(ភ្នំពេញ)៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចូលរួមការពារសន្តិសុខ សុវត្ថិភាព តាមដងផ្លូវនិងគោលដៅសំខាន់ៗ ជាមួយកម្លាំងនគរបាល និងអាជ្ញាធរ ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាពលរដ្ឋចិន ដែលអញ្ជើញមកដល់ប្រទេសកម្ពុជានាព្រឹកថ្ងៃទី១៧ ខែមេសា និងអញ្ជើញវិលត្រឡប់ទៅវិញ នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥។

ប្រធានាធិបតីចិន ស៊ី ជីនពីង បានអញ្ជើញចាកចេញពីរាជធានីភ្នំពេញ នៅវេលាម៉ោង១១៖១៧នាទីព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ ក្រោយបញ្ចប់ដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ ប្រកបដោយជោគជ័យរយៈពេល២ថ្ងៃ។

សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជូនដំណើរប្រធានាធិបតី ស៊ី ជីនពីង ដោយផ្ទាល់នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។

ក្រោយចាកចេញពីប្រទេសកម្ពុជា លោកប្រធានាធិបតី ធ្វើដំណើរតាមយន្តហោះពិសេស ឆ្ពោះទៅកាន់ទីក្រុងប៉េកាំង ប្រទេសចិន៕