(ភ្នំពេញ)៖ យុវវិស្វករ នៅ ឌីណា អនុប្រធាននាយកដ្ឋានផ្លូវល្បឿនលឿននៃក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានយុវវិស្វករកម្ពុជាប្រចាំតំបន់អាស៊ាន កាលពីពេលថ្មីៗនេះ​ត្រូវបានស្ថាប័នរាជបណ្ឌិតសភាវិស្វកម្ម និងបច្ចេកវិទ្យាអាស៊ាន(ASEAN Academy Engineering and Technology) ពិនិត្យ និងវាយតម្លៃ ព្រមទាំងប្រគល់ពានរង្វាន់បរិស្ថានស្អាត ជាលើកដំបូងប្រចាំប្រទេសកម្ពុជាសម្រាប់ឆ្នាំ២០២៤។

ការប្រកួតប្រជែងពានរង្វាន់នេះ មានការចូលរូមពីវិស្វករជាច្រើនរូបនៅក្នុងតំបន់អាស៊ាន មានទាំងវិស័យរដ្ឋ និងឯកជន ក្រោមការត្រួតពិនិត្យ និងវាយតម្លៃយ៉ាងយកចិត្តទុកដាក់លើបទពិសោធន៍ការងារលើវិស័យវិស្វកម្ម ការចែករំលែកចំណេះដឹង ការចូលរួមចំណែកលើការងារសង្គម ការងារយុវជន និងជាពិសេសការចូលរួមថែរក្សា ការពារបរិស្ថាន និងការដាំកូនឈើជាដើម។

ក្រោយពីការវាយតម្លៃលើបទពិសោធន៍ការងារ ការចូលរួមចំណែកដល់ការងារសង្គម និងបរិស្ថាននៅក្នុងប្រទេសកម្ពុជា ក៏ដូចជានៅក្នុងតំបន់អាស៊ាន ព្រមទាំងទទួលបានលទ្ធផលល្អពី ការពារនិក្ខេបបទរបស់យុវវិស្វករ នៅ ឌីណា ទើបស្ថាប័នរាជបណ្ឌិតសភាវិស្វកម្ម និងបច្ចេកវិទ្យាអាស៊ាន បានសម្រេចប្រគល់ពានរង្វាន់បរិស្ថានស្អាតប្រចាំប្រទេសកម្ពុជា សម្រាប់ឆ្នាំ២០២៤ ជូន។

ទន្ទឹមនឹងនោះកាលពីឆ្នាំ២០២២កន្លងមក យុវវិស្វករ នៅ ឌីណា ក៏បានទទួលពានរង្វាន់យុវវិស្វករឆ្នើមប្រចាំតំបន់អាស៊ានសម្រាប់ឆ្នាំ២០២២ ពីសហព័ន្ធវិស្វកម្មអាស៊ានផងដែរ ដែលនេះគឺជាមោទកភាពសម្រាប់ប្រទេសកម្ពុជា ដែលមានយុវជនខ្មែរដែលកើតចេញត្រកូលកសិករ និងឪពុកជាគ្រូបង្រៀនបានទទួលពានរង្វាន់ចំនួន២ប្រចាំតំបន់អាស៊ាន។ពានរង្វាន់នេះគឺជាផ្នែកមួយក្នុងការជួយជម្រុញ និងបណ្តុះស្មារតីរបស់យុវជនកម្ពុជាគ្រប់រូបឱ្យចូលរួមក្នុងការងារសង្គម និងបរិស្ថាន៕