងដែលខ្មែរក្រហមសម្លាប់អ្នកទោស ដែលបញ្ជូនមកពី គុកទួលស្លែង ឬពីមន្ទីរឃុំឃាំងស២១។
ទីពិឃាតមនុស្សនេះ ត្រូវគេរាយការណ៍ថា បានស្ថិតជាកន្លែងអាថ៌កំបាំងរវាងពីឆ្នាំ១៩៧៥ ដល់ដើមឆ្នាំ១៩៧៩នោះ ប៉ុន្តែជាញឹកញាប់ សាក្សីបាននិយាយថាគេតែងតែឮបទចម្រៀងបដិវត្តន៍ចាក់តាមមីក្រូ ចេញពីកន្លែងវាលពិឃាតមនុស្សនេះ ដើម្បីបន្លប់កុំឱ្យគេឮសំឡេងស្រែកថ្ងូរឈឺចាប់របស់អ្នកទោស ដែលគេបានធ្វើទារុណកម្ម និងវាយសម្លាប់នៅក្នុងបរិវេណនោះ។
ក្រោយថ្ងៃរំដោះ ៧មករា ទើបបានគេដឹងថា នៅក្នុងបរិវេណបឹងជើងឯកនេះ គឺជាកន្លែងសម្លាប់មនុស្ស ហើយនៅពេលបានកាយសាកសពចេញពីរណ្តៅ គេបានប្រទះឃើញមានដំបងគល់ឫស្សី បំពង់ទីប ត្បូងចប ជាប់ដិតដាមដោយស្នាមឈាម… ហើយក្រោយមក គេបានប្រទះឃើញរណ្តៅកប់សាកសពខ្លះ បានស្រុតខ្លះផុលឡើង និងរណ្តៅខ្លះទៀត មិនទាន់បានកាយកប់សាកសពឡើយ។ សាកសពខ្លះ ត្រូវគេប្រទះឃើញ ត្រូវគេរុំមុខ ខ្លះគេចងស្លាបសេកដៃទៅក្រោយ ដេកដួលដូចសត្វធាតុពាសពេញរណ្តៅ ហើយនៅក្នុងបរិវេណបឹងជើងឯកនេះក៏មានគុកមួយផងដែរ។
ឯកសារបានបង្ហាញថា ពីឆ្នាំ១៩៧៦ ដល់ឆ្នាំ១៩៧៨ មានកសិករ មន្ត្រី ទាហាន បញ្ញវន្ត អង្គទូត ជនបរទេស កុមារ និងស្ត្រីប្រមាណជិតពីរម៉ឺននាក់ ត្រូវបានខ្មែរក្រហមយកមកសម្លាប់នៅក្នុងតំបន់ជើងឯកនេះ។ តំបន់ជើងឯកនេះ ត្រូវបានគេរកឃើញមានរណ្តៅសាកសពរួមប្រមាណ១២៩រណ្តៅ ក្រោយការជីកកាយតាមមាត់ស្រះ ដែលស្ថិតប្របនឹងមាត់បឹងជើងឯកនៅឆ្នាំ១៩៨០»។
*ជីវិតពិតក្នុងរបបខ្មែរក្រហម
សង្គមក្នុងរបបកម្ពុជាប្រជាធិបតេយ្យ គឺជាសង្គមដ៏ខ្មៅងងឹត ដែលពួកគេបានព្យាយាមបិទបាំង មិនឱ្យឮដល់ពិភពលោកឡើយ។ ក្នុងសម័យខ្មែររបបដឹកនាំខ្មែរក្រហម អង្គការមិនដែលអនុញ្ញាតឱ្យពលរដ្ឋ ធ្វើដំណើរសេរីចាកចេញពីកន្លែងមួយទៅកន្លែងមួយ ដោយគ្មានលិខិតអនុញ្ញាតឡើយ។
ពលរដ្ឋទាំងអស់អាចធ្វើដំណើរតែនៅក្នុងភូមិរបស់ខ្លួនតែប៉ុណ្ណោះ ម្យ៉ាងទៀតការធ្វើកិច្ចការដែលអង្គការបានចាត់តាំងជារៀងរាល់ថ្ងៃ និងស្ទើរគ្មានពេលសម្រាកទៀតនោះ មិនអាចឱ្យពលរដ្ឋណាមានពេលទំនេរបានឡើយ។ ជនសង្ស័យណា ដែលដើរឆ្លងភូមិដោយគ្មានលិខិត អនុញ្ញាតពីអង្គការនឹងត្រូវបានគេចាប់ខ្លួន ដើម្បីសួរនាំ ឬត្រូវបានគេយកទៅដាក់គុកធ្វើទារុណកម្ម។ អ្នកណា ដែលហ៊ានធ្វើដំណើរគ្មានច្បាប់អនុញ្ញាត នឹងត្រូវបានអង្គការចាត់ទុកថា ជាមនុស្សសេរី…ហើយបើមនុស្សនោះ ត្រូវបានអង្គការដាក់ឈ្មោះជា «មនុស្សសេរី» ហើយ ភ័ព្វវាសនារបស់គេ មានតែប្រឈមការជាប់គុក, រងនឹងទារុណកម្ម និងរហូតដល់បាត់បង់ជីវិតថែមទៀត។
ក្នុងរបបខ្មែរក្រហម ស្ត្រីទាំងអស់មិនអាចមានសិទ្ធិរក្សាទុកសក់វែងដ៏ស្អាតរបស់គេបានឡើយ។ ស្ត្រីៗត្រូវបានបង្ខំឱ្យកាត់សក់ខ្លីដូចជាបុរស។ សម្លៀកបំពាក់ ទោះបីមានពណ៌ស្រស់ឆើតឆាយយ៉ាងណាក៏ដោយ ត្រូវអង្គការតម្រូវឱ្យយកទៅជ្រលក់ខ្មៅ ដោយត្រាំជាមួយនឹងដើម ត្រែង, ផ្លែ មក្លឿ ឬបើគ្មានដើមជ្រលក់ទាំងនោះទេ ត្រូវយកទៅជ្រលក់ត្រាំនឹងទឹកភក់ថ្លុកក្របី ដើម្បីឱ្យប្រែពណ៌ជាស្រគាំខ្មៅ។ មិនមានអ្នកណាម្នាក់ ហ៊ានស្លៀកខោអាវដែលមានពណ៌ឆើតស្រស់អ្វីឡើយ ដោយខ្លាចក្រែងមានការចោទថា ពួកគេមានគំនិតមិនស្មោះត្រង់នឹងបដិវត្តន៍ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ការបង់ក្រមាដែលមានពណ៌ឆើតក្រហម ត្រូវបានគេនិយមជាខ្លាំងណាស់ក្នុងជំនាន់នោះ ពីព្រោះពួកគេនិយាយថាសម្លៀកបំពាក់ពណ៌ខ្មៅ បានស៊ីនឹងក្រមាពណ៌ក្រហម។
ក្រុមយុវជនដែលមានកម្លាំងពេញ ត្រូវបានគេបញ្ជួនទៅធ្វើកិច្ចការធ្ងន់ៗនៅខាងក្រៅភូមិ ដូចជាលើកទំនប់, ជីកប្រឡាយ ឬវាយថ្ម ជាដើម។ មនុស្សដែលមានកម្លាំងចាស់ គេឱ្យធ្វើការភ្ជួរស្រែ ដកស្ទូវ ច្រូតកាត់ និងធ្វើដំណាំកសិកម្ម ឬធ្វើជីរលាមកមនុស្សនៅក្នុងភូមិ…ចំណែកក្មេងៗ ត្រូវបានគេប្រមូលផ្តុំគ្នា និងចាត់ពួកកុមារទាំងឡាយ ឱ្យទៅឃ្វាលគោ ក្របី និងធ្វើការ ស្រាលជាមួយមនុស្សចាស់ ដូចជាដើររើសអាចម៍គោ និងជួយធ្វើជីលាមកជាដើម។
