(ភ្នំពេញ)៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានបង្កើតបណ្ណាល័យ និង​មជ្ឈមណ្ឌលស្រាវជ្រាវ​ អគ្គបណ្ឌិតសភាចារ្យ​ អូន​ ព័ន្ធមុនីរ័ត្ន ក្នុងគោលបំណង​ លើកកម្ពស់ការស្រាវជ្រាវ​ និងអភិវឌ្ឍន៍ ប្រមូលផ្តុំ​ និងចងក្រងឯកសារទុកសម្រាប់កូនខ្មែរជំនាន់ក្រោយៗ​ បានសិក្សាស្វែងយល់អំពីបទពិសោធន៍របស់កូនខ្មែរជំនាន់មុន។

បើតាមលោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ARDB បានបញ្ជាក់ថា បណ្ណាល័យ​ARDB,​ មជ្ឈមណ្ឌលស្រាវជ្រាវ​ អគ្គបណ្ឌិតសភាចារ្យ​ អូន​ ព័ន្ធមុនីរ័ត្ន​ និង​ APRACA Center of Excellence នឹងសម្ពោធដាក់អោយប្រើប្រាស់នៅថ្ងៃទី១៨​ ខែ​មេសា​ ឆ្នាំ២០២៥​ ខាងមុខនេះ។

លោកបញ្ជាក់ថា ការបង្កើត​បណ្ណាល័យ​ និងស្ថាប័នស្រាវជ្រាវទាំង២នេះ​ ក្នុងគោលបំណង​ លើកកម្ពស់ការស្រាវជ្រាវ​ និងអភិវឌ្ឍន៍ (R&D) ក៏ដូចជា​ ប្រមូលផ្តុំ​ និងចងក្រងឯកសារទុកសម្រាប់កូនខ្មែរជំនាន់ក្រោយៗ​ សិក្សាស្វែងយល់អំពីបទពិសោធន៍របស់កូនខ្មែរជំនាន់មុន។

លោកបន្ថែមថា «ជាទស្សន:ផ្ទាល់ខ្លួន​ ខ្ញុំសង្កេតឃើញថា​ ខ្មែរយើងហាក់ដូចជាបាត់ទម្លាប់កត់ត្រាឯកសារទុក​ ចាប់ពីក្រោយការដួលរលំសម័យអង្គរដ៏រុងរឿងមក​ រហូតដល់សម័យបារាំងចូលស្រុក​ឆ្នាំ១៨៦៣​ បារាំងបានជួយកត់ត្រាឯកសារទុកអោយ​ ក្រៅអំពីការកត់ត្រាក្នុងស្ត្រាស្លឹករឹតបន្តិចបន្តួចប៉ុណ្ណោះ។ ជាមួយគ្នានេះ​ ខ្មែរយើងជួបគ្រោះមហន្តរាយបត់បង់ឯកសារ ២លើកធំៗ​ គឺ(១)​ សម័យលង្វែក-ប្រាក់ដួង​ និង(២) សម័យប៉ុលពតដ៏ខ្មៅងងឹត​ ដែលពួកគេកម្ទេចទាំងឯកសារមានជីវិត (គ្រូបង្រៀន​ គ្រូពេទ្យ​ វិស្វករ..)​ និងឯកសារផ្សេងៗ​ ជាពិសេស​ ច្បាប់​ បញ្ញត្តិ​ វប្បធម៌ខ្មែរ​ សាសនា...។ ខ្ញុំសូមអំពាវនាវ​ ដល់បងប្អូនខ្មែរ​ ចូលរួម​ស្រាវជ្រាវ​ ចងក្រងឯកសារទុកអោយបានសម្បូណ៌បែប​ សម្រាប់អ្នកជំនាន់ក្រោយយើង​ អភិវឌ្ឍខ្លួន​ និងជាតិ​ អោយថ្កុំថ្កើងរុងរឿងតរៀងទៅហ្នង។

បើតាមបណ្ឌិត កៅ ថាច បណ្ណាល័យ​ ARDB នឹងបើកឱ្យប្រើប្រាស់ជាសាធារណ:​ ជាពិសេស​ប្អូន​និស្សិត​ អាចមកចូលអាន​ និងស្រាវជ្រាវផ្ទាល់​ គ្រប់ពេល​ ដោយមានភ្ជាប់ប្រព័ន្ធអ៉ីនធើណែតល្បឿនលឿន។

ជាមួយគ្នានេះ លោកអគ្គនាយក បានអំពាវដល់សប្បុរសជន មេត្តាផ្តល់ជូនជាសៀវភៅ​ និងឯកសារស្រាវជ្រាវផ្សេងៗ​ មកតម្តល់ទុកជាប្រយោជន៍សាធារណ:នៅ​បណ្ណាល័យ​ ARDB។

​បណ្ណាល័យ​ ARDB មានទីតាំងស្ថិតនៅអគារលេខ១៦៨ ផ្លូវបេតុងលេខ៧ ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ៕