(ស្វាយរៀង)៖ លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង បានប្រាប់បណ្តាញព័ត៌មាន Fresh Newsនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥នេះថា លទ្ធផលនៃការរៀបចំព្រឹត្តិការណ៍ «សង្ក្រាន្តព្រៃវែង ២០២៥» នៅតាមបណ្តាក្រុង-ស្រុកទូទាំងខេត្តព្រៃវែង បានរៀបចំកម្មវិធីកម្សាន្តនានា ដើម្បីអបអរសាទរ ពិធីបុណ្យចូលឆ្នាំ ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦ ព.ស.២៥៦៩ និង ដើម្បីបង្កភាពសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវជាតិ និងអន្តរជាតិ អញ្ជើញចូលរួមលេង កម្សាន្តសប្បាយរីករាយ។

លោកបានបន្ថែមថាដោយឡែកនៅទីរួមខេត្តព្រៃវែង ជាទីកន្លែងរៀបចំព្រឹត្តិការណ៍ «សង្ក្រាន្តព្រៃវែង ២០២៥» ដែលរដ្ឋបាលខេត្តព្រៃវែង សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រៃវែង ក្រោមការដឹកនាំដោយផ្ទាល់ពីសំណាក់អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងលោកជំទាវ កែ សួនសុភី សសុខា បានរៀបចំឱ្យមានកម្មវិធីដូចជាការប្រគុំតន្ត្រីសម័យ ការប្រឡងចម្រៀង ការប្រឡងបវរកញ្ញាស្រីស្រស់ប្រុសស្អាត បវរកញ្ញាវ័យចំណាស់ ការរាំលេងកម្សាន្តតំបន់ត្រជាក់ចិត្ត ការដាក់តាំងពិព័ណ៌បង្ហាញផលិតផល និងសម្ភារ ប្រើប្រាស់ក្នុងស្រុក កម្មវិធីសាសនា ការលេងល្បែងប្រជាប្រិយ ការប្រកួតអុកចត្រង្គ ការប្រកួតកីឡាបាល់ ទះក្នុងភក់ ការបង្ហាញក្បាច់គុនបុរាណខ្មែរយុទ្ធក្រមខម ការបង្ហោះគោម និងបាញ់កាំជ្រួច ការសម្តែងទស្សនីយភាពល្ខោនយីគេ រឿងតេជោជ្រែកដី និងកម្មវិធីកំសាន្តផ្សេងៗទៀត។ 

លោកអភិបាលខេត្តបានគូសបញ្ជាក់ថា ជារួមក្នុងរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៤.១៦ ខែមេសា ឆ្នាំ២០២៥ ខេត្តព្រៃវែងមានទីតាំងលេងកម្សាន្តចំនួន ៧២កន្លែង ទទួលបានភ្ញៀវទេសចរប្រមាណ ២.៣៩៤.៣៤៣នាក់/ដង ក្នុងនោះ៖

*ថ្ងៃទី១ ត្រូវនឹងថ្ងៃទី១៤ ទទួលបានភ្ញៀវទេសចរប្រមាណ ៥៧៥,៨៥៨នាក់/ដង
*ថ្ងៃទី២ ត្រូវនឹងថ្ងៃទី១៥ ទទួលបានភ្ញៀវទេសចរប្រមាណ ៧៩៨,៣៥៦នាក់/ដង
*ថ្ងៃទី៣ ត្រូវនឹងថ្ងៃទី១៦ទទួលបានភ្ញៀវទេសចរប្រមាណ ១.០២០.១២៩នាក់/ផង

រដ្ឋបាលខេត្តព្រៃវែង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ បងប្អូនប្រជាពលរដ្ឋខេត្តព្រៃវែង និងបណ្តារាជធានី-ខេត្តនានា ដែលបានអញ្ជើញមកចូលរួមលេងកំសាន្តក្នុងខេត្តព្រៃវែង យ៉ាងអធឹកអធម និងច្រើនកុះករ ព្រមទាំងបានចូលរួមសហការយ៉ាងល្អប្រសើរជាមួយអាជ្ញាធរ និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ បង្កភាពសប្បាយរីករាយ យោគយល់អធ្យាស្រ័យ ជាមហាគ្រួសារខ្មែរ រក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ សុវត្ថិភាព ក្នុងពិធីសង្រ្កាន្តនៅខេត្តព្រៃវែងទាំងមូល៕