នៅក្នុងភូមិនីមួយៗ គេដាក់ឃ្មោះ ឬជួង ឬសំបកគ្រាប់បែកទម្លាក់ដែលមិនផ្ទុះ ទុកសម្រាប់វាយបន្លឺសញ្ញាដើម្បីការជួបជុំគ្នា ឬជាសញ្ញានាំគ្នាទៅហូបអាហាររួម។ នៅពេលដែលមានការគោះរគាំងជាសញ្ញាក្នុងពេលថ្ងៃត្រង់ ឬល្ងាចដើម្បីទទួលទានអាហារម្នាក់ៗ ត្រូវតែកាន់ចាន និងស្លាបព្រា ដែលបានរក្សាទុករៀងៗខ្លួន ទៅកាន់រោងបាយរួម ប៉ុន្តែការទទួលទានអាហារកម្រនឹងមានបាយ ឬសម្លឆ្ងាញ់ ឬមានសាច់មាន់ សាច់ទា សាច់គោ ឬសាច់ជ្រួកឡើយ។ អាហារទទួលទាន គ្មានអ្វីក្រៅតែពីបបរ ជាពិរសេសបបររាវ ស្ទើររកគ្រាប់អង្ករមិនឃើញ លាយជាមួយនឹងសម្លរដើមចេក, សម្លរត្រកួន, សម្លព្រលិត ឬរំចង់ ដែលលាយនឹងត្រីតិចតួចដែលគេរកបាននៅក្នុងភូមិ ដែលទាំងនោះគឺជាអាហារប្រចាំថ្ងៃ ស្ទើរតែ មិនដែលផ្លាស់ប្តូរឡើយ។
ការទទួលទានបបរ បានទទួលរបបតែមួយវែក ជួនកាល២វែក ឬ៣វែក យោងតាមភូមិ/ឃុំណា ដែលអាចប្រមូលផលបានច្រើន ឬតិច ឬ ពេលខ្លះត្រូវហូបពោត ហូបដំឡូង ហូបក្តួច ឬគល់ចេក ជំនួសបបរ នៅពេលដែលអង្គការដាច់របបស្បៀងអង្ករ។ មានពេលខ្លះ គេអាចមានរបបបាយ ឬបបរខាប់ ជាពិសេសនៅពេលដើមរដូវច្រូតកាត់ ប៉ុន្តែរបបបាយ ឬបបរខាប់ មិនបានយូរថ្ងៃឡើយ។
អង្គការ បានដាក់វិន័យតឹងរ៉ឹងបំផុតចំពោះ អ្នកណាដែលហ៊ានលួចបេះបោចដំណាំ ឬលួចឆ្កឹះដំឡូងដាំនៅក្នុងដី បើទោះបីជាដំឡូងនោះ ត្រូវបានដាំក្នុងដីរបស់ខ្លួនក៏ដោយ។ អ្នកណាដែលហ៊ានលួចបេះដំណាំ និងដែលអង្គការបានចាត់ទុកថា អ្នកនោះជាចោរហើយ លទ្ធផលគឺត្រូវបានគេចាប់ទៅដាក់គុក និងធ្វើទារុណកម្ម ឬអ្នកខ្លះត្រូវបានគេសម្លាប់ចោលតែម្តង។
អង្គការ បានសន្យាឱ្យយុវជនកងចល័តនូវខោអាវខ្មៅម្នាក់២កំប្លេក្នុងមួយឆ្នាំ ប៉ុន្តែអ្នកខ្លះបានតែមួយកំប្លេ ខណៈអ្នកជម្លៀសខ្លះ មិនទទួលបានឡើយ ដោយសារតែអង្គការរើសអើងរវាងអ្នកមូលដ្ឋាន និងអ្នកជម្លៀសមកពីក្រុង។ ក្នុងរបបខ្មែរក្រហម ការរៀបអាពាហ៍ពិពាហ៍ គឺតម្រូវឱ្យមានជាច្រើនគូ ដើម្បីបញ្ចៀសការខាតរបស់បដិវត្តន៍។
មន្ត្រីក្រសួងការបរទេសអាមេរិក លោក Kenneth Quinn ដែលក្រោយមកបានក្លាយជាឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំកម្ពុជារវាងពីឆ្នាំ១៩៩៦ដល់ឆ្នាំ១៩៩៩ បានសរសេរថា៖ «របបកម្ពុជាប្រជាធិបតេយ្យ ជារបបលុបបំបាត់ចោលកម្មសិទ្ធិឯកជន, ប្រមូលទ្រព្យសម្បត្តិទាំងអស់ដាក់ជាទ្រព្យសម្បត្តិរួម, បង្ខំឱ្យមនុស្សផ្លាស់ទីលំនៅ, បំបែកគ្រួសារ ហើយបានបែងចែកចំណាត់ថ្នាក់ពលរដ្ឋ ជាក្រុមកសិករ, ជាក្រុមកម្មករ ឬទាហានជាដើម»។
