(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន បានអះអាងជាថ្មីនូវការគាំទ្រគ្នាយ៉ាងមុះមុត ចំពោះផលប្រយោជន៍ស្នូលរបស់គ្នាទៅវិញទៅមក។ នេះបើតាមសេចក្តីប្រកាសព័ត៌មានក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្តីពីលទ្ធផលដំណើរទស្សនកិច្ចផ្លូវរដ្ឋមកកាន់កម្ពុជារបស់លោក ស៉ី ជីនពីង ប្រធានាធិបតីចិន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤។
សេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងថា ភាគីកម្ពុជាបានបញ្ជាក់ជាថ្មីពីការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ចំពោះគោលនយោបាយចិនមួយ និងចាត់ទុកថា តៃវ៉ាន់ជាផ្នែកមួយមិនអាចកាត់ផ្តាច់បានពីទឹកដីចិន។ កម្ពុជាប្រឆាំងចំពោះការប៉ុនប៉ងជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ចិន ដោយចាត់ទុកថា បញ្ហាស៊ីនជាំង ស៊ីចាង ហុងកុង និងតៃវ៉ាន់ គឺជាបញ្ហាផ្ទៃក្នុងរបស់ចិនសុទ្ធសាធ។
ក្រសួងការបរទេស បានបញ្ជក់ទៀតថា ភាគីចិនបានអះអាងជាថ្មីនូវការគាំទ្រយ៉ាងម៉ឺងម៉ាត់ ចំពោះកម្ពុជាក្នុងការជ្រើសរើសដោយឯករាជ្យនូវមាគ៌ាអភិវឌ្ឍន៍ស្របតាមលក្ខខណ្ឌជាតិរបស់ខ្លួន និងការពារអធិបតេយ្យភាពជាតិ ឯករាជ្យភាព និងបូរណភាពទឹកដី និងគាំទ្រកម្ពុជាដើរតួនាទីសកម្ម និងកាន់តែសំខាន់ក្នុងកិច្ចការតំបន់ និងអន្តរជាតិ។ ភាគីទាំងពីរប្តេជ្ញាមិនអនុញ្ញាតឱ្យមានសកម្មភាពអរិភាពណាមួយកើតឡើងលើទឹកដីនៃប្រទេសមួយ ប្រឆាំងនឹងប្រទេសមួយទៀតឡើយ។
សូមជម្រាបថា ក្នុងដំណើរទស្សនកិច្ចនេះ លោក ស៊ី ជីនពីង បានចូលថ្វាយបង្គំ គាល់ព្រះករុណា ព្រះមហាក្សត្រកម្ពុជា និងសម្តេចមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ។ លោកប្រធានាធិបតី ក៏បានជួបជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងបានជួបពិភាក្សាការងារជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាផងដែរ។
ក្រសួងការបរទេសកម្ពុជា បានចាត់ទុកដំណើរទស្សនកិច្ចរបស់ លោកប្រធានាធិបតីចិន ជាដំណើរទស្សនកិច្ចដ៏មានសារៈសំខាន់។ ដំណើរ ទស្សនកិច្ចនេះ មិនត្រឹមតែបានបញ្ជាក់សាជាថ្មីពីការ ប្តេជ្ញាចិត្តឥត ងាករចំពោះទំនាក់ទំនងមិត្តភាពដែកថែបរវាងកម្ពុជា និងចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានពង្រឹង និងធ្វើឱ្យស៊ីជម្រៅថែមទៀតនូវភាពជា ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងកិច្ចសហប្រតិបត្តិការឈ្នះ - ឈ្នះ រវាងប្រទេសទាំងពីរផងដែរ៕