(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥នេះ បានផ្ញើសារលិខិតរំលែកមរណទុក្ខផ្ញើជូន ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាព លោកស្រី អាំង គីមឈរ ដែលត្រូវជាម្តាយរបស់ ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ។
នៅក្នុងសារលិខិតសម្តេចបានបញ្ជាក់ដូច្នេះថា៖
«ខ្ញុំ និងភរិយា មានសេចក្ដីក្ដុកក្ដួលរំជួលចិត្តឥតឧបមា ដោយទើបបានទទួលដំណឹងថា លោកស្រី អាំង គីមឈរ ដែលត្រូវជាម្តាយរបស់ ឯកឧត្តម លោកបានទទួលមរណភាពនៅវេលាម៉ោង ១២:៣៨នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃព្រហស្បតិ៍ ៥រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ នៅទីក្រុង Nice ប្រទេសបារាំង ក្នុងជន្មាយុ៨៣ឆ្នាំ ដោយជរាពាធ។
ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ខ្ញុំ និងភរិយា សូមចូលរួមរំលែកទុក្ខ និងសម្តែងនូវក្តីសង្វេគប្រកបដោយអនិច្ចលក្ខណធម៌យ៉ាងជ្រាលជ្រៅ ព្រមទាំងសោកស្តាយ ស្រណោះអាឡោះអាល័យ ជាទីបំផុត។
ការបាត់បង់ លោកស្រី អាំង គីមឈរ គឺជាការបាត់បង់ម្តាយ ម្តាយក្មេក និងជីដូន ដែលមានព្រហ្មវិហារធម៌មិនចេះរីងស្ងួតចំពោះកូនៗ ចៅៗ និងញាតិមិត្តជិតឆ្ងាយជាទីស្រឡាញ់ ហើយក៏ ជាការបាត់បង់នូវពុទ្ធសាសនិកដ៏ល្អឆ្នើមមួយរូប ដែលតែងតែចូលរួមលើកតម្កើង និងទ្រទ្រង់ដល់ព្រះពុទ្ធ សាសនានៃយើងជារៀងរហូតមក។
ជាមួយគ្នានេះ ខ្ញុំ និងភរិយា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោកស្រី អាំង គីមឈរ ឆាប់បានយោនយកកំណើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ។
សូម ឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ទទួលនូវការរាប់អានដ៏ជ្រាលជ្រៅពីខ្ញុំ និងភរិយា»៕