លោក Kenneth Quinn បានសរសេរកត់សម្គាល់ទៀតថា៖ «អ្នកមានចំណេះដឹង គឺជាមនុស្ស ដែលគេដាក់ការសង្ស័យជាខ្លាំង…ការពាក់វ៉ែនតា គឺជាបទឧក្រិដ្ឋដែលអាចទទួលទោសប្រ ហារជីវិត…ក្រុមជនជាតិភាគតិច ត្រូវបានគេធ្វើទុក្ខបុកម្នេញ…និងលោកសរសេរទៀតថា ពលរដ្ឋត្រូវបានគេបង្ខំឱ្យធ្វើការគ្មានពេលទំនេរឡើយ»។
កំណត់ត្រារបស់លោក Kenneth Quinn គឺគ្រាន់តែជាមួយផ្នែកតូចណាមួយប៉ុណ្ណោះ គ្រាដែលអំពើធ្វើទុក្ខបុកម្នេញក្នុងរបបកម្ពុជាប្រជាធិបតេយ្យ មានច្រើនរាប់មិនអស់សូម្បីតែការនិយាយ ភ្លាត់មាត់របស់ប្រជាជនថ្មី នូវភាសាបរទេសបារាំង ឬ ភាសាអង់គ្លេស ក៏មានទោសដាក់គុកដល់ស្លាប់ផងដែរ។
Fresh Exclusive បានធ្វើដំណើរមកដល់មន្ទីរឃុំឃាំង តាម៉ន់ ស្ថិតនៅភូមិឫស្សីដុំ ឃុំប្រភ្នំ ស្រុកអង្គរជ័យ ខេត្តកំពត។ អ្នកទោសនៅមន្ទីរឃុំឃាំងតាម៉ន់ ត្រូវបានគេបញ្ជួនទៅសម្លាប់ នៅព្រៃតាកុយ ភូមិដំណាក់ក្រសាំង ឃុំប្រភ្នំ ស្រុកអង្គរជ័យ។ ក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ អ្នកភូមិបានរកឃើញរណ្តៅសាកសពជាច្រើននៅព្រៃតាកុយ ហើយគេបានកាយ យកអដ្ឋិធាតុទាំងអស់មកគរទុកនៅអតីតកន្លែងឃុំឃាំង តាម៉ន់ នេះ។
សាក្សីឈ្មោះ ឃិន ក្រូវ អាយុ៥៦ឆ្នាំ បានរៀបរាប់នូវហេតុការណ៍ដែលពួកខ្មែរក្រហម បានយកអ្នកទោសពីកន្លែង ឃុំឃាំងនោះ ទៅសម្លាប់នៅព្រៃតាកុយ៖ «បច្ចុប្បន្ន នៅមន្ទីរឃុំឃាំង តាម៉ន់ នោះ គេបានធ្វើចេតិយរក្សាទុកអដ្ឋិធាតុ និងជាយូរៗម្តងទើបមានអ្នកភូមិ បាននាំគ្នាធ្វើបុណ្យឧទ្ទិសកុសលដល់អ្នកចែកស្ថាន។ យោងតាមឯកសារស្រាវជ្រាវ មានមនុស្សបាត់បង់ជីវិតនៅមន្ទីរឃុំឃាំង ក្នុងស្រុកអង្គរជ័យនោះចំនួនជាង៣ម៉ឺននាក់រួម ទាំងទីតាំងសម្លាប់មនុស្សមួយកន្លែងទៀត ដែលស្ថិតនៅភូមិក្របៀក ក្នុងតំបន់ភ្នំក្រិល ឃុំសំឡាញ់ ស្រុកអង្គរជ័យ ខេត្តកំពត»។
*តើរដ្ឋាភិបាលសហរដ្ឋអាមេរិកបានដឹងអំពីការសម្លាប់រង្គាលក្នុងសម័យខ្មែរក្រហមដែរឬទេ?
