(ស្ទឹងត្រែង)៖ ព្រឹត្តិការណ៍ «ស្ទឹងត្រែងសង្ក្រាន្ត» ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្ពស័ក ព.ស ២៥៦៩ គ.ស ២០២៥ រយៈពេល ៣ថ្ងៃ (១៤-១៦ ខែមេសា ឆ្នាំ២០២៥) ខេត្តស្ទឹងត្រែង ទទួលបានភ្ញៀវទេសចរជាតិ-អន្តរជាតិ និងប្រជាពលរដ្ឋមកលេងកម្សាន្តសប្បាយ និងគោលដៅទេសចរណ៍នានាក្នុងខេត្តជាង ២៦ម៉ឺននាក់។

យោងរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង បានបង្ហាញឱ្យដឹងថា នៅក្នុងព្រឹត្តិការណ៍ «ស្ទឹងត្រែងសង្ក្រាន្ត» ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦មេសា២០២៥ ខេត្តស្ទឹងត្រែង ទទួលបានភ្ញៀវទេសចរជាតិ-អន្តរជាតិ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន មកពីគ្រប់ទិសទីក្នុងខេត្ត ដែលបានធ្វើដំណើរមកលេងកម្សាន្តសប្បាយ ក្នុងព្រឹត្តិការណ៍ «ស្ទឹងត្រែងសង្ក្រាន្ត» និងគោលដៅទេសចរនានាក្នុងខេត្ត មានចំនួន ២៦១,៧៤៥នាក់។

ក្នុងរបាយការណ៍ដដែល បានបង្ហាញអំពីការកើនឡើងនៃអ្នកទេសចរក្នុងចំនួន ១៥២,១៥៣នាក់ ស្មើនឹង ១៣៩ភាគរយ ដោយមានភ្ញៀវទេសចរជាតិ ២៦១, ៦៣៩នាក់ មានការកើនឡើង ១៥២,០៨៩នាក់ ស្មើនឹង ១៣៩ភាគរយ ,ភ្ញៀវទេសចរអន្តរជាតិ ១០៦នាក់ កើនឡើង ៦៤នាក់ ស្មើនឹង ១៥២ភាគរយ។

លោក ម៉ែន គង់ មន្ត្រីនាំពាក្យរដ្ឋបាលខេត្តស្ទឹងត្រែង បានឱ្យដឹងនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥នេះថា ក្រោមការដឹកនាំរបស់អភិបាលខេត្ត និងជាប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍ «ស្ទឹងត្រែងសង្ក្រាន្ត ឆ្នាំ២០២៥» លោក សរ សុពុត្រា នៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ រយៈពេល ៣ថ្ងៃមកនេះបានធ្វើការកត់សម្គាល់ និងវាយតម្លៃខ្ពស់ កោតសរសើរដល់គ្រប់អនុគណៈកម្មការទាំងអស់ ជាពិសេសអំពីបញ្ហាការរក្សាសន្តិសុខ គឺមានការចូលរួមពីកម្លាំងសមត្ថកិច្ចទាំង៣ប្រភេទ នៅក្នុងកិច្ចប្រតិបត្តិការរួម ព្រមទាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុកទាំង៦ បានចូលរួមយ៉ាងសកម្មលើកិច្ចការងារទាំងអស់នេះ។

លោក ម៉ែន គង់ បានឱ្យដឹងថា លោកអភិបាលខេត្ត ក៏បានវាយតម្លៃខ្ពស់ ចំពោះអាជ្ញាធរមូលដ្ឋានថ្នាក់ឃុំ-សង្កាត់ ទាំង៣៤ ដែលបានដាក់កម្លាំងប្រជាការពារចូលរួមចំណែក ដើម្បីការពារនៅតាមតំបន់រមណីដ្ឋានផ្សេងៗ រក្សាសន្តិសុខ សុវត្ថិភាព ជូនអ្នកទេសចរនៅក្នុងមូលដ្ឋាន បានយ៉ាងល្អប្រសើរ។

លោកបានបន្តថា លោក សរ សុពុត្រា បានវាយតម្លៃ និងសន្និដ្ឋានបានថា នៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ រយៈពេល ៣ថ្ងៃ សម្រាប់ឆ្នាំ២០២៥នេះ ស្ថានភាពមានភាពល្អប្រសើរជាងឆ្នាំកន្លងមក ដោយពុំមានអំពើ (ចោរកម្ម និងក្មេងទំនើង) បង្កចលាចលនៅតាមមូលដ្ឋាននោះទេ។ តែក្នុងព្រឹត្តិការណ៍សង្ក្រាន្ត មានករណីក្មេងវង្វេងឪពុកម្តាយ និងបាត់ទូរស័ព្ទដៃ ខណៈនោះក្រុមយុវជនស្ម័គ្រចិត្តទាំងអស់ បានចូលរួមចំណែកធ្វើការ និងដោះស្រាយលើបញ្ហាទាំងនេះ បានទាន់ពេលវេលា។

មន្ត្រីនាំពាក្យរដ្ឋបាលខេត្តស្ទឹងត្រែង បានបញ្ជាក់ថា នៅក្នុងរយៈពេល ៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីនេះ ករណីគ្រោះថ្នាក់ចរាចរណ៍ មានការកើតឡើងតិចតួចបំផុត ក្នុងនោះ មាន១ករណីដែលបណ្តាលឱ្យគ្រោះថ្នាក់ធ្ងន់ រងរបួសធ្ងន់ធ្ងរ ១នាក់ និងរងរបួសស្រាល ២នាក់ តែត្រូវបានដោះស្រាយរួចរាល់ហើយដែរ៕