(ភ្នំពេញ)៖ រយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅរាជធានីភ្នំពេញ ទាំងកន្លែង «សង្ក្រាន្តវត្តភ្នំ ឆ្នាំ២០២៥» នៅតំបន់ផ្លូវថ្មើរជើង (Walk Street) និងការរៀបចំនៅតាមបណ្តាខណ្ឌទាំង១៤ គឺមានភ្ញៀវទេសចរជាតិ និងអន្តរជាតិជិត៤លាននាក់ បាននាំគ្នាមកលេងកម្សាន្ត។ នេះបើយោងតាមអ្នកនាំពាក្យសាលារាជធានីភ្នំពេញ បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១៧ ខែមសានេះ។ 

ព្រឹត្តិការណ៍សង្ក្រាន្តវត្តភ្នំ និងទីទាំងកន្លែងសប្បាយទូទាំងរាជធានីភ្នំពេញ ត្រូវបានធ្វើឡើងក្រោមកិច្ចការពារសន្តិសុខ និងសណ្ដាប់ធ្នាប់របៀបរាបរយបានយ៉ាងល្អពីសំណាក់សមត្ថកិច្ច និងអាជ្ញាធររាជធានីភ្នំពេញ។

គួររំលឹកថា «សង្ក្រាន្ដវត្តភ្នំ ឆ្នាំ២០២៥» ក៏មានរៀបចំកម្មវិធីសាសនា និងកម្មវិធីជាច្រើនផ្សេងទៀត ដើម្បីបង្កលក្ខណៈឱ្យប្រជាពលរដ្ឋលេងកម្សាន្ដសប្បាយរីករាយអបអរសាទរទទួលអំណរសាទរឆ្នាំថ្មី។

ក្នុងរយៈពេលបុណ្យចូលឆ្នាំខ្មែរ លោក ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ និងលោកស្រី ក៏បានចូលរួមលេងកម្សាន្តជាមួយប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិលេងនៅសង្ក្រាន្តវត្តភ្នំផង ដឹកនាំបញ្ជាកងកម្លាំងសមត្ថកិច្ច និងអាជ្ញាធរ ក្នុងកិច្ចការពារសន្តិសុខ និងសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ។

ក្រៅពីរៀបចំកម្មវិធីសប្បាយជូនប្រជាពលរដ្ឋ អភិបាលរាជធានីភ្នំពេញ តែងតែដឹកនាំបើកកិច្ចប្រជុំជាប់ជាប្រចាំរៀបចំសណ្តាប់ធ្នាប់ និងថែរក្សាសុវត្ថិភាពជូនប្រជាពលរដ្ឋមកលេងកម្សាន្ត។

សូមជម្រាបដែរថារដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំព្រឹត្តិការណ៍ «សង្ក្រាន្ដវត្តភ្នំ ឆ្នាំ២០២៥» ដើម្បីអបអរឆ្នាំថ្មី ឆ្នាំម្សាញ់ នៅរមណីយដ្ឋានប្រវត្តិសាស្ដ្រវត្តភ្នំ មានរយៈពេល៣ថ្ងៃ ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ មេសា ដោយឡែកតំបន់ Walk Street មាត់ទន្លេ មានរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃសៅរ៍ ទី១២ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥។

ក្នុងនោះដែរ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំលម្អ បង្ហាញពីសោភ័ណភាពប្រពៃណីដ៏ស្រស់ស្អាត ធានាបាននូវសុវត្ថិភាព សន្តិសុខ ជូនដល់បងប្អូនប្រជាពលរដ្ឋមកទស្សនា និងកម្សាន្តជាមួយល្បែងប្រជាប្រិយខ្មែរយ៉ាងសម្បូរបែបថែមទៀតផង៕