ឯកសារខួបលើកទី៦០ នៃទំនាក់ទំនងការទូតរវាងសហរដ្ឋអាមេរិកនិងកម្ពុជា ចាប់ពីឆ្នាំ១៩៥០- ២០១០ បានសរសេរថា ថ្វីបើសហរដ្ឋអាមេរិក ចាត់ទុកសិទ្ធិមនុស្សជាចំណុចសំខាន់ក្នុងរបៀបវារៈនយោបាយរបស់ខ្លួនក្តី ប៉ុន្តែស្ថានភាពដែរបានកើតឡើងនៅក្នុងប្រទេសកម្ពុជានាពេលនោះ មិនមែនជាកត្តាអទិភាព ដែលសហរដ្ឋអាមេរិកត្រូវយកចិត្តទុកដាក់ដើម្បីធ្វើការដោះស្រាយនោះទេ។
ឯកសារអាមេរិក បានសរសេរថា មានការដេញដោលគ្នាដើម្បីចង់ឱ្យសហរដ្ឋអាមេរិក ទទួលខុសត្រូវលើវាសនានៃប្រទេសកម្ពុជាក្នុងពេលនោះ រួមទាំងមានការលើកឡើងរបស់សមាជិកតំណាងរាស្ត្រលោក Stephen Solarz ផងដែរ ប៉ុន្តែតម្លៃសិទ្ធិមនុស្សនៅកម្ពុជា គ្មានប្រយោជន៍ដល់សហរដ្ឋអាមេរិកដើម្បីធ្វើការគិតគូរឡើយ។
ឯកសារអាមេរិកដដែលបានសរសេរបង្ហាញថា ក្នុងពេលដែលប្រជាជនកម្ពុជា កំពុងរងទុក្ខវេទនាដ៏សោកសៅក្នុងរបបដឹកនាំខ្មែរក្រហមនោះ មិនមែនរដ្ឋាភិបាលអាមេរិក មិនបានដឹងនោះទេ។ នៅឆ្នាំ១៩៧៨ អតីតប្រធានាធិបតីលោក Jimmy Carter បានចេញសេចក្តីថ្លែងការណ៍មួយ ដោយថ្កោលទោសសកម្មភាពរបស់រដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យ ហើយមេដឹកនាំ សេតវិមាន ថែមទាំងបានប្រើពាក្យ «ប្រល័យពូជសាសន៍» Genocide នៅក្នុងសេចក្តីថ្លែងការណ៍នោះទៀត។
រដ្ឋាភិបាលសហរដ្ឋអាមេរិក មិនត្រឹមតែធ្វើគថ្លង់ ចំពោះអំពើសម្លាប់មនុស្សរង្គាល ដោយរបបប៉ុលពតរវាងពីឆ្នាំ១៩៧៥ដលដើមឆ្នាំ១៩៧៩ប៉ុណ្ណោះទេ, សហរដ្ឋអាមេរិក បានគាំទ្រឱ្យរបបខ្មែរក្រហម ប៉ុលពត បន្តកាន់អាសនៈនៅអង្គការសហប្រជាជាតិក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ និងបានចូលរួមដាក់ទណ្ឌកម្មសេដ្ឋកិច្ចមកលើប្រទេសកម្ពុជាដែលក្រលំបាក ពេលនោះអស់រយៈពេល១២ឆ្នាំថែមទៀត។
ដូច្នេះ ប្រទេសមហាអំណាចមិនគួរនិយាយអំពី តម្លៃសិទ្ធិមនុស្សនិងតម្លៃលទ្ធិប្រជាធិបតេយ្យដាក់មកលើប្រទេសកម្ពុជាក្នុងពេលនេះឡើយ ព្រោះនៅពេលដែលសហរដ្ឋអាមេរិកមេដើមចមនៃរដ្ឋប្រហារថ្ងៃទី១៨ មីនា ឆ្នាំ១៩៧៥ មិនបានយកចិត្តទុកដាក់នឹងការឃើញអំពើរំលោភសិទ្ធិមនុស្ស, ទង្វើសម្លាប់រង្គាលក្នុងរបបខ្មែរក្រហម ក្នុងប្រទេសកម្ពុជាឡើយ ព្រោះតម្លៃសិទ្ធិមនុស្សរបស់កម្ពុជាពេលនោះ មិនអាចប្រៀបប្រដូចនឹងទំហំសងសឹករបស់សហរដ្ឋអាមេរិកចំពោះវៀតណាម ដែលមានជំហរទោរទន់ទៅអតីតសហភាពសូវៀតឡើយ។ រដ្ឋាភិបាលអាមេរិក បែរជានិយាយថ្កោលទោសវៀតណាមថា បានចូលឈ្លានពានកម្ពុជា ជាមួយការចាត់ទុកថា ទង្វើនោះគឺជាការពង្រីកឥទ្ធិពលរបស់អតីតសហ ភាពសូវៀតនៅតំបន់អាស៊ីអាគ្នេយ៍។ ដូច្នេះបើទោះបីជាសិទ្ធិមនុស្សពេលនោះ ជាចំណុចសំខាន់ក្នុងរបៀបវារៈនយោបាយរបស់សហរដ្ឋអាមេរិកក៏ដោយ ការចង់ជួយកម្ពុជា ឬការចង់កែលំអទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងកម្ពុជា ក៏ត្រូវរង់ចាំសិនដែរនាពេលនោះ។
*តើព្រឹត្តិការណ៍ថ្ងៃ១៧ មេសា ឆ្នាំ១៩៧៥ កើតឡើងដោយសារនរណា?
