(កំពត)៖ នាថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥នេះលោកស្រី ហ៊ុន ចាន់ធី ម៉ៅធនិន ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពត និងលោកស្រី អ៊ុន សុគន្ធា អនុប្រធានកិត្តិយសសាខាសមាគម និងជាអ្នកតំណាងរាស្ត្រមណ្ឌលកំពត បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់សាលារៀនមួយខ្នង មាន៦បន្ទប់ និងទីចាត់ការសាលារៀន១ខ្នង ដែលជាអំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពត ដែលមានទីតាំងស្ថិតនៅក្នុងភូមិតេជោពង្រក ឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត។
ក្នុងពិធីបញ្ចុបឋមសិលានោះ លោក សាន់ យ៉ា មេឃុំតេជោអភិវឌ្ឍន៍ បានលើកឡើងថា ទីតាំងភូមិសាស្ត្រនៃភូមិតេជោពង្រក គឺមានចម្ងាយឆ្ងាយពីតំបន់ប្រជុំជន ហើយក៏ជាកន្លែងដែលមានភាពស្មុគស្មាញជាងគេដែរ តែក្រោយពីបានរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្លូវរួចរាល់ឃើញថា មានភាពល្អប្រសើរមួយកម្រិត។
លោកមេឃុំបានបន្តថា ពាក់ព័ន្ធនឹងវិស័យអប់រំនៅតំបន់នេះ គឺពុំមានសាលារៀនសម្រាប់កូនអ្នកភូមិសិក្សារៀនសូត្រនោះទេ ដែលកន្លងមកពលរដ្ឋក្នុងភូមិ តែងតែបញ្ជូនកូនទៅរៀននៅតំបន់ប្រជុំជនឃុំតេជោអភិវឌ្ឍន៍ ដោយធ្វើការផ្ញើបងប្អូន ឬសាច់ញាតិ។ ក្រោយទទួលបានអំណោយជាអគារសិក្សាមួយខ្នងមាន៦បន្ទប់ និងអគារទីចាត់ការសាលា១ខ្នង ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា លោកសង្ឃឹមថា កូនពលរដ្ឋនៅតំបន់នេះ នឹងទទួលបាននូវការសិក្សាបានច្រើន ហើយមិនមានអ្នកត្រូវបញ្ជូនទៅឆ្ងាយនោះទេ។
លោកគ្រូ ប៉េន ប៊ុនណារិទ្ធ នាយកសាលាបឋមសិក្សាតេជោពង្រក បានឲ្យដឹងថា សាលាបានចាប់ផ្តើមកសាងនៅក្នុងឆ្នាំ២០២០ ដោយការរៀបចំឡើងដោយព្រះចៅអធិការវត្តព្រះនាម អ៊ុន សុភ័ក្ត្រ និងសប្បុរសជនមួយចំនួន។ ពេលនោះសាលាមានចំនួន៤បន្ទប់ ដោយធ្វើពីស័ង្កសី និងបាំងជញ្ជាំងលួស ហើយការបង្រៀន ក៏ដូចជាការសិក្សារបស់សិស្សជួបការលំបាកពេលដែលមានភ្លៀង មានខ្យល់ និងថ្ងៃក្តៅ។
អាជ្ញាធរឃុំប្រជាពលរដ្ឋ សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ នៃសាលាបឋមសិក្សា តេជោពង្រក បានសំដែងការសប្បាយរីករាយ និងថ្លែងអំណរគុណយ៉ាងខ្លាំងដល់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានផ្តល់អំណោយជាអគារសិក្សាមួយខ្នង និងអគារទីចាត់ការ១ខ្នង ដល់សាលា។ ពួកគាត់ថានឹងលែងមានកូនចៅពលរដ្ឋត្រូវយកទៅផ្ញើបងប្អូន ឲ្យសិក្សារៀនសូត្រនៅកន្លែងឆ្ងាយទៀតហើយ ម្យ៉ាងទៀតសិស្សអាចសិក្សាដោយមិនមានការលំបាកទៀតឡើយ។
សូមបញ្ជាក់ថា ភូមិតេជោពង្រក គឺជាភូមិមួយដែលដាច់ស្រយាល ហើយមានចម្ងាយឆ្ងាយពីទីប្រជុំជន ដោយមើលឃើញពីការលំបាករបស់សិស្សានុសិស្ស និងតាមការស្នើសុំរបស់អាជ្ញាធរស្រុក ឃុំ និងនាយកសាលា សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្តល់ជូននូវអគារសិក្សាមួយខ្នង មាន៦បន្ទប់ និងអគារទីចាត់ការ១ខ្នង តាមរយៈលោកស្រី ហ៊ុន ចាន់ធី ម៉ៅធនិន ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពត។
តាមរយៈការផ្តល់អគារសម្រាប់បម្រើលើវិស័យអប់រំ នៅតាមទីជនបទដាច់ស្រយាលនេះ បានបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់ពីសំណាក់ប្រមុខដឹកនាំប្រទេស សម្រាប់បណ្តុះបណ្តាលធនធានមនុស្សឲ្យមានគុណភាព ដើម្បីចូលរួមក្នុងការអភិវឌ្ឍប្រទេសជាតិ ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ និងគ្រប់ទីកន្លែង៕