(ភ្នំពេញ)៖ លោក កេីត ឆែ អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥នេះ បានកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍បាល់ទាត់មិត្តភាពសប្បុរសធម៌ ក្រោមមូលបទ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ» ដើម្បីអបអរសាទរខួបលើកទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។
ខួបលេីកទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៥ ក្រោមមូលបទ «រួមគ្នាស្មគ្រ័ចិត្តដេីម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់ និងអាកាសធាតុ»។
លោក កេីត ឆែ បានថ្លែងថា ក្រុមការងារផ្ការីកគ្រប់រដូវ និងក្រុមតារាកម្ពុជា ត្រូវរៀបចំធ្វេីស្ពតផ្សព្វផ្សាយ ហេីយតារាបាល់ទាត់ម្នាក់ៗរបស់យេីង ត្រូវធ្វេីការផ្សព្វផ្សាយតាមរយៈបណ្តាញសង្គមរៀងៗ គ្រប់ៗគ្នាឱ្យបានទូលំទូលាយពីការប្រកួត ឬហើយបើអាច មានការប្រគុំតន្ត្រីជាដេីម គឺធ្វេីម៉េចឱ្យមានការចាប់អារម្មណ៍ពីមហាជន ដើម្បីចូលទស្សនាព្រឹត្តិការណ៍នេះ។ ទាក់ទងសមាគមសិល្បៈករខ្មែរឱ្យចូលរួមបញ្ជូនក្រុមតារាល្បីៗមកសហការសម្តែង។
ព្រឹត្តិការណ៍បាល់ទាត់នេះ ទទួលបានការសម្រេចដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា។ នេះជាព្រឹត្តិការណ៍បាល់ទាត់មិត្តភាព ដេីម្បីមនុស្សធម៌ ដោយរៀបចំឱ្យមាន១ប្រកួត គឺក្រុមបាល់ទាត់ផ្ការីកគ្រប់រដូវ ជាមួយនឹងក្រុមតារាកម្ពុជា។ ការប្រកួតនេះគ្រោងនឹងដំណេីរការទៅ ក្រោមវត្តមានសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុសែន ប្រធានកាកបាទក្រហមកម្ពុជា ឬលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត។
អង្គប្រជុំត្រៀមរៀបចំការប្រកួតកីឡាបាល់ទាត់ខាងលើនេះ លោក កេីត ឆែ បានស្នេីសុំឱ្យសមាជិកអង្គប្រជុំយកស្មារតីនៃកិច្ចប្រជុំនេះ ទៅអនុវត្តតាមតួនាទី ភារកិច្ចរៀងៗខ្លួនឱ្យសម្រេចបានជោគជ័យ៕