(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានផ្ញើសារថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងកងកម្លាំងនគរបាលជាតិទូទាំងប្រទេស ដែលបានសហការជាមួយកងកម្លាំងគ្រប់ប្រភេទ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ បំពេញភារកិច្ចយ៉ាងខ្ជាប់ខ្ជួន ក្នុងការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយនៃដំណើរការរៀបចំពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ គ.ស.២០២៥ ឲ្យប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាពទាំងស្រុង។

នាយឧត្តមសេនីយ៍ ស ថេត បានអះអាងថា កិច្ចខិតខំប្រឹងប្រែងយកចិត្តទុកដាក់ ប្រកបដោយស្មារតីទទួលខុសត្រូវរបស់ ថ្នាក់ដឹកនាំ និងកងកម្លាំង នគរបាលជាតិគ្រប់លំដាប់ថ្នាក់ គឺជាសក្ខីកម្មឆ្លុះបញ្ចាំងឲ្យឃើញអំពីសុឆន្ទៈ មនសិការ និងការលះបង់កម្លាំង កាយចិត្ត ពេលវេលា សេចក្តីសុខផ្ទាល់ខ្លួន ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ធ្វើឲ្យព្រឹត្តិការណ៍នេះ សម្រេចបានជោគជ័យយ៉ាងត្រចះត្រចង់ ដោយបានលើកស្ទួយកិត្តិយស និងកិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ ព្រមទាំងទទួលបាននូវការគាំទ្រកោតសរសើរ លើកទឹកចិត្តដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងនាមអគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នាយឧត្តមសេនីយ៍ ស ថេត បានថ្លែងនូវការកោតសរសើរដោយស្មោះ និងជូនពរ ថ្នាក់ដឹកនាំ និងកងកម្លាំងនគរបាលជាតិទូទាំងប្រទស សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន សម្រេចបានជោគជ័យគ្រប់បេសកកម្មដែលរាជរដ្ឋាភិបាលប្រគល់ជូន ព្រមទាំងទទួលបាននូវពុទ្ធពរ ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