(ភ្នំពេញ)៖ យ៉ាងហោចណាស់មានកម្មករ កម្មការិនី និងបងប្អូនប្រជាពលរដ្ឋជាង៨ម៉ឺននាក់ បានជិះរថយន្តក្រុងឥតគិតថ្លៃ ពីរាជធានីភ្នំពេញទៅបណ្តាខេត្ត និងបណ្តាខេត្តមកភ្នំពេញវិញ នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ រយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥។ នេះបើតាមរបាយការណ៍របស់រដ្ឋបាលរាជធានីភ្នំពេញ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៨ ខែមេសានេះ។
អភិបាលរងរាជធានីភ្នំពេញ លោក កើត ឆែ បានថ្លែងឲ្យដឹងថា «ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ រយៈពេល០៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ខែមេសា ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ ២០២៥ «ដោយជិះមិនបង់ប្រាក់» ដើម្បីសម្រួលដល់ការចំណាយបងប្អូនកម្មករ-និយោជិត និងប្រជាពលរដ្ឋទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ប្រើប្រាស់រថយន្តសរុបចំនួន ៤៩៧គ្រឿង មានអ្នកដំណើរសរុបចំនួន ៨៥,៨៤៩នាក់»។
គួរបញ្ជាក់ថា អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំរថយន្តក្រុងចំនួន ៥៩៧គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ ដោយមិនបង់ប្រាក់ ដែលមានរយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ខែមេសា ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ដើម្បីជួយសម្រួលដល់ការចំណាយរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ និងទៅកម្សាន្តសប្បាយ សង្ក្រាន្តឆ្នាំថ្មី នៅតាមបណ្តាខេត្តនានា ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩៕