(ភ្នំពេញ)៖ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចាត់ទុកការផ្សព្វផ្សាយ «ប្រយោគបុរាណចិនដែលឯកឧត្តម ស៊ី ជីនពីង ចូលចិត្ត» ជាភស្តុតាង និងជាផ្លែផ្កា​នៃការផ្សព្វផ្សាយ និងផ្លាស់ប្តូរវប្បធម៌ដ៏មានសារសំខាន់បំផុតសម្រាប់ប្រជាជាតិ និងប្រជាជនកម្ពុជា-ចិន។

លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា បានថ្លែងបែបនេះក្នុងសុន្ទរកថាគន្លឹះ នៅក្នុងពិធីសម្ពោធការចាក់ផ្សាយកម្មវិធី «ប្រយោគបុរាណចិនដែលលោក Xi Jinping ចូលចិត្ត» នារសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ នៅសណ្ឋាគារ Raffles Hotel Le Royal។

លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា បានថ្លែងថា កម្ពុជា-ចិន មានទំនាក់ទំនងជាប្រពៃណីដែលបានចាប់ផ្ដើមរាប់ពាន់ឆ្នាំមកហើយ ហើយក៏មានវប្បធម៌អរិយធម៌ដ៏ចំណាស់ និងអស្ចារ្យរៀងៗខ្លួនផងដែរ។ ទំនាក់ទំនងរវាងប្រទេសទាំងពីរ បានឈានដល់កម្រិតដ៏សំខាន់មួយគឺ «សហគមន៍ជោគវាសនារួមគ្នាកម្ពុជា-ចិន» ដែលបានប្រកាសក្នុងដំណើរទស្សនកិច្ចរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា នៅទីក្រុងប៉េកាំង នាខែកុម្ភៈ ឆ្នាំ២០២៣។

លោកស្រីបណ្ឌិត បានបន្ថែមថា លើនេះកម្ពុជាក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបន្ដពង្រឹងនិងផ្ដល់អាទិភាពខ្ពស់លើទំនាក់ទំនងកម្ពុជា-ចិន ដែលបានឈាន​ដល់កម្រិតខ្ពស់ថ្មី​មួយទៀតគឺ «កិច្ចសហប្រតិបត្តិការត្បូងពេជ្រ» ដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាព។

លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា បានបញ្ជាក់ដែរថា ក្រោមគំនិតផ្តួចផ្តើមនៃយុទ្ធសាស្រ្តខ្សែក្រវ៉ាត់ និងផ្លូវ ប្រទេសកម្ពុជា-ចិន បានប្តេជ្ញាបន្តពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ ក្នុងនោះវិស័យវប្បធម៌ក៏ត្រូវបានលើកកម្ពស់ ពិសេសការតភ្ជាប់រវាងប្រជាជន និងប្រជាជន។ ថ្ងៃនេះព្រឹត្តការណ៍ផ្សព្វផ្សាយកម្មវិធី «ប្រយោគបុរាណចិនដែលលោកប្រធាន XI Jingping ចូលចិត្ត» គឺជាភស្តុតាង និងជាផ្លែផ្កានៃការផ្សព្វផ្សាយ និងផ្លាស់ប្តូរវប្បធម៌ដ៏មានសារសំខាន់បំផុតសម្រាប់ប្រជាជាតិ និងប្រជាជនកម្ពុជា-ចិន ផងដែរ៕