(ភ្នំពេញ)៖ រយៈពេល៣ថ្ងៃ មានប្រជាពលរដ្ឋរួមជាមួយភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ ជិត ៣លាននាក់ បាននាំគ្នាមកលេងកម្សាន្តយ៉ាងសប្បាយរីករាយនៅតំបន់ត្រជាក់ចិត្ត «សង្ក្រាន្តវត្តភ្នំ ឆ្នាំ២០២៥» នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ក្រោមម្លប់សុខសន្តិភាព ដោយមានការការពារសន្តិសុខ និងសណ្ដាប់ធ្នាប់ របស់រដ្ឋបាលរាជធានីភ្នំពេញាបានយ៉ាងល្អប្រសើរ។

បើយោងតាមការឱ្យដឹងពីលោកស្រីដោ សម្ផស្ស នាយករងរដ្ឋបាលនិងជាអ្នកនាំពាក្យសាលារាជធានីភ្នំពេញនាយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥នេះថា៖ «នៅថ្ងៃទី៣ជាថ្ងៃវារៈឡើងស័ក នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនារមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥មានប្រជាពលរដ្ឋភ្ញៀវទេសចរជាតិ និងអន្តរជាតិចំនួន១លាន ៥សែននាក់ បាននាំគ្នាមកលេងកម្សាន្តនៅតំបន់ត្រជាក់ចិត្ត «សង្ក្រានវត្តភ្នំ២០២៥» និងនៅតំបន់ផ្លូវថ្មើរជើង (Walk Street) មាត់ទន្លេក្រោមកិច្ចការពារសន្តិសុខ និងសណ្ដាប់ធ្នាប់របៀបរាបរយបានយ៉ាងល្អពីសំណាក់សមត្ថកិច្ច និងអាជ្ញាធររាជធានីភ្នំពេញ»

លោកស្រីបន្តថា កាលពីថ្ងៃទី២ វារៈវ័នបត នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នារមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ត្រូវថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥ មានប្រជាពលរដ្ឋភ្ញៀវទេសចរជាតិ និងបរទេសចំនួន៨០ម៉ឺន នាំគ្នាមកលេងកម្សាន្តនៅតំបន់ត្រជាក់ចិត្ត «សង្ក្រានវត្តភ្នំ ឆ្នាំ២០២៥» និងនៅតំបន់ផ្លូវថ្មើរជើង (Walk Street) មាត់ទន្លេ។

នៅថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ មានប្រជាពលរដ្ឋ និងភ្ញៀវជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ សម្រុកមកលេងកម្សាន្តសប្បាយនៅតំបន់ត្រជាក់ចិត្ត «សង្ក្រានវត្តភ្នំ២០២៥» និងនៅតំបន់ផ្លូវថ្មើរជើង (Walk Street) មាត់ទន្លេមានប្រមាណ៤៨ម៉ឺននាក់ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥។

លោកស្រី ដោ សម្ផស្ស បានបន្តថា ប្រជាពលរដ្ឋភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកលេងកម្សាន្តនៅតំបន់ត្រជាក់ចិត្ត «សង្ក្រាន្តវត្តភ្នំ ឆ្នាំ២០២៥» មានការកើនឡើងរាល់ថ្ងៃ ដោយកាលពីថ្ងៃទី១ តែចំនួន៤៨ម៉ឺននាក់ទេ ហើយថ្ងៃទី២ កើនដល់ចំនួន៨០ម៉ឺននាក់ និងនៅថ្ងៃទី៣ កើនដល់ចំនួន១លាន៥សែននាក់ ហើយនេះមិនបានរាប់បញ្ជូនសង្ក្រាន តាមសាលាខណ្ឌទាំង១៤ និងនៅតាមវត្តអារាម និងតំបន់ទេសចរផ្សេងទៀតនោះទេ។

គួររំលឹកថា «សង្ក្រាន្ដវត្តភ្នំ ឆ្នាំ២០២៥» ក៏មានរៀបចំកម្មវិធីសាសនា និងកម្មវិធីជាច្រើនផ្សេងទៀត ដើម្បីបង្កលក្ខណៈឱ្យប្រជាពលរដ្ឋលេងកម្សាន្ដសប្បាយរីករាយអបអរសាទរទទួលអំណរសាទរឆ្នាំថ្មី។

ក្នុងរយៈពេលបុណ្យចូលឆ្នាំខ្មែរ ៣ថ្ងៃនេះ លោក ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ និងលោកស្រី ក៏បានចូលរួមលេងកម្សាន្តជាមួយប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិលេងនៅសង្ក្រាន្តវត្តភ្នំផង ដឹកនាំបញ្ជាកងកម្លាំងសមត្ថកិច្ច និងអាជ្ញាធរ ក្នុងកិច្ចការពារសន្តិសុខ និងសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ។

ក្រៅពីរៀបចំកម្មវិធីសប្បាយជូនប្រជាពលរដ្ឋ អភិបាលរាជធានីភ្នំពេញ តែងតែដឹកនាំបើកកិច្ចប្រជុំជាប់ជាប្រចាំរៀបចំសណ្តាប់ធ្នាប់ និងថែរក្សាសុវត្ថិភាពជូនប្រជាពលរដ្ឋមកលេងកម្សាន្ត។

សូមជម្រាបដែរថារដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំព្រឹត្តិការណ៍ «សង្ក្រាន្ដវត្តភ្នំ ឆ្នាំ២០២៥» ដើម្បីអបអរឆ្នាំថ្មី ឆ្នាំម្សាញ់ នៅរមណីយដ្ឋានប្រវត្តិសាស្ដ្រវត្តភ្នំ មានរយៈពេល៣ថ្ងៃ ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ មេសា ដោយឡែកតំបន់ Walk Street មាត់ទន្លេ មានរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃសៅរ៍ ទី១២ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥។

ក្នុងនោះដែរ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំលម្អ បង្ហាញពីសោភ័ណភាពប្រពៃណីដ៏ស្រស់ស្អាត ធានាបាននូវសុវត្ថិភាព សន្តិសុខ ជូនដល់បងប្អូនប្រជាពលរដ្ឋមកទស្សនា និងកម្សាន្តជាមួយល្បែងប្រជាប្រិយខ្មែរយ៉ាងសម្បូរបែបថែមទៀតផង៕