(ភ្នំពេញ)៖ លោកសាស្រ្ដាចារ្យ ឈាង រ៉ា រដ្ឋមន្រ្ដីក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ បានទទួលជួបការសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកបណ្ឌិត LEE JOONG KEUN ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនប៊ូយ៉ុង ខ្មែរ II ខូ អិលធីឌី និងក្រុមការងារ នាទីស្តីក្រសួង។
ក្នុងជំនួបនេះធ្វើឡើងក្នុងគោលបំណងពិភាក្សាលើការសហការ និងការគាំទ្រដល់ការកិច្ចដំណើរការបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រគិលានុបដ្ឋាក នៃមហាវិទ្យាល័យគិលានុបដ្ឋាក វ៉ូជុងកម្ពុជា។
ក្នុងឳកាសនោះតំណាងក្រុមហ៊ុនប៊ូយ៉ុង ខ្មែរII ខូអិលធីឌី បានថ្លែងអំណរគុណដល់ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ដែលបានគាំទ្រ និងអនុញ្ញាតឲ្យមហាវិទ្យាល័យគិលានុបដ្ឋាក វ៉ូជុង កម្ពុជា អាចធ្វើការបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រគិលានុបដ្ឋាកដោយប្រើប្រាស់កម្មវិធីសិក្សាជាតិ និងកម្មវិធីសិក្សាកូរ៉េ រួមបញ្ចូលគ្នា។
ជាការឆ្លើយតបលោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានកោតសរសើរដល់ការខិតខំប្រឹងប្រែង ក្រុមហ៊ុនប៊ូយ៉ុង ខ្មែរII ខូអិលធីឌី តាមរយៈ មហាវិទ្យាល័យគិលានុបដ្ឋាក វ៉ូជុង កម្ពុជា ដែលបានបំពេញតាមនិយាមតម្រូវ ក្នុងការបើកដំណើរការ បណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល ដើម្បីរួមចំណេកផលិតធនធានមនុស្សផ្នែកគិលានុបដ្ឋាក។
សូមជម្រាបថាមហាវិទ្យាល័យនេះនឹងត្រូវធ្វើការបណ្តុះបណ្តាលយ៉ាងណា ឱ្យនិសិ្សតដែលបញ្ចប់ការសិក្សាមានសមត្ថភាពខ្ពស់ អាចប្រឡងចេញថ្នាក់ជាតិជាប់ក្នុងអត្រាខ្ពស់ រួមទាំងអាចប្រឡងយកអាជ្ញាបណ្ណប្រកបវិជ្ជាជីវៈ នៅប្រទេសកូរ៉េបាន។ និស្សិតដែលបញ្ចប់ការសិក្សា នៅមហាវិទ្យាល័យគិលានុបដ្ឋាក វ៉ូជុងកម្ពុជា នឹងមានឱកាសបន្តការសិក្សាកម្រិត បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត តទៅទៀតបាននៅប្រទេសកូរ៉េផងដែរ៕