(ត្បូងឃ្មុំ)៖ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខេត្តត្បូងឃ្មុំ ទទួលបានភ្ញៀវទេសចរ មកលេងកម្សាន្តតាមតំបន់រមណីយដ្ឋាន និងសង្រ្កាន្តត្បូងឃ្មុំ ប្រមាណ ៧១៦ ០៥៥នាក់ ស្រី៤២៨ ៩២៥នាក់ ភ្ញៀវអន្តរជាតិ៥នាក់ ស្រី២នាក់ បើប្រៀបធៀបឆ្នាំ២០២៤ មានភ្ញៀវសរុប ៥២៤ ៩១០នាក់ មានការកើនឡើងចំនួន៣៦,៤១ភាគរយ។ នេះយោងតាមរបាយការណ៍ពីមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំ។

របាយការណ៍បានបញ្ជាក់ថា តំបន់រដ្ឋបាលសាលាខេត្ត មានភ្ញៀវសរុបប្រមាណ ៥៥០.៣០០នាក់ ស្រី ៣៣០.២៦០នាក់, រមណីយដ្ឋាន ហ្លួងព្រះស្តេចកន មានភ្ញៀវសរុបប្រមាណ ៤.៩៥០នាក់ ស្រី២.៨០០នាក់, រមណីយដ្ឋាន ព្រះធាតុបាស្រី និងសួនទន្លេស្ងួត មានភ្ញៀវសរុប ១៥៧.១០០នាក់ ស្រី ៩៤.១០០នាក់ ភ្ញៀវអន្តរជាតិ៥នាក់ ស្រី២នាក់, រមណីយដ្ឋាន តាសែដូងក្រអូប មានភ្ញៀវសរុប ១.០៧០នាក់ ស្រី៤៦០នាក់, រមណីយដ្ឋាន សួនកម្សាន្តធម្មជាតិទឹកហូអូរក្តូង មានភ្ញៀវសរុប៩១០នាក់ ស្រី៤១០នាក់, រមណីយដ្ឋាន ភូមិអភិវឌ្ឍន៍អន្លង់ជ្រៃ មានភ្ញៀវសរុប ៥២៥នាក់ ស្រី២៧៥នាក់, រមណីយដ្ឋាន ទឹកធ្លាក់ហោង មានភ្ញៀវសរុបប្រមាណ ១.២០០នាក់ ស្រី៦២០នាក់។

សូមជម្រាបថាឆ្នាំនេះ ក្រោមការរៀបចំដឹកនាំដោយលោក ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ ព្រឹត្តការណ៍សង្រ្កាន្តត្បូងឃ្មុំ មានរៀបចំកម្មវិធីកម្សាន្តសប្បាយៗ រួមមាន៖ លេងល្បែងប្រជាប្រិយខ្មែរ រាំលេងចង្វាក់ប្រពៃណីខ្មែរចម្រុះ បាញ់ទឹកតំបន់ត្រជាក់ និងកម្មវិធីលេងកម្សាន្តសប្បាយៗជាច្រើនទៀត។ ជាពិសេស នាពេលយប់ក៏មានការប្រគំតន្រ្តីសម័យខ្នាតធំ ដែលមានតារាល្បី និងការបាញ់កាំជ្រួច អមជាមួយការតុបតែងភ្លើងលម្អនាពេលរាត្រី។

ក្នុងនោះដែរ លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្ត និងលោកឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានដាក់បទបញ្ជា ដាក់ផែនការ និងចុះដឹកនាំកងកម្លាំងទាំង០២ប្រភេទ ដោយផ្ទាល់ទាំង០៣ថ្ងៃពេញ ធានាបានសុខសុវត្ថិភាព រក្សាសណ្តាប់ធ្នាប់សាធារណៈ បានយ៉ាងល្អផងដែរ៕