បើគ្មានការធ្វើរដ្ឋប្រហារថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ទម្លាក់អតីតព្រះប្រមុខរដ្ឋ សម្តេចព្រះ នរោត្តម សីហនុ នោះទេ, ក៏គ្មានការផ្ទុះឡើងនូវសង្គ្រាមរយៈពេលជាង៥ឆ្នាំ ដែលក្រោយមកបាននាំឱ្យសង្គមកម្ពុជាឱ្យធ្លាក់ចូលក្នុងរបបកាប់សម្លាប់ខ្មែរក្រហម។ គឺរដ្ឋប្រហារនៅក្នុងរដ្ឋសភា តាមរយៈសម្លេងបោះឆ្នោតទម្លាក់សម្តេចព្រះ នរោត្តម សីហនុ ថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០នោះហើយ គឺជាដើមនៃអ្វីៗទាំងអស់ ទាំងការនាំប្រទេសឱ្យធ្លាក់ចូលក្នុងភ្លើងសង្គ្រាមផង និងបានរុញច្រានសង្គមកម្ពុជា ឱ្យធ្លាក់ចូលក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម។
គឺរដ្ឋប្រហារថ្ងៃទី១៨ ខែមីនា កាលពី៥៥ឆ្នាំមុននោះហើយ បានផ្លាស់ប្តូររបបពីរាជានិយម ក្លាយជារបបសាធារណរដ្ឋខ្មែរ, បង្កើតទិដ្ឋភាពនៃព្រឹត្តិការណ៍ចូលក្នុងព្រៃតស៊ូដើម្បីរំដោះជាតិ ក្នុង រួមមានយុវជន ហ៊ុន សែន ដែលលោកគឺជាតួអង្គដ៏សំខាន់បំផុតនៃការរៀបចំនយោបាយទាំងឡាយក្នុងការពន្លត់ភ្លើងសង្គ្រាមស៊ីវិលនៅកម្ពុជា, ជួយស្តារប្រទេសជាតិឱ្យមានភាពស្រស់បំព្រងឡើងវិញដូចបច្ចុប្បន្ន និងនយោបាយឈ្នះឈ្នះ របស់លោក បាននិងកំពុងទប់ស្កាត់យ៉ាងមានប្រសិទ្ធភាព ដោយបានរារាំងឧបាយកលរបស់ពួកក្រុមជ្រុលនិយមដែលចង់នាំប្រទេសកម្ពុជាដែលមានសន្តិភាព ចង់ធ្លាក់ចូលក្នុងឧបាយកលសង្គ្រាមសាជាថ្មី។
ដូច្នេះជាថ្មីម្តងទៀត បើគ្មានរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ ទេ ក៏កម្ពុជាមិនធ្លាក់ចូលក្នុងភ្លើងសង្គ្រាម និងបើគ្មានព្រះរាជបន្ទូលអំពាវនាវរបស់ព្រះអង្គឱ្យពលរដ្ឋខ្មែរចូលក្នុងព្រៃម៉ាគី ដើម្បីការតស៊ូនោះទេ ក៏គ្មានប្រវត្តិការតស៊ូរបស់យុវជន ហ៊ុន សែន ដែលលោកគឺជាឥស្សរជនលេចធ្លោខ្លាំងជាងគេបំផុត ក្នុងការជួយស្រោចស្រង់ប្រទេសកម្ពុជា ដែលមុននោះប្រទេសកម្ពុជា ស្ទើរក្លាយជាសាកសពមួយទៅហើយ ប៉ុន្តែក្រោមនយោបាយរបស់សម្តេចតេជោ ហ៊ុន សែន កម្ពុជាអាចរស់ឡើងវិញ តាំងពីបាតដៃទទេ រហូតដល់មានការអភិវឌ្ឍន៍ដូចបច្ចុប្បន្ន និងប្រកបដោយភាពលេចធ្លោថែមទៀត នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ទាំងនេះ គឺជាតថភាពនៃប្រវត្តិសាស្ត្រជាតិ។
