(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយលោក វ៉ាង តុងចូវ (Wang Tongzhou) ប្រធានក្រុមហ៊ុន China Communications Construction Company (CCCC) នៅវិមានសន្តិភាព។
ក្នុងជំនួបនោះ, លោក វ៉ាង តុងចូវ បានសម្ដែងការពេញចិត្តយ៉ាងខ្លាំងចំពោះការផ្ដោតអាទិភាពខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា លើការសាងសង់ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានធានានូវបរិយាកាសវិនិយោគល្អ។
លោកបានគោរពរាយការណ៍ជូនសម្ដេចបវរធិបតី អំពីប្រតិបត្តិការអាជីកម្មរបស់ក្រុមហ៊ុន CCCC ដែលជាក្រុមហ៊ុនវិស្វកម្មចិនឈានមុខគេលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ការជីកស្តារព្រែកជីក ក៏ដូចជាប្រព័ន្ធស្រោចស្រពធំៗ ជាដេីម។ បច្ចុប្បន្ន ក្រុមហ៊ុនមានប្រតិបត្តិការអាជីវកម្ម នៅក្នុង ១៥៨ ប្រទេស ជុំវិញពិភពលោក។ លោកបានបន្តថា ក្រុមហ៊ុន China Road and Bridge Corporation (CRBC) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន CCCC ជាអ្នកទទួលបន្ទុកសាងសង់ព្រែកជីកហ្វូណនតេជោ។
លោក វ៉ាង តុងចូវ ក៏បានគោរពជម្រាបជូនសម្ដេចធិបតី អំពីវឌ្ឍនភាពនៃគម្រោងព្រែកជីកហ្វូណនតេជោ ដែលបានឈានដល់ការចុះកិច្ចព្រមព្រៀងលើឯកសារសំខាន់ៗសម្រាប់ការអនុវត្តគម្រោងនេះ ស្របពេលនៃដំណើរ ទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីចិន ស៊ី ជីនពីង នៅកម្ពុជា ព្រមទាំងបង្ហាញជំនឿយ៉ាងមុតមាំថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីចិន ស៊ី ជីនពីង នាពេលនេះ នឹងពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ ថែមទៀត។
ប្រធានក្រុមហ៊ុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជារដ្ឋាភិបាលចិន ដែលបានផ្តល់ការគាំទ្រយ៉ាងពេញលេញលើគម្រោងនេះ។
លោក វ៉ាង តុងចូវ ក៏បានគូសបញ្ជាក់ពីសុទិដ្ឋិនិយម នៃការអនុវត្តគម្រោង និងបានបង្ហាញនូវការប្ដេជ្ញាចិត្តយ៉ាងមុតមាំរបស់ក្រុមហ៊ុនក្នុងការសាងសង់ព្រែកជីកនេះឱ្យសម្រេចបានជោគជ័យ តាមផែនការដែលបានកំណត់ ប្រកបដោយគុណភាពខ្ពស់ និងជាគំរូមួយ។
ជាការឆ្លើយតប, សម្ដេចបវរធិបតី បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពរបស់ក្រុមហ៊ុន និងសម្ដែងការរីករាយចំពោះក្រុមហ៊ុន CRBC ដែលបានដេីរតួនាទីយ៉ាងសំខាន់ក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅកម្ពុជា ជាពិសេសគម្រោងព្រែកជីកហ្វូណនតេជោនេះ។
សម្ដេចបវរធិបតីក៏បានគូសបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល និងសារៈសំខាននៃព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងប្រវត្តិសាស្ត្ររបស់កម្ពុជា ដែលនឹងបើកសក្ដានុពលក្នុងការតភ្ជាប់ផ្លូវទឹក ពីទន្លេទៅកាន់សមុទ្រ និងពង្រីកសក្ដានុពលវិនិយោគក្នុងវិស័យឧស្សាហកម្ម កសិកម្ម ឡូជីស្ទីក និងអចលនទ្រព្យ ដែលនឹងជំរុញសន្ទុះកំណើនសេដ្ឋកិច្ចជាតិ ថែមទៀត។
មុនបញ្ចប់, សម្ដេចបវរធិបតី បានអបអរសាទរចំពោះការឯកភាពលើឯកសារកិច្ចព្រមព្រៀងសំខាន់ៗសម្រាប់ការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោនេះ និងជឿជាក់ថា គម្រោងនេះនឹងបញ្ចប់ការសាងសង់ដោយជោគជ័យតាមផែនការដែលបានគ្រោងទុក៕