(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន​ បានថ្លែងថា ការរៀបចំសម្ពោធការចាក់ផ្សាយកម្មវិធី «ប្រយោគបុរាណចិន ដែលលោក Xi Jinping ចូលចិត្ត» អាចបន្តរៀនពីគំនិតអភិវឌ្ឍន៍របស់ប្រទេសចិន និងលើកកម្ពស់ការផ្លាស់ប្តូរផ្នែកប្រព័ន្ធផ្សព្វផ្សាយរវាងប្រទេសទាំងពីរ ព្រមទាំងកត់ត្រានូវការអនុវត្តជាក់ស្តែងរវាងកម្ពុជា និងចិន ក្នុងកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ការរួមគ្នាកសាងច្រករបៀងឧស្សាហកម្ម បច្ចេកវិទ្យា ច្រករបៀងមច្ឆា និងអង្ករ ដើម្បីបង្កើននូវការផ្លាស់ប្តូរវប្បធម៌ក្នុងវិស័យជាច្រើនរវាងប្រទេសទាំងពីរ សម្រាប់ជាប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ។

ការថ្លែងបែបនេះរបស់លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានធ្វើឡើងនៅរសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ក្នុងឱកាសលោកអញ្ជើញជាអធិបតីភាពរៀបចំពិធីសម្ពោធការចាក់ផ្សាយកម្មវិធី «ប្រយោគបុរាណចិន ដែលលោក Xi Jinping ចូលចិត្ត» ក្នុងឱកាសដែលលោក Xi Jinping ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា។ ពិធីនេះបានធ្វើឡើងសណ្ឋាគារ Raffles Hotel Le Royal រាជធានីភ្នំពេញ។

នាឱកាសនោះដែរ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានឱ្យដឹងថា ឆ្នាំ២០២៥ ជាឆ្នាំដ៏ពិសេសសម្រាប់ទំនាក់ទំនងកម្ពុជា-ចិន។ ក្រោមការដឹកនាំប្រកបដោយយុទ្ធសាស្ត្រ និងភាពឈ្លាសវៃរបស់ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ ទំនាក់ទំនងក្នុងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងចិន បានបោះជំហានទៅមុខយ៉ាងស្វាហាប់ និងរឹងមាំ។ បេសកកម្មរួមរបស់យើង គឺការពង្រឹងទំនាក់ទំនង និងការសម្របសម្រួលផ្នែកគំនិត និងទស្សនៈ។ ថ្ងៃនេះ ក្រសួងព័ត៌មានកម្ពុជា និងអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានសហការរៀបចំធ្វើពិធីសម្ពោធការចាក់ផ្សាយកម្មវិធី «ប្រយោគបុរាណចិន​ ដែលលោក Xi Jinping ចូលចិត្ត» ដែលផលិតដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន។

រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា បានថ្លែងយ៉ាងដូច្នេះថា៖ «តាមរយៈកម្មវិធីនេះយើងអាចបន្តរៀនពីគំនិតអភិវឌ្ឍន៍របស់ប្រទេសចិន និងលើកកម្ពស់ការផ្លាស់ប្តូរផ្នែកប្រព័ន្ធផ្សព្វផ្សាយរវាងប្រទេសទាំងពីរ ព្រមទាំងកត់ត្រានូវការអនុវត្តជាក់ស្តែងរវាងកម្ពុជា និងចិន ក្នុងកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ការរួមគ្នាកសាងច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា និងច្រករបៀងមច្ឆា និងអង្ករ ដើម្បីបង្កើននូវការផ្លាស់ប្តូរវប្បធម៌ក្នុងវិស័យជាច្រើនរវាងប្រទេសទាំងពីរ សម្រាប់ជាប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ»

រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា បានបន្ថែមថា អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន ជាមិត្តចាស់របស់កម្ពុជា។ កន្លងមក ប្រទេសកម្ពុជា និងចិន បានរក្សានូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធលើផ្នែកប្រព័ន្ធផ្សព្វផ្សាយ ជាពិសេសទំនាក់ទំនងដ៏ល្អប្រសើរក្នុងការផលិតកម្មវិធីការផ្លាស់ប្តូរមន្ត្រី និងគំនិតច្នៃប្រឌិតថ្មីៗ ផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជាដើម។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបញ្ជាក់ថា ជាមួយគ្នានេះវិទ្យុមិត្តភាពកម្ពុជា-ចិន ដែលជាសមិទ្ធផលរួមគ្នារវាងអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន និងភាគីកម្ពុជា ទទួលបានការគាំទ្រពីសំណាក់ប្រជាជនកម្ពុជាជាច្រើន។ វិទ្យុនេះបានក្លាយជាវេទិកាដ៏សំខាន់មួយសម្រាប់បង្កើនការយល់ដឹងពីគ្នាទៅវិញទៅមក រវាងប្រជាជននៃប្រទេសយើងទាំងពីរ។ យើងរំពឹងទុកថា កិច្ចសហប្រតិបត្តិការរវាងអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន និងប្រព័ន្ធផ្សព្វផ្សាយកម្ពុជានឹងទទួលបានសមិទ្ធផលកាន់តែច្រើនថែមទៀត។ ក្រសួងព័ត៌មានកម្ពុជា នឹងបន្តគាំទ្រប្រព័ន្ធផ្សព្វផ្សាយកម្ពុជា និងចិន ដើម្បីជំរុញការកសាងសហគមន៍រួមវាសនាកម្ពុជា-ចិន។

គួរឱ្យដឹងថា ក្រសួងព័ត៌មានកម្ពុជា សហការជាមួយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា, ក្រសួងទេសចរណ៍កម្ពុជា និងរាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំពិធីសម្ពោធការចាក់ផ្សាយកម្មវិធី «ប្រយោគបុរាណចិន ដែលលោក Xi Jinping ចូលចិត្ត» ក្នុងឱកាសដែលលោក Xi Jinping ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា​ ដោយមានការចូលរួមពីសំណាក់លោក Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយក និងនិពន្ធនាយកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន,លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា, លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា, លោក ឃឹម វុទ្ធី អគ្គនាយក នៃស្ថានីយទូរទស្សន៍ជាតិកម្ពុជា, លោក លឹម ជាវត្ថា អគ្គនាយកបណ្តាញព័ត៌មាន Fresh News, លោក ខ្វៃ អាទិត្យា តំណាងទូរទស្សន៍អប្សរា, លោក មាស រិទ្ធី អគ្គនាយករងទូរទស្សន៍ហង្សមាស ព្រមទាំងថ្នាក់ដឹកនាំជាច្រើនរូបទៀត៕