*កម្ពុជាបង្កើតច្បាប់ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈ កាលនៃកម្ពុជាប្រជាធិបតេយ្យ
កម្ពុជា គឺជាប្រទេសមួយ ដែលអតីតកាលបានឆ្លងកាត់នូវអំពើប្រល័យពូជសាសន៍ប្រព្រឹត្ត ដោយរបបកម្ពុជាប្រជាធិបតេយ្យរយៈពេល៣ឆ្នាំ ៨ខែ ២០ថ្ងៃ ចាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩។
មនុស្សស្លាប់ដោយអតីតរបបប្រល័យពូជសាសន៍នេះ មានចំនួនសរុប ៣,៣១៤,៧៦៨នាក់។ របបកាប់សម្លាប់ខ្មែរក្រហម បានបន្សល់ទុកជនពិការចំនួន១៤១,៨៤៨នាក់, កុមារកំព្រា២០ម៉ឺននាក់ និងមានស្ត្រីមេម៉ាយជាច្រើនថែមទៀត។ របបនៃវាលពិឃាតនេះ ត្រូវបានផ្តួលរំលំក្រោមទង់រណសិរ្សសាមគ្គីសង្គ្រោះជាតិ ដែលបានរំដោះប្រទេសថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។
នៅក្នុងឆ្នាំ២០០៦ តុលាការរួមគ្នាមួយ រវាងអង្គការសហប្រជាជាតិ និងរាជរដ្ឋាភិបាលកម្ពុជា ត្រូវបានបង្កើតឡើងដោយដាក់ឈ្មោះថា «អង្គជំនុំជំរះវិសាមញ្ញក្នុងតុលាការកម្ពុជា» ដើម្បីកាត់ទោសអតីតមេដឹកនាំជាន់ខ្ពស់និងអ្នកទទួលខុសត្រូវខ្ពស់ក្នុងឧក្រិដ្ឋកម្មធ្ងន់ធ្ងរបំផុតលើឧក្រិដ្ឋកម្ម ដែលបានប្រព្រឹត្តឡើងនៅចន្លោះថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩។ តុលាការកូនកាត់ ដែលបានចាប់ដំណើរការតាំងពីខែកក្កដា ឆ្នាំ២០០៦ និងបានបញ្ចប់នៅក្នុងខែសីហា ឆ្នាំ២០២២ ជាមួយការចំណាយថវិកាចំនួន៣៣៧លានដុល្លារ បានកាត់ទោសលើសំណុំរឿងធំៗចំនួន៧ ដែលពាក់ព័ន្ធនឹងមេខ្លោងទទួលខុសត្រូវក្នុងរបបកាប់សម្លាប់ខ្មែរក្រហមពីអតីតកាល។
មេខ្លោងកំពូលខ្មែរក្រហមដែលទទួលខុសត្រូវលើរបបដឹកនាំកម្ពុជាប្រជាធិបតេយ្យ ត្រូវបានគេរកឃើញនូវទោសកំហុសធំៗនានា រួមមានឧក្រិដ្ឋកម្មប្រល័យពូជសាសន៍, ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងការរំលោភបំពានធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងហ្សឺណែវ ឆ្នាំ១៩៤៩ជាដើម។
ដូច្នេះទម្រាំតែពិភពលោកបើកភ្នែក និងចាត់វិធានការដាក់ទោសលើមេដឹកនាំជាន់ខ្ពស់នៃរបបកម្ពុជាប្រជាធិបតេយ្យ ប្រជាជនកម្ពុជាដែលរងគ្រោះ ត្រូវរង់ចាំយុត្តិធម៌នោះរយៈពេល៤៣ឆ្នាំ។
បច្ចុប្បន្ន មានតែលោក ខៀវ សំផន អាយុ៩៤ឆ្នាំ ដែលជាអតីតប្រមុខរដ្ឋ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ គឺជាមនុស្សតែម្នាក់គត់ដែលនៅរស់រានមានជីវិត។ រីឯអតីតមេដឹកនាំដទៃទៀតដូចជាលោក នួន ជា ប្រធានសភានៃរបបខ្មែរក្រហម, លោក អៀង សារី ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសនៃរបបខ្មែរក្រហម, លោកស្រី អៀង ធីរិទ្ធ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចនៃរបបខ្មែរក្រហម, តាម៉ុក មេបញ្ជាការកំពូលរបស់កងទ័ពខ្មែរក្រហម និងកាំងហ្គិចអៀវ ហៅឌុច ដែលជាប្រធានសន្តិសុខនៃអតីតគុក ទួល ស្លែង ត្រូវបានស្លាប់ក្នុងពេល ដែលកំពុងកាត់ទោសនិងកំពុងបម្រើទោសក្នុងពន្ធនាគារ។
ទោះបីអតីតកាលនៃរបបកម្ពុជាប្រជាធិបតេយ្យ បានកន្លងផុតរយៈ៤៦ឆ្នាំរួចមកនេះក្តី ប៉ុន្តែយុវជនជំនាន់ក្រោយខ្លះ ហាក់ដូចជាបង្ហាញការមិនជឿទាំងស្រុងលើទុក្ខវេទនារបស់ពលរដ្ឋខ្មែរក្នុងសម័យអតីតកាលនោះឡើយ។ ម្យ៉ាងទៀត ក៏មានអ្នកនយោបាយជ្រុលនិយមមួយក្តាប់តូច ដោយសារតែមហិច្ឆតានយោបាយរបស់ខ្លួន បែរជាព្យាយាមកែកាឡៃព្រឹត្តិការណ៍សម្លាប់រង្គាលជាប្រវត្តិសាស្ត្រនេះ និយាយការពាររបបដឹកនាំខ្មែរក្រហមទៅវិញ។
រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីសច្ចភាពនៃប្រវត្តិសាស្ត្រ និងដើម្បីរារាំងការវិលត្រឡប់មកវិញនៃរបបកម្ពុជាប្រជាធិបតេយ្យនោះ បានបង្កើតច្បាប់មួយ គឺច្បាប់ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ។ ច្បាប់ដែលមាន៧មាត្រានោះ ត្រូវបានអនុម័តដោយសម្លេងគាំទ្រទាំងស្រុង១១៥ នៅក្នុងសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥។ ច្បាប់នេះ ត្រូវបានប្រកាសឱ្យប្រើប្រាស់តាមព្រះរាជក្រមចុះថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៥។
ហេតុដូច្នេះហើយ អតីតកាលដ៏ឈឺចាប់របស់កម្ពុជាក្នុងសម័យខ្មែរក្រហម ត្រូវតែធ្វើជាមេរៀនសម្រាប់មនុស្សជំនាន់ក្រោយ ដោយធានាថា មហាសោកនាដកម្មបែបនោះ នឹងមិនកើតឡើងជាថ្មីម្តងទៀតឡើយ។ នេះហើយ គឺជាប្រវត្តិពិតនៃការនាំឱ្យមានថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ សូមកុំឱ្យខ្មែរជំនាន់ក្រោយ ប្រព្រឹត្តនូវទង្វើដ៏កាចសាហាវយង់ឃ្នងនេះទៀតឱ្យសោះ និងត្រូវចៀសឱ្យផុតនូវទង្វើញុះញង់ចង់នាំប្រទេសដែលមានសន្តិភាព ឱ្យធ្លាក់ចូលក្នុងឧបាយកលសង្គ្រាម៕