(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានផ្ញើសារលិខិតថ្លែងអំណរគុណចំពោះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ដែលបានផ្ញើសារលិខិតជូនពរសម្តេច នៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩។

ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ សម្តេចប្រធានរដ្ឋសភា សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសន្តានចិត្ត ដ៏ប្រពៃថ្លៃថ្លា ជាមួយនឹងការយកចិត្ត ទុកដាក់ខ្ពស់របស់ សម្តេចកិត្តិសង្គហបណ្ឌិត ដែលតែងតែលើកទឹកចិត្ត និងគាំទ្រដល់រូបខ្ញុំ។ កាយវិការនេះ គឺជាការផ្តល់នូវមហាកិត្តិយសយ៉ាងធំធេង ធ្វើឱ្យរូបខ្ញុំមានកម្លាំងចិត្ត កាន់តែមោះមុតក្នុងបេសកកម្មដឹកនាំរដ្ឋសភាដ៏ឧត្តុង្គឧត្តម ដើម្បីជាឧត្តមប្រយោជន៍ ក្នុងការកសាងសុខសន្តិភាព ឯកភាពជាតិ ស្ថិរភាពនយោបាយ ពង្រឹងនីតិរដ្ឋ និងការអភិវឌ្ឍ ជូនជាតិមាតុភូមិ និងប្រជាជនកម្ពុជា។

ជាថ្មីម្តងទៀត សម្តេច សូមលើកហត្ថបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា ជាពិសេស ទេវតាឆ្នាំថ្មី ឆ្នាំម្សាញ់ ព្រះនាម «គោរាគទេវី» សូមជួយ ប្រោះព្រំសព្ទសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរគ្រប់ប្រការជូនចំពោះ សម្តេចកិត្តិសង្គហបណ្ឌិត និងក្រុមគ្រួសារជាទីស្រលាញ